បច្ចុប្បន្នបណ្តាតំណាងរាស្ត្រនូវែលហ្សេឡង់បានខិតខំប្រកួតប្រជែងស្វែងរកការគាំទ្រសម្រាប់ការបោះឆ្នោតសភាដែលត្រូវធ្វើឡើងនៅថ្ងៃទី១៧ខែតុលាឆ្នាំ២០២០ខាងមុខ។ ពេលនេះគណបក្សកាន់អំណាចរបស់លោកស្រីJacinda Adern និងគណបក្សប្រឆាំងរបស់លោកស្រី Judith Collins មានប្រៀប នៅក្នុងការស្ទង់មតិសម្រាប់ការបោះឆ្នោតនោះ។
ក្នុងចំណោមគណបក្សនាំមុខទាំងពីរ ខាងលើ គឺគណបក្សកាន់អំណាចទទួលបានការគាំទ្រខ្ពស់ពីពលរដ្ឋដោយសារតែទទួលបានជោគជ័យនៅក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងការឆ្លងរាលដាលកូវីដ-១៩។ ទំនុកចិត្តរបស់ពលរដ្ឋនូវែលហ្សេឡង់បានផ្តល់ទៅឲ្យនាយករដ្ឋមន្ត្រី Jacinda Adern ។
នាយករដ្ឋមន្ត្រីJacinda Adern ទទួលបានការគោរពស្រឡាញ់និងសរសើរយ៉ាងខ្លាំងពីពលរដ្ឋ ដោយសារការដឹកនាំបានយ៉ាងល្អបំផុត ពិសេសគឺការគ្រប់គ្រងការឆ្លងរាលដាលកូវីដ-១៩ ។ ក្នុងរយៈពេលជាង១០០ថ្ងៃ នូវែលហ្សេឡង់មិនមានករណីឆ្លងម្នាក់ណាឡើយ ខណៈពិភពលោកកំពុងឆ្លងរាលដាលយ៉ាងខ្លាំងនោះ។
ទាំងនោះហើយបានជាលោកស្រី Jacinda Adern មិនត្រឹមតែទទួលបានការស្រឡាញ់គាំទ្រពីពលរដ្ឋក្នុងប្រទេសនោះឡើយ សូម្បីតែសហគមន៍អន្តរជាតិ ក៏សរសើរដល់ការដឹកនាំប្រទេសយ៉ាងល្អ យកចិត្តទុកដាក់ដល់សុខទុក្ខរបស់ពលរដ្ឋដែរ។
តាមការស្ទង់មតិរបស់News Colmar Brunton បានបង្ហាញឲ្យឃើញថា គណបក្សកាន់អំណាចនាំមុខដាច់ឆ្ងាយសម្រាប់ការបោះឆ្នោតនាពេលខាងមុខ គឺទទួលបានការគាំទ្ររហូតដល់ទៅ ៤៨ភាគរយ។ ចំណែកគណបក្សប្រឆាំង វិញទទួលបានការគាំទ្រតែ៣១ភាគរយប៉ុណ្ណោះ ៕