Leeds United ​បង្ហាញ​ភាព​ខ្លាំងក្រោយ​ស្មើជាមួយ Man City ​ខណៈChelsea, Everton ទទួលបានជ័យជម្នះក្នុងទឹកដី

ចែករំលែក៖

ក្រុម​ទើបឡើងមក​ថ្មី Leeds United ​នៅ​តែ​បង្ហាញ​ភាព​ខ្លាំង​របស់​ខ្លួន ​ដោយ​បាន​លេង​ស្មើ​ក្រុមខ្លាំង Manchester City ​ក្នុង​លទ្ធផល ១–១ ​កាលពីយប់មិញ​។ ក្នុងការប្រកួតនោះ​ក្រុមភ្ញៀវ Man City ​ជា​អ្នក​នាំ​មុខ​មុន​ក្នុង​ការ​ប្រកួត​នេះ ដោយកីឡាករ Sterling ​រក​បាន​១​គ្រាប់​នៅ​តង់​ទី​១ ​នាទី​១៧។

ចូលដល់តង់ទី២ ​ក្រុម Leeds ​ក៏អាច​រក​គ្រាប់​បាល់​តាម​ស្មើ​វិញ​បាន​ដោយកីឡាករ Rodrigo ​នៅ​នាទី​៥៩ ហើយក្រុមទាំង២បានព្យាយាមដាក់សម្ពាធទៅវិញទៅមកដើម្បីរកគ្រប់បាល់រៀងៗខ្លួន ប៉ុន្តែនៅតែមិនអាចទៅរួចរហូតចប់ការប្រកួត។ ​

ការ​ទទួល​បាន​១​ពិន្ទុ​ពី​ការ​ប្រកួត​នេះ​ទៀត ​បាន​ធ្វើ​ឱ្យ​ក្រុម Leeds United ​មាន​៧​ពិន្ទុ​ ​ឆ្លង​កាត់​ការ​ប្រកួត​៤​ប្រកួត​កន្លង​មក​នេះ។ ស្រប​ពេល​ក្រុម Man City ​ ​លេង​៣​ប្រកួត ទើប​មាន​៤​ពិន្ទុ​ប៉ុណ្ណោះ ដោយឈ្នះ១ប្រកួត ស្មើ១ប្រកួត និងចាញ់១ប្រកួត។

ចំណែកក្រុមម្ចាស់ផ្ទះតោខៀវ Chelsea បានយកឈ្នះក្រុមភ្ញៀវ Crystal Palace ក្នុងលទ្ធផល៤ទល់០ធ្វើឲ្យក្រុមខ្លាំងមួយនេះឈរចំណាត់ថ្នាក់លេខ៤បណ្តោះអាសន្នមាន៧ពិន្ទុ។ ៤គ្រាប់របស់ក្រុមតោខៀវរកបានដោយកីឡាករ Chilwell នៅនាទីទី៥០, កីឡាករ Zouma នៅនាទីទី៦៦, និងកីឡាករ Jorginhoនៅនាទីទី៧៨ និងនាទីទី៨២ដោយបាល់ពិន័យប៉េណាល់ទី។

ដោយឡែកក្រុម Everton បានបង្ហាញភាពខ្លាំងនៅដើមរដូវកាលនេះដោយ៤ប្រកួតកន្លងមក ឈ្នះទាំង៤ប្រកួតបន្តឈរកំពូលតារាងបណ្តោះអាសន្ន ហើយកាលពីយប់មិញនេះបានបន្តឈ្នះគូប្រកួត Brighton & Hove Albion ក្នុងលទ្ធផល៤ទល់២។

៤គ្រាប់របស់ក្រុមម្ចាស់ផ្ទះ Everton រកបានដោយកីឡាករ Calvert-Lewin នៅនាទីទី១៦ , កីឡាករ Mina នៅនាទីទី៤៥+២ និងកីឡាករRodríguez  រកបាន២គ្រាប់ម្នាក់ឯងនៅនាទីទី៥២ និងនាទីទី៧០។ ចំណែក២គ្រាប់របស់ក្រុមភ្ញៀវ Brighton រកបានដោយកីឡាករ Maupay នៅនាទីទី៤១ និង១គ្រាប់ទៀតរកបានដោយកីឡាករ Bissoumaនៅនាទីទី៩០ជិតចប់ការប្រកួតទៅហើយ ៕ដោយ៖ភារៈ

 

  

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print