ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) លោក Thomas Bach បានប្រកាសថា ព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូនឹងប្រព្រឹត្តទៅនៅឆ្នាំក្រោយ បើទោះមិនមានវ៉ាក់សាំងការពារជំងឺឆ្លងកូវីដ-១៩ និងមានបញ្ហាប្រឈមដោយសារវិបត្តិជំងឺឆ្លងមួយនេះក៏ដោយ។
លោក Thomas Bach បានធ្វើការប្តេជ្ញានៅក្នុងកិច្ចប្រជុំតាមវីដេអូជាមួយអ្នករៀបចំកម្មវិធីកីឡាអូឡាំក្រុងតូក្យូឆ្នាំ២០២០ របស់ម្ចាស់ផ្ទះជប៉ុនដោយលោកសង្ឃឹមយ៉ាងមុតមាំថា ព្រឹត្តិការណ៍កីឡាលំដាប់ពិភពលោកដែលត្រូវបានពន្យារពេលទៅឆ្នាំ២០២១នេះ នឹងដំណើរការទៅមុខដោយជោគជ័យ ទោះជំងឺរាតត្បាតសកលមិនមានភាពមិនច្បាស់លាស់ក្នុងការគ្រប់គ្រងក៏ដោយ។
ប្រធាន IOC រូបនេះបានបន្តថា “យើងឃើញថា កីឡាកំពុងវិលត្រឡប់មកវិញបន្តិចម្តងៗ ប៉ុន្តែច្បាស់ណាស់ ព្រឹត្តិការណ៍កីឡាធំៗ មួយចំនួនបានរៀបចំដោយជោគជ័យនាពេលថ្មីៗនេះ រួមទាំងការប្រកួតក្នុងលីគជប៉ុនគ្រប់កម្មវិធីទៀតផង។ ចំណែកកម្មវិធី Tour de France និងព្រឹត្តិការណ៍ផ្សេងៗទៀត ក៏បានបង្ហាញដល់យើង និងពិភពលោកថាអាចរៀបចំបានប្រកបដោយសុវត្ថិភាពផងដែរ ទោះបីគ្មានវ៉ាក់សាំងក៏ដោយ”។
ប្រធានគ្រប់គ្រងអូឡាំពិកពិភពលោកសញ្ជាតិអាល្លឺម៉ង់លោក ThomasBach បានបន្ថែមថា បើវ៉ាក់សាំង និងវឌ្ឍនភាពក្នុងការសាកល្បងអាចកើតឡើងទាន់ពេល នោះនឹងជួយសម្រួលដល់ការរៀបចំព្រឹត្តិការណ៍នេះឲ្យកាន់តែអស្ចារ្យថែមទៀត។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាក្រុងតូក្យូឆ្នាំ២០២០ត្រូវពន្យារពេលមួយឆ្នាំ ដោយសារវិបត្តិកូវីដ-១៩រាតត្បាតខ្លាំង ដែលបានសម្លាប់មនុស្សរាប់លាននាក់ពាសពេញពិភពលោក។ តាមការគ្រោងគ្រោងទុកព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០២០ នឹងចាប់ផ្តើដំណើរការពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ តទៅ៕ ដោយ៖ភារៈ