ក្រោយមេដឹកនាំប្រឆាំង អះអាងថា៖ ខ្លួន​មាន​សំឡេង​គ្រប់គ្រាន់​បង្កើត​រដ្ឋាភិបាល​ម៉ាឡេស៊ី​ថ្មី​ ,ប៉ុន្តែលោកនាយករដ្ឋមន្រ្តី ថាការអះអាង​នេះ​ប្រហែល​គ្រាន់​ជា​សារ​នយោបាយ​ប៉ុណ្ណោះ​

ចែករំលែក៖

អន្តរជាតិ៖ បន្ទាប់ពីមេដឹកនាំបក្សប្រឆាំងលោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលអះអាងថា៖លោកបានប្រមែប្រមូលសំឡេងគាំទ្រគ្រប់គ្រាន់ក្នុងសភាដើម្បីបង្កើតរដ្ឋាភិបាលថ្មីហើយ ប៉ុន្តែតាមការបញ្ជាក់ពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មូហ៊ីឌី យ៉ាស៊ីន បានលើកឡើងថា ការអះអាងនេះប្រហែលគ្រាន់ជាសារនយោបាយប៉ុណ្ណោះ

តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Bernama បាននិយាយថា លោក មូហ៊ីឌី យ៉ាស៊ីន និយាយប្រាប់អ្នកគាំទ្រនៅរដ្ឋ Sabah នៅថ្ងៃទី២៥ ខែកញ្ញា ម្សិលមិញនេះថា លោក អាន់វ៉ា អ៊ីប្រាហ៊ីម ពុំបានបញ្ជាក់ច្បាស់ពីចំនួនសមាជិកសភា ដែលគាំទ្រលោកឡើយ ដោយលោកប្រាប់ឲ្យរង់ចាំសិន តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Bernama លោកនាយករដ្ឋមន្ត្រីអះអាងថា«​តែរហូតមកដល់ថ្ងៃនេះ ខ្ញុំខ្លួនឯងក៏ពុំដឹងពីចំនួន ហើយការអះអាងរបស់លោក ប្រហែលជាពិត មិនពិត​»​

សូមជម្រាបថា កាលពីថ្ងៃទី ២៣ ខែកញ្ញាកន្លងទៅ លោក អាន់វ៉ា ដែលជាប្រធានសម្ព័ន្ធភាពបក្សប្រឆាំង Pakatan Harapan បានប្រកាសថាលោកទទួលបានសំឡេងគាំទ្រជិតភាគនៃសមាជិកសភាសរុបរបស់ម៉ាឡេស៊ីដែលមាន២២២នាក់ ត្រង់ចំណុចនេះ លោកបានសង្កត់ធ្ងន់ថា ការទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ពីសំណាក់សមាជិកសភាម៉ាឡេស៊ីបែបនេះ មានន័យថា រដ្ឋាភិបាលបច្ចុប្បន្នដែលដឹកនាំដោយនាយករដ្ឋមន្ត្រី មូហ៊ីឌី យ៉ាស៊ីន បានដួលរលំហើយ

ទោះបីយ៉ាងណា លោក មូហ៊ីឌី បានលើកឡើងថា សមាជិកសភានៃបក្សអង្គការជាតិម៉ាឡេរួបរួម (UMNO) ខ្លះ ដែលធ្លាប់អះអាងថាគាំទ្រលោក អាន់វ៉ា ក៏បានបដិសេធគាំទ្រលោកវិញផងដែរ បន្ថែមពីនេះ លោកសង្កត់ធ្ងន់ថា ប៉ុន្មានថ្ងៃក្រោយការប្រកាសលោក អាន់វ៉ា  សមាជិកសភាបក្ស UMNO ជាច្រើន បានចេញសេចក្តីថ្លែងការណ៍ច្រានចោលថា ពួកគេពុំស្ថិតក្នុងបញ្ជីគាំទ្រលោកអាន់វ៉ាឡើយម្ល៉ោះហើយទើបលោកសង្ស័យថានេះប្រហែលជាសារនយោបាយប៉ុណ្ណោះ

ជាក់ស្តែងលោក អាន់វ៉ា កាលពីថ្ងៃទី ២២ ខែកញ្ញាកន្លងទៅ បានកំណត់ពេលចូលគាល់មហាក្សត្រម៉ាឡេស៊ីដើម្បីជជែកពិភាក្សារឿងបង្កើតរដ្ឋាភិបាលថ្មី តែការណាត់ជួបនេះត្រូវបានលុបចោលវិញ ព្រោះតែស្ដេចប្រឈួន ហើយត្រូវបញ្ជូនទៅមន្ទីរពេទ្យ យ៉ាងណាមិញ ខាងរាជវាំងម៉ាឡេស៊ី នោថ្ងៃទី ២៥ ខែកញ្ញា បានប្រកាសថា ស៊ុលតង់ អាប់ឌុលឡា នឹងមិនអាចយាងជួបនរណាម្នាក់បានឡើយក្នុងពេលសប្តាហ៍នេះ ខណៈទ្រង់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ

គួរបញ្ជាក់ថា លោក មូហ៊ីឌី បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីក្នុងខែមីនា ក្រោយជាប់គាំងនយោបាយមួយសប្តាហ៍ពេញ នៅពេលលោក មហាធៀ បានសម្រេចលាលែងពីតំណែង កាលនោះ លោក មហាធៀ បានសម្រេចដើរចេញបែបនេះ ក្រោយលោកមិនពេញចិត្តនឹងអ្នកនយោបាយក្នុងសម្ព័ន្ធភាព Pakatan Harapan ដែលបានប៉ុនប៉ងបង្កើតរដ្ឋាភិបាលថ្មីមួយ ជាមួយ UMNO ដែលជាអតីតបក្សកាន់អំណាចចាញ់ឆ្នោតឆ្នាំ២០១៨ របស់លោក ណាជីប រ៉ាហ្សាក់ ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print