ភ្នំពេញ៖ ចាប់ពីថ្ងៃទី២៧ -២៩ ខែកញ្ញា ខេត្តជាប់មាត់សមុទ្រ ដែលលើផ្ទៃសមុទ្រ អាចមានភ្លៀង ខ្យល់បក់ខ្លាំង ផ្គរ រន្ទះ និងរលកសមុទ្រខ្ពស់ៗ។ នេះបើយោងតាម
សេចក្តីជូនដំណឹងបន្ថែម ស្តីពី ស្ថានភាពធាតុអាកាស របស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២០។
យោងការតាមដានជាប់ជាបន្ត សង្កេតឃើញថា ស្ថានភាពធាតុអាកាសមានការវិវត្តប្រែប្រួល រហ័ស ដោយប្រព័ន្ធសម្ពាធទាប បានរំកិលអូស បន្លាយឆ្លងកាត់លើភាគខាងជើងប្រទេសថៃ ប្រទេសឡាវ និងភាគកណ្តាលប្រទេសវៀតណាម។ នៅថ្ងៃបន្តបន្ទាប់នេះ ប្រព័ន្ធសម្ពាធទាប នឹងរំកិលចុះមកក្រោមឆ្លងកាត់លើភាគខាងជើងព្រះរាជាណាចក្រកម្ពុជា ។
លក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ២៧ -២៩ ខែកញ្ញា មានស្ថានភាពដូចខាងក្រោម ៖
ភ្លៀងនឹងបង្កើនការធ្លាក់រាយប៉ាយ និងកើនឡើងជាលំដាប់ ស្ទើរក្របខណ្ឌទូទាំងប្រទេស ជាពិសេស នៅតំបន់ភាគពាយ័ព្យជាប់ប្រទេសថៃ និងខេត្តជាប់មាត់សមុទ្រ ដែលលើផ្ទៃសមុទ្រ អាចមានភ្លៀង ខ្យល់បក់ខ្លាំង ផ្គរ រន្ទះ និងរលកសមុទ្រខ្ពស់ៗ ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន ជ្រាបជាព័ត៌មាន ជាពិសេស ប្រជាពលរដ្ឋរស់នៅទីទំនាប ក្បែរផ្លូវទឹក ជាប់តំបន់ភ្នំ និងអ្នកនេសាទ អ្នកដំណើរសមុទ្រ សូមប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់នានា ដែលអាចកើតឡើងដោយបាតុភូតធាតុអាកាសនេះ ៕
ដោយ៖ សុខ ខេមរា