រថយន្តកាមរីហាយប៊្រីដ បើកមិនប្រកាន់ស្ដាំបុកម៉ូតូរងរបួសនារីអ្នកជិះធ្ងន់៣នាក់នៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលទាំងយប់ដល់អ្នកភូមិខណៈដែលរថយន្តម៉ាកកាមរី ហាយប៊្រីដ ពណ៌សមួយគ្រឿងបើកបុកម៉ូតូបណ្ដាលឱ្យនារី៣នាក់រងរបួសធ្ងន់ហើយមិនឈប់ទទួលខុសត្រូវទេបានបើករថយន្តគេចដល់ពាក់កណ្ដាលផ្លូវធ្លាក់ចូលប្រឡាយខាងត្បូងផ្លូវកាលពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ២០២០ នៅលើផ្លូវលេខ៣១៩B (ផ្លូវកំពង់ស្ពាន) ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឱ្យដឹងថា នារីរងគ្រោះជាអ្នកបើកម៉ូតូមានឈ្មោះចាន់ បុប្ផា  អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើក្រចក និងអ្នករួមដំណើរមានឈ្មោះអាំង អៀន អាយុ១៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើក្រចក និងឈ្មោះយុក ចន្ទ័ភក្តី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើក្រចក អ្នកទាំង៣មានទីលំនៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ចំពោះម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ ១FF-៩១៨៤ខូចខាតផ្នែកខាងមុខធ្ងន់។

ចំណែកអ្នកបើករថយន្តម៉ាកកាមរី ហាយប៊្រីដ ពណ៌ស ពាក់ស្លាកលេខកណ្តាល ២A-០៦៣៦មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ព្រោះក្រោយបើកធ្លាក់ប្រឡាយបានរត់គេចខ្លួនបាត់ភ្លាមៗ។

បើតាមសមត្ថកិច្ចបញ្ជាក់ថា មុនកើតហេតុមាននារី៣នាក់បានជិះម៉ូតូមួយគ្រឿងតាមផ្លូវកំពង់ស្ពានទាំងយប់ខណៈនោះស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកកាមរី ហាយប៊្រីដ ពណ៌សបើកមិនប្រកាន់ស្ដាំ
ក្នុងទិសដៅបញ្ច្រាសទិសគ្នាពីជើងទៅត្បូងក៏បុកពេញទំហឹងទើបបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។

ក្រោយបង្កហេតុអ្នកបើករថយន្តមិនព្រមឈប់នោះទេគឺបើករត់គេចដល់ពាក់កណ្ដាលផ្លូវក៏ធ្លាក់ចូលប្រឡាយខាងត្បូងផ្លូវ ហើយក៏បើកទ្វាររថយន្តរត់គេចខ្លួនភ្លាមៗតែម្ដង។

ក្រោយកើតហេតុអ្នករងរបួសទាំង៣នាក់ ត្រូវបានក្រុមគ្រួសារបញ្ជួនទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-រុស្សី រាជធានីភ្នំពេញ ។

ចំណែកមធ្យោបាយធ្វើដំណើររថយន្ត និងម៉ូតូជាវត្ថុតាងត្រូវបានសមត្ថកិច្ចវាស់វែងនិងអូសយក មករក្សាទុក នៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីចាត់ការតាមច្បាប់៕ ដោយ៖ យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print