រដ្ឋាភិបាលរបស់ប្រធានាធិបតី វេណេហ្ស៊ុយអេឡា លោក Nicolas Maduro បានផ្តល់មាសដើម្បីដោះដូរជាមួយអុីរ៉ង់ក្នុងការជួយដល់ប្រទេសនេះក្នុងវិស័យថាមពលប្រេង។
តាមសារព័ត៌មាន Bloomberg បានផ្សាយថា គ្រាន់តែនៅក្នុងខែមេសា វេណេហ្ស៊ុយអេឡាបានចំណាយមាសអស់៩តោន មានតម្លៃប្រមាណ៥០០លានដុល្លារអាមេរិក បញ្ជូនទៅកាន់អុីរ៉ង់ ដើម្បីដោះដូរជាមួយនិងក្រុមជំនាញក្នុងវិស័យប្រេង មកជួយដល់វេណេហ្ស៊ុយអេឡាដំណើរការរោងចក្រប្រេងឡើងវិញ។
មេបញ្ជាការកងទ័ពបដិវត្តន៍អ៊ិស្លាមអុីរ៉ង់ (IRGC) បានប្រកាសឲ្យដឹងថាកាលពីចុងសប្តាហ៍កន្លងមក អុីរ៉ង់ទទួលបានមាសពីវេណេហ្ស៊ុយអេឡា ជាការដោះដូរជាមួយថាមពលដែលអុីរ៉ង់បញ្ជូនទៅកាន់វេណេហ្ស៊ុយអេឡា។
ឧត្តមសេនីយ៍ Yahya Safavi បានបញ្ជាក់ថា អុីរ៉ង់បានដឹកជញ្ជូនមាសពីវេណេហ្ស៊ុយអេឡាមកកាន់ប្រទេសរបស់ខ្លួនតាមយន្តហោះដើម្បីបញ្ចៀសការរារាំងពីបណ្តាប្រទេសលោកខាងលិច ក្នុងនោះមានអាមេរិកជាដើម។
ក្រៅពីជួសជុលរោងចក្រប្រេងនិងកង្វះថាមពលប្រេង អុីរ៉ង់ក៏បានផ្តល់ជំនួយទំនិញជាច្រើនបន្ថែមទៀត ដល់វេណេហ្ស៊ុយអេឡាផងដែរ ។ សារព័ត៌មានBloomberg បានផ្សាយថា កាលពីដើមសប្តាហ៍កន្លងមក នាវាដឹកទំនិញ Honey បានចូលដល់កំពង់ផែJose របស់វេណេហ្ស៊ុយអេឡា ។
ដោយសារតែការដាក់ទណ្ឌកម្មរបស់អាមេរិកបានធ្វើឲ្យបណ្តាក្រុមហ៊ុន និង ប្រទេសជាច្រើនមិនហ៊ានរកស៊ីជាមួយវេណេហ្ស៊ុយអេឡា ដោយខ្លាចរងការដាក់ទណ្ឌកម្មពីអាមេរិក។ ចំណែកអុីរ៉ង់ក៏រងការដាក់ទណ្ឌកម្មពីអាមេរិកដូចគ្នាដែរ ដូច្នេះអុីរ៉ង់មិនមានអ្វីត្រូវខ្លាចអាមេរិកទៀតឡើយ៕