ខ្សែប្រយុទ្ធ Robert Lewandowski របស់ក្លិប Bayern Munich បានជាប់ឈ្មោះជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់ Uefa ២០១៩-២០២០ ។
ខ្សែប្រយុទ្ធប៉ូឡូញ Lewandowski អាយុ៣២ឆ្នាំបានផ្តួលមិត្តរួមក្រុមរបស់ក្លិប Bayern Munich កីឡាករ Manuel Neuer និងខ្សែបម្រើ Kevin de Bruyne របស់ក្រុម Manchester City ។
លោក Hansi Flick របស់ Bayern Muncih ត្រូវបានតែងតាំងជាគ្រូបង្វឹកឆ្នើមប្រចាំឆ្នាំបន្ទាប់ពីដឹកនាំក្រុមរបស់គាត់ទៅរកពានរង្វាន់អឺរ៉ុបទី៦ ។
Lewandowski រកបាន៥៥គ្រាប់ក្នុង៤៧ប្រកួតកាលពីរដូវកាលមុន ខណៈដែល Bayern Muncih ឈ្នះ Champions League, Bundesliga និង German Cup ។ កីឡាកររូបនេះរកគ្រាប់បាល់បាន ១៦គ្រាប់ច្រើនជាងកីឡាករដទៃទៀតនៅក្នុងលីកកំពូលទាំង៥របស់អឺរ៉ុបនៅគ្រប់ការប្រកួតទាំងអស់ក្នុងឆ្នាំ២០១៩-២០២០ ។
កីឡាករ De Bruyne វ័យ២៩ឆ្នាំរបស់ក្រុម Manchester City ត្រូវបានគេតែងតាំងជាខ្សែបម្រើឆ្នើមប្រចាំឆ្នាំរបស់ក្របខ័ណ្ឌ Champions League ។ ខ្សែបម្រើប៊ែលហ្សិករូបនេះក៏ទទួលបានពានរង្វាន់ជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់សមាគមកីឡាករបាល់ទាត់អាជីពប្រចាំខែកញ្ញាផងដែរ។
កីឡាករ Neuer អាយុ៣៤ឆ្នាំរបស់អាល្លឺម៉ង់បានឈ្នះអ្នកចាំទីឆ្នើមប្រចាំឆ្នាំបន្ទាប់ពីបានទប់គូប្រកួតមិនឲ្យស៊ុតចូលទីចំនួន៦ដងក្នុងក្របខ័ណ្ឌ Champions League ខណៈដែលក្រុម Bayern Muncih បានយកឈ្នះ Paris St-Germain កាលពីខែសីហា ខណៈមិត្តរួមក្រុម Joshua Kimmich អាយុ២៥ឆ្នាំត្រូវបានគេតែងតាំងជាខ្សែការពារឆ្នើម។
លោក Flick បានផ្តួលអ្នកចាត់ការក្រុម Liverpool លោក Jurgen Klopp ដែលដឹកនាំក្លិបឲ្យឈ្នះជើងឯក Premier League ជាលើកដំបូងក្នុងរយៈពេល៣០ឆ្នាំ និងលោក Julian Nagelsmann គ្រូបង្វឹកក្រុម RB Leipzig ជាគ្រូបង្វឹកប្រចាំឆ្នាំ។
លោក Flick អាយុ៥៥ឆ្នាំបានលាឈប់ពីតួនាទីជាជំនួយការគ្រូបង្វឹករបស់ Bayern កាលពីខែវិច្ឆិកាឆ្នាំមុនបន្ទាប់ពីការបណ្តេញលោក Niko Kovac ចេញ។
ទន្ទឹមនឹងនេះអតីតខ្សែប្រយុទ្ធក្រុម Chelsea និងប្រទេសកូឌីវ័រលោក Didier Drogba បានទទួលពានរង្វាន់ពីប្រធាន Uefa លោក Aleksander Ceferin សម្រាប់ “ការប្តេជ្ញាចិត្តដើម្បីឧត្តមភាពទាំងក្នុងនិងក្រៅទីលាន” ។
ខាងក្រោមនេះគឺជាអ្នកទទួលបានពានរង្វាន់ឆ្នើមប្រចាំឆ្នាំផ្នែកបុរស៖
កីឡាករឆ្នើមប្រចាំឆ្នាំ ៖ Robert Lewandowski (Bayern Munich)
គ្រូបង្វឹកឆ្នើមប្រចាំឆ្នាំ ៖ Hansi Flick (Bayern Munich)
អ្នកចាំទីឆ្នើមប្រចាំឆ្នាំ៖ Manuel Neuer (Bayern Munich)
ខ្សែការពារឆ្នើមប្រចាំឆ្នាំ៖ Joshua Kimmich (Bayern Munich)
ខ្សែបម្រើឆ្នើមប្រចាំឆ្នាំ៖ Kevin de Bruyne (Manchester City)
ខ្សែប្រយុទ្ធឆ្នើមប្រចាំឆ្នាំ៖ Robert Lewandowski (Bayern Munich)
ដោយឡែកចំពោះផ្នែកស្ត្រីវិញ ខ្សែប្រយុទ្ធ Pernille Harder របស់តោខៀវត្រូវបានគេដាក់ឈ្មោះជាកីឡាការិនីឆ្នើមប្រចាំឆ្នាំរបស់ Uefa សម្រាប់ឆ្នាំ២០១៩-២០២០ ។
ប្រធានក្រុមដាណឺម៉ាកវ័យ២៧ឆ្នាំរូបនេះរកបាន៩គ្រាប់នៅពេលដែលក្រុម Wolfsburg ឈានដល់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League កាលពីរដូវកាលមុនមុនពេលចូលរួមជាមួយក្រុមតោខៀវនៅរដូវក្តៅនេះ។ នាងត្រូវបានជ្រើសរើសចេញពីបញ្ជីសម្រាំងដែលមានខ្សែការពារអង់គ្លេស Lucy Bronze និងប្រធានក្រុម Lyon Wendie Renard ។
ចំណែកគ្រូបង្វឹកឆ្នើមប្រចាំឆ្នាំផ្នែកនារីបានទៅលោក Jean-Luc Vasseur របស់ក្រុមលីយ៉ុងសម្រាប់រដូវកាលដំបូងដ៏អស្ចារ្យជាមួយក្លិបនេះ។ គ្រូបង្វឹកផ្នែកនារីវ័យ៥១ឆ្នាំរូបនេះបានដឹកនាំក្រុមលីយ៉ុងក្នុងការប្រកួតដណ្តើមពានរង្វាន់ក្លិបនារីយូហ្វាដើម្បីដណ្តើមបានចំណាត់ថ្នាក់ទី ៥ជាប់ៗគ្នា និងទី៧រួមទាំងកីឡាករបារាំងម្នាក់ទៀត។ គាត់ត្រូវបានគេជ្រើសរើសចេញពីបញ្ជីសម្រាំងចំនួន៣នាក់ដែលរួមមាន Lluis Cortes របស់ Barcelona និងគ្រូបង្វឹក Stephan Lerch របស់ក្រុម Wolfsburg ។
ជ័យជម្នះរបស់លីយ៉ុងក្នុងការប្រកួតដណ្តើមពានរង្វាន់លីកកំពូលឆ្នាំ២០២០ផ្នែកនារីបានជួយឲ្យកីឡាការិនីក្រុមនេះទទួលបានពានរង្វាន់ឆ្នើមរបស់ Uefa ដោយមាន Sarah Bouhaddi (អ្នកចាំទីឆ្នើម), Renard (ខ្សែការពារឆ្នើម) និង Dzsenifer Marozsan (ខ្សែបម្រើឆ្នើម) ។
សូមបញ្ជាក់ថា ពានរង្វាន់ Uefa ត្រូវបានប្រកាសស្របពេលការប្រកួតជម្រុះតាមពូលនៃក្របខ័ណ្ឌ Champions League នៅទីក្រុងហ្សឺណែវបើទោះបីជាមន្រ្តីក្លិបមិនបានចូលរួមក៏ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩។
កីឡាករឆ្នើមប្រចាំឆ្នាំត្រូវបានជ្រើសរើសដោយគ្រូបង្វឹកចំនួន៨០នាក់នៅក្នុងការប្រកួតអឺរ៉ុបកាលពីរដូវកាលមុនរួមជាមួយអ្នកកាសែត៥៥ នាក់ដែលម្នាក់មកពីសមាគមសមាជិក Uefa នីមួយៗ ៕
ដោយ៖ ភារៈ