ភ្នំពេញ៖ កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃក្រសួងមហាផ្ទៃ សហការជាមួយសមត្ថកិច្ចមូលដ្ឋាន បានឃាត់ខ្លួនមនុស្សស្រី៨នាក់ដែលសង្ស័យថាបានបង្កប់ឲ្យមានការជួញដូរផ្លូវភេទជាមួយភ្ញៀវក្នុងបារបារាំងមួយកន្លែង។
ការចុះបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង៨:៤០នាទីយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងហាងមួយកន្លែងយីហោ “ហាន់នីហាន់នី បារ ( Honey Honey Bar )ជិតផ្សារសូរិយ៉ាម៉ល ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥១ កែងផ្លូវលេខ ១៧២ ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីនគរបាលបានឱ្យដឹងទៀតថា នៅមុនពេលឈានដល់ការចុះបង្ក្រាបនៅទីតាំងនេះ កម្លាំងនគរបាលជំនាញ បានធ្វើការស្រាវជ្រាវឃើញថាទីតាំងខាងលើនេះបើកភោជនីយដ្ឋានបារ មានបង្កប់បម្រើសេវាផ្លូវភេទ លុះដល់វេលាម៉ោងកេីតហេតុទេីបកម្លាំងជំនាញចុះប្រតិបត្តិការឆ្មក់ចូលទីតាំងនេះធ្វេីការហ៊ុមព័ទ្ធដេីម្បីត្រួតពិនិត្យតែម្ដង ។
តាមប្រភពព័ត៌មានពីជនរងគ្រោះបានឱ្យដឹងថា ជារៀងរាល់ថ្ងៃទីតាំងហាងនេះបានបើករកស៊ីចាប់ពីម៉ោង៦ល្ងាចរហូតដល់ម៉ោង៦ព្រឹក ដោយភ្ញៀវខ្លះចូលផឹកស៊ី និងភ្ញៀវខ្លះចូលមករកសេវាផ្លូវភេទតែម្ដង។
សូមបញ្ជាក់ផងដែរថា ក្រោយចប់ប្រតិបត្តិការ ទីតាំងខាងលើនេះត្រូវបានបិទជាបណ្ដោះអាសន្ន ដើម្បីរង់ចាំគោលការណ៍ជាថ្មី។
ក្រោយពេលបញ្ចប់ប្រតិបត្តិការនេះ កម្លាំងនគរបាលបានឃាត់ខ្លួនមនុស្សស្រី៨នាក់ ក្នុងនោះ(អនីតិជន៣នាក់) និងដកហូតវត្ថុតាងរួមមានស្រោមអនាម័យប្រើរួច និងមិនទាន់ប្រើប្រាស់មួយចំនួនផងដែរ បាននាំយកមកការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីបន្តការសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់៕ ដោយ ៖ រ៉ារ៉ា