អន្តរជាតិ៖ រដ្ឋមន្ត្រីក្រសួងការបរទេសលោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន កូរ៉េខាងត្បូងនិងម៉ុងហ្គោលីនៅសប្តាហ៍ក្រោយនេះ ដោយផ្តោតសំខាន់លើបញ្ហាប្រឈមនានាជាមួយប្រទេសចិន និងកូរ៉េខាងជើង។ នេះបើតាមការអះអាងពីក្រសួងការបរទេសអាមេរិក បានប្រកាសកាលពីថ្ងៃអង្គារទី២៩ ខែកញ្ញាម្សិលមិញនេះ ។
បើតាមសារព័ត៌មាន CNA នៅថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២០ បានដកស្រង់ពីក្រសួងការបរទេសអាមេរិក បានបញ្ជាក់ថា នេះគឺជាដំណើរទស្សនកិច្ចជាលើកដំបូង របស់មន្ត្រីជាន់ខ្ពស់អាមេរិករូបនេះទៅកាន់ទីក្រុងតូក្យូ ចាប់តាំងពីលោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ (Suga Yoshihide) បានចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសជប៉ុន កាលពីថ្ងៃទី១៦ ខែកញ្ញា ជំនួសនាយករដ្ឋមន្ត្រីជើងចាស់លោក អាបេ ស៊ីនហ្សូដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់ទីក្រុងវ៉ាស៊ីនតោន។ នៅថ្ងៃទី០៦ ខែតុលាខាងមុខ លោក ប៉ុមប៉េអូ នឹងបើកកិច្ចប្រជុំពហុភាគីជាមួយភាគីអូស្រ្តាលី ឥណ្ឌា និងជប៉ុន នៅទីក្រុងតូក្យូ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការនៅចំពោះមុខ ការកើនឡើងឥទ្ធិពលរបស់ប្រទេសចិននៅក្នុងតំបន់។
រដ្ឋមន្ត្រីក្រសួងការបរទេសរូបនេះ គឺជាអ្នករិះគន់ឥតសំចៃមាត់លើរដ្ឋាភិបាលទីក្រុងប៉េកាំង ជុំវិញបញ្ហាជាច្រើនដូចជា សន្តិសុខ និងសិទ្ធិមនុស្ស ព្រមទាំងបញ្ហារីករាលដាលនៃជំងឺរាតត្បាតសកល COVID-19 ដែលរដ្ឋបាលលោក ដូណាល់ ត្រាំ បានចោទប្រកាន់ទីក្រុងប៉េកាំងថា ជាអ្នកនៅពីក្រោយ។ បន្ថែមពីនេះលោក ម៉ៃក៍ ប៉ុមប៉េអូ ក៏បានដឹកនាំយុទ្ធនាការអន្តរជាតិ ដើម្បីដាក់សម្ពាធទៅលើរដ្ឋាភិបាលទីក្រុងប៉េកាំង ជាពិសេសក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិនផងដែរ។
ដោយឡែកសម្រាប់ដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូងវិញ លោករដ្ឋមន្ត្រីក្រសួងការបរទេសរូបនេះ នឹងផ្តោតសំខាន់លើបញ្ហាជាមួយប្រទេសកូរ៉េខាងជើង ដែលជាអាទិភាពនៃគោលនយោបាយការបរទេសរបស់លោក ត្រាំ ខណៈដែលលោកស្វែងឱកាស ដើម្បីឈ្នះការបោះឆ្នោតមួយអាណត្តិទៀត។ អតីតអ្នកដឹកនាំ CIA រូបនេះក៏ធ្លាប់បានធ្វើដំណើរចំនួន ០៤លើកទៅកាន់ប្រទេសកូរ៉េខាងជើងកាលពីឆ្នាំ២០១៨ ក្នុងក្តីសង្ឃឹមផ្សាភ្ជាប់នូវទំនាក់ទំនងឡើងវិញ ជាមួយប្រទេសសត្រូវមួយនេះ ប៉ុន្តែក្រោយមកបានប្រែជាស្រពិចស្រពិលទៅវិញ។
សូមបញ្ជាក់ថា នៅថ្ងៃទី០៧ ខែតុលា ខាងមុខនេះ លោក ម៉ៃក៍ ប៉ុមប៉េអូ នឹងក្លាយជារដ្ឋមន្ត្រីការបរទេសអាមេរិកដំបូងគេ គិតចាប់តាំងពីឆ្នាំ២០១៦ ដែលនឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសម៉ុងហ្គោលី ដើម្បីផ្សាភ្ជាប់ទំនាក់ទំនង ដោយសារតែប្រទេសមួយនេះស្ថិតនៅចន្លោះប្រទេសចិន និងរុស្ស៊ី។
ជាក់ស្តែងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ លោក ប៉ុមប៉េអូ ហាក់ធ្វើដំណើរចេញទៅក្រៅប្រទេសជាញឹកញាប់ក្រោយស្ថានការណ៍ក្តៅនៃជំងឺCOVID-19 បានថយចុះបន្តិច។ លោក ប៉ុមប៉េអូ នឹងធ្វើដំណើរទៅបណ្តាប្រទេសនៅទ្វីបអាស៊ី បន្ទាប់ពីបិទបញ្ចប់ដំណើរទស្សនកិច្ចទៅប្រទេសក្រិក អ៉ីតាលី និងក្រូអាត ដែលស្ថិតនៅទ្វីបអឺរ៉ុប៕ដោយ៖ស តារា