អន្តរជាតិ៖ បើតាមទីភ្នាក់ងារសារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី០៣ ខែតុលា ឆ្នាំ២០២០នេះ បានចុះផ្សាយថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) អតីតនាយករដ្ឋមន្រ្តីថៃ ដែលកំពុងនិរទេសខ្លួនរស់នៅឯក្រៅប្រទេសនោះ បានអះអាងថា លោកត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ប្រហែលជាពីរសប្តាហ៍មកហើយ បន្ទាប់ពីបានទទួលការធ្វើតេស្ត និងរកឃើញថាខ្លួនលោកមានផ្ទុកវីរុសCOVID-19។
បើតាមការបញ្ជាក់ពីលោក វីម រុងវឌ្ឍនាចិន្តា (Wim Rungwattanachinda) អ្នកនាំពាក្យក្រៅផ្លូវការនៅទីក្រុងបាងកក នៃក្រុមគ្រួសារស៊ីណាវ៉ាត់ បានគូសបញ្ជាក់ថា៖ «លោក Thaksin ដែលមានអាយុ ៧១ឆ្នាំទៅហើយ ជាមហាសេដ្ឋីម្នាក់កំពុងរស់នៅទីក្រុងឌូបៃ (Dubai) នៃប្រទេសអេមីរ៉ាត់អារ៉ាប់រួមបានធ្វើតេស្តរកឃើញថា លោកមានផ្ទុកមេរោគ COVID-19 កាលពីចុងខែសីហាកន្លងទៅនេះ ខណៈលោកបានធ្វើតេស្តដោយខ្លួនឯង ជាមួយនឹងឧបករណ៍បច្ចេកវិទ្យាខ្ពស់ ដែលផលិតឡើងដោយក្រុមហ៊ុនមួយដែលលោកជាវិនិយោគិន»។
បន្ថែមពីនេះទៅទៀតលោក Wim សង្កត់ធ្ងន់ថា «លោក Thaksin បានធ្វើតេស្តវិជ្ជមានម្តងទៀត ខណៈដែលលោកបានទៅដល់មន្ទីរពេទ្យមួយនៅទីក្រុង Dubai ជាកន្លែងដែលលោកស្នាក់នៅបានប្រហែលមួយសប្តាហ៍ ដើម្បីទទួលការព្យាបាល មុនពេលផ្ទេរទៅកាន់មន្ទីរពេទ្យមួយផ្សេងទៀតនៅឯទីក្រុង អាប៊ូដាប៊ី (Abu Dhabi) ជាកន្លែងដែលលោកស្នាក់នៅបានមួយសប្តាហ៍ទៀត»។
ជាមួយគ្នានោះដែរ លោកស្រី យីងឡាក់ (Yingluck) ដែលត្រូវជាប្អូនស្រីរបស់លោក ថាក់ស៉ីន និង យ៉ាវវ៉ាផា (Yaowapa) ក៏ត្រូវបានគេឱ្យធ្វើចត្តាឡីស័កផងដែរបន្ទាប់ពីលោក Thaksin ត្រូវបានគេរកឃើញថា មានផ្ទុកមេរោគ COVID-19 នេះ ប៉ុន្តែលោកស្រីបានចេញលទ្ធផលអវិជ្ជមានចំពោះមេរោគនេះ។
ទន្ទឹមនឹងនេះ លោក Thaksin បាននិយាយថា លោកសង្ស័យថាខ្លួនបានឆ្លងមេរោគ COVID-19 នេះដោយសារតែលោកភ្លេចលាងសម្អាតដៃ ខណៈដែលលោកបានទៅកាន់ទីកន្លែងញុំាអាហារមួយ បើទោះបីជាលោកបានពាក់ម៉ាសការពារមុនពេលចេញទៅទីសាធារណៈក៏ដោយ ៕ដោយ៖ស តារា