នាយករដ្ឋមន្ត្រីថ្មីជប៉ុន បានប្រកាសថា លោកបានត្រៀមខ្លួនដើម្បីជួបពិភាក្សាជាមួយមេដឹកនាំកូរ៉េខាងជើង ដើម្បី បង្កើនទំនាក់ទំនងទ្វេភាគី ដោយគ្មានលក្ខខណ្ឌណាមួយនោះឡើយ ។
នៅក្នុងសារ«វីដេអូ» ដែលផ្ញើទៅកាន់មហាសន្និបាទអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២៥ខែកញ្ញា នាយករដ្ឋមន្ត្រីជប៉ុនលោកYoshihide Suga បានប្រកាសថា លោកបានត្រៀមលក្ខណៈរួចរាល់ដើម្បីជួបពិភាក្សាជាមួយ គីមជុងអ៊ុនដោយគ្មានលក្ខខណ្ឌ។
លោកYoshihide Suga បានបញ្ជាក់នៅក្នុងឃ្លីបវីដេអូផ្ញើទៅកាន់មហាសន្និបាទអង្គការសហប្រជាជាតិលើកទី៧៥ ដោយលោកបានបញ្ជាក់ថា«ក្នុងនាមជានាយករដ្ឋមន្ត្រីជប៉ុន ខ្ញុំបានត្រៀមខ្លួនជួបពិភាក្សា ជាមួយមេដឹកនាំកូរ៉េខាងជើង គីមជុងអ៊ុន គ្រប់ពេល ដោយគ្មានលក្ខខណ្ឌ។
នាយករដ្ឋមន្ត្រី Yoshihide Suga បានបញ្ជាក់ថា នឹងបង្កើនទំនាក់ទំនងដែលមានលក្ខណៈស្ថាបនា រវាងជប៉ុននិងកូរ៉េខាងជើង ដើម្បីផលប្រយោជន៍ទាំងសង្ខាង និងចូលរួមថែរក្សាសន្តិភាព សន្តិសុខនៅក្នុងតំបន់។
បច្ចុប្បន្ន កូរ៉េខាងជើង និងជប៉ុន មិនទាន់មានទំនាក់ទំនងការបរទេស ប៉ុន្តែប្រទេសទាំងពីរនៅតែរក្សាទំនាក់ទំនង ពិភាក្សាគ្នា លើបញ្ហាមួយចំនួន។ រដ្ឋាភិបាលទីក្រុងតូក្យូក៏បានបង្ហាញពីក្តីបារម្ភពីកម្មវិធីបរមាណូ និងមីស៊ីលរបស់កូរ៉េខាងជើង៕