ខេត្តប៉ៃលិន៖ ឆ្លៀតក្នុងឱកាសបំពេញបេសកកម្មក្នុងខេត្តប៉ៃលិន ប្រតិភូគណៈកម្មការទី៧ នៃរដ្ឋសភា ដឹកនាំដោយ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការ បានចុះជួបសំណេះសំណាល សួរសុខទុក្ខ កងកម្លាំងការពារព្រំដែន ចំនួនសរុបប្រមាណជា ៤៥២នាក់ នៅទីបញ្ជាការវរៈសេនាតូចលេខ១ នារសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០។
លោកប្រធានគណៈកម្មការ បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ សម្តេចប្រធានរដ្ឋសភា និងការនឹករលឹកជាពិសេសពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះកងកម្លាំងទាំងអស់ ហើយក៏ឆ្លៀតឱកាសសម្តែងនូវការគោរពដឹងគុណ និងថ្លែងអំណរគុណចំពោះកងកម្លាំងទាំងអស់ ដែលបានបំពេញភារកិច្ច យ៉ាងសកម្ម និងស្វិតស្វាញបំផុត ក្នុងការការពារជាតិ ការពារបូរណភាពទឹកដី។
ប្រតិភូនៃគណៈកម្មការទី៧ បានវាយតម្លៃខ្ពស់ចំពោះ ការបំពេញបេសកកម្មដ៏ឧត្តុងឧត្តមរបស់កងកម្លាំង ដែលបាននិងកំពុងការពារនៅតាមបណ្តោយព្រំដែន ជាពិសេសក្នុងតំបន់ប្រតិបត្តិការសឹករងបៃលិន។ ការលះបង់របស់កងកម្លាំងទាំងអស់បានធ្វើអោយកម្ពុជាអាចរក្សាសុខសន្តិភាព និងបានអនុញ្ញាតឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស អាចរស់នៅប្រកបដោយភាពសុខដុម មិនមានភាពភ័យខ្លាចពីបញ្ហាអសន្តិសុខ ហើយក៏អនុញ្ញាតឲ្យរាជរដ្ឋាភិបាលអាចផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងដឹកនាំប្រទេសជាតិទៅរកការអភិវឌ្ឍជាបន្តបន្ទាប់៕
ដោយ៖ សិលា