ខេត្តកែប៖ នៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០មន្ទីររៀបចំដែនដីនគររូបបនីយកម្ម សំណង់ និងសុរិយោដីខេត្តកែប បានរៀបចំពិបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិច្ឆ័យក្បាលដី មានលក្ខណៈជាប្រព័ន្ធ នៅភូមិរនេស ឃុំពងទឹក ស្រុកដំណាក់ចង្អេីរ ក្រោមអធិបតីភាព លោក សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ។
លោក សុទ្ធ ពុទ្ធិម៉ានីន ប្រធាមន្ទីររៀបចំដែនដីនគររូបបនីយកម្ម សំណង់ និងសុរិយោដីខេត្តកែប បានលេីកឡេីងថាការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិច្ឆ័យក្បាលដី នៅពេលនេះពិតជាមានសារៈសំខាន់ណាស់ ដើម្បីធានាបាននូវទិន្នន័យអោយមានលក្ខណៈត្រឹមត្រូវ ស្របច្បាប់ដោយទុកឱកាសឱ្យបងប្អូនប្រជាពលរដ្ឋជាអ្នកកាន់កាប់ដី និងអ្នកពាក់ព័ន្ធទាំងឡាយធ្វើការជំទាស់តវ៉ាលើទិន្នន័យដែលមាននៅក្នុង ឯកសារវិនិច្ឆ័យរួមមាន ប្លង់សុរិយោដី និងបញ្ជីឈ្មោះអ្នកកាន់កាប់ដី។ ការជំទាស់តវ៉ាអាចធ្វើបានរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃប្រកាសផ្សាយថ្ងៃ២៥ ខែកញ្ញា ឆ្នាំ២០២០ និងបញ្ចប់នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៥ ល្ងាច ហើយក្នុងរយៈពេល១៥ថ្ងៃនេះ គណៈកម្មការរដ្ឋបាល និងមន្ត្រីសុរិយោដី នឹងនៅប្រចាំការរាល់ថ្ងៃ ទាំងថ្ងៃឈប់សម្រាក និងថ្ងៃបុណ្យផ្សេងៗ ដើម្បីរងចាំពន្យល់ទិន្នន័យទាំងឡាយ ទទួពាក្យបណ្ដឹងដោះស្រាយការតវ៉ា និងវិវាទផ្សេងៗ តាមការព្រមព្រៀង។ បន្ទាប់ពីលទ្ធផលនៃការបិទផ្សាយរយៈពេល១៥ថ្ងៃ យើងនិងទទួលបាននូវទិន្នន័យត្រឹមត្រូវ សម្រាប់ការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនបងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកកាន់កាប់ដីក្នុងភូមិរនេស និងភូមិព្រៃតាកុយ នៅពេលខាងមុខ។
លោកប្រធានមន្ទីររៀបចំដែនដីនគររូបបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានឱ្យដឹងដែរថា ការបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិច្ឆ័យក្បាលដី មានលក្ខណៈជាប្រព័ន្ធ នៅភូមិរនេស ឃុំពងទឹក ស្រុកដំណាក់ចង្អេីរ ខេត្តកែប មានក្បាលដីសរុបចំនួន ១,៤២៧ ក្បាលដី។
លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានមានប្រសាសន៍ថា ការបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិច្ឆ័យក្បាលដីនៅពេលនេះ បានឆ្លុះ បញ្ចាំងអោយឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រហូតឈានដល់ការចេញប័ណ្ណកម្មសិទ្ធិដីធ្លី ស្របច្បាប់ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែកដល់ការពង្រឹងយុត្តិធម៌ និងស្ថេរភាពសង្គម។
លោកបន្តថា ការអនុវត្តនីតិវិធិ នៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ យើងបានប្រើប្រាស់នូវបច្ចេកទេសខ្ពស់ ដែលរួមមាន រូបថតពីលើអាកាស ការវាស់វែងដោយម៉ាស៊ីនស្វ័យប្រវត្តិ ព្រមទាំងការផ្ទុកទិន្នន័យ និងការគូរប្លង់សុរិយោដីដោយកុំព្យូទ័រ។ ទាំងនេះជាសក្ខីភាពសម្រាប់ជាភស្តុតាងនៃភាពត្រឹមត្រូវ និងការឯកភាពគ្នាលើទិន្នន័យ ដែលមន្ត្រីជំនាញសុរិយោដីបានស្រង់ ហើយលទ្ធផលដែលទទួលបានត្រូវប្រើប្រាស់សម្រាប់ចេញ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនអ្នកកាន់កាប់ដីធ្លី ដែលជាការរួមចំណែកកាត់បន្ថយជម្លោះដីធ្លី កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយ ចីរភាព និងសុខុមាលភាព។ លោក អភិបាលខេត្ត បញ្ជាក់ថា ការមកពិនិត្យ ការបិទផ្សាយការវិច្ឆ័យក្បាលដីនេះគឺមិនមានការបង់ប្រាក់ឡេីយ ហេីយក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ បន្តជួយផ្សាយដល់ប្រជាពលរដ្ឋ ដែលមានដីនៅភូមិរនេស និងភូមិព្រៃតាកុយ អញ្ជើញមកពិនិត្យទិន្នន័យ ឱ្យបានគ្រប់ៗគ្នា ព្រោះការបិទផ្សាយនេះមានរយៈពេល១៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃប្រកាសបិទផ្សាយ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ ខាងមុខនេះ៕
ដោយ៖ សិលា