ភ្នំពេញ៖ នៅរសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ នៅទីស្តីក្រសួងបរិស្ថាន លោក វ៉ាន់ មុនីនាថ អគ្គលេខាធិការនៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានចែករំលែកបទពិសោធន៍ និងសមិទិ្ធផលការងារអភិវឌ្ឍន៍ដោយចីរភាព និងវិស័យបរិស្ថានជូនដល់និស្សិតចុះកម្មសិក្សាមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ផ្នែកវិស្វកម្មជីវសាស្រ្ត និងគីមីវិទ្យា។ លោក បានជម្រាបជូនពីការខិតខំប្រឹងប្រែងរបស់មន្រ្តីរាជការ និងថ្នាក់ដឹកនាំរបស់ក្រសួងបរិស្ថាន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងបុព្វបរិស្ថាន សំដៅកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ និងការអភិរក្ស។ លោកបានបន្តថា កាតព្វកិច្ចរបស់ក្រសួងបរិស្ថាន កាន់តែមានសារៈសំខាន់ស្របពេលដែលកម្ពុជា ស្ថិតក្នុងបរិបទ មានសុខសន្តិភាពពេញលេញ ឯកភាពជាតិ ស្ថេរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចរឹងមាំ ដែលបង្កលក្ខណៈអោយជីវភាពប្រជាជនកាន់តែមានភាពរីកចំរើន ធ្វើអោយផ្នត់គំនិត និងតំរូវការបរិស្ថានរបស់ប្រជាជនយើង កាន់តែខ្ពស់ និងទូលំទូលាយជាងមុន។
ក្រុមនិស្សិតចុះកម្មសិក្សា បានទស្សនាគំនូររូបភាព ដែលរំលេចដោយខ្លឹមសារពាក់ព័ន្ធនឹងការអភិរក្សជីវចម្រុះ ការប្រែប្រួលអាកាសធាតុ សេដ្ឋកិច្ចបៃតង និងការសិក្សាវាយតម្លៃលើការប្រើប្រាស់ថាមពល ប្រព័ន្ធសូឡា រថយន្តអគ្គិសនី និងការគ្រប់គ្រងសំណល់ប្លាស្ទិក ។ល។..៕
ដោយ៖ សិលា