ក្រុមទើបឡើងមកថ្មី Leeds United នៅតែបង្ហាញភាពខ្លាំងរបស់ខ្លួន ដោយបានលេងស្មើក្រុមខ្លាំង Manchester City ក្នុងលទ្ធផល ១–១ កាលពីយប់មិញ។ ក្នុងការប្រកួតនោះក្រុមភ្ញៀវ Man City ជាអ្នកនាំមុខមុនក្នុងការប្រកួតនេះ ដោយកីឡាករ Sterling រកបាន១គ្រាប់នៅតង់ទី១ នាទី១៧។
ចូលដល់តង់ទី២ ក្រុម Leeds ក៏អាចរកគ្រាប់បាល់តាមស្មើវិញបានដោយកីឡាករ Rodrigo នៅនាទី៥៩ ហើយក្រុមទាំង២បានព្យាយាមដាក់សម្ពាធទៅវិញទៅមកដើម្បីរកគ្រប់បាល់រៀងៗខ្លួន ប៉ុន្តែនៅតែមិនអាចទៅរួចរហូតចប់ការប្រកួត។
ការទទួលបាន១ពិន្ទុពីការប្រកួតនេះទៀត បានធ្វើឱ្យក្រុម Leeds United មាន៧ពិន្ទុ ឆ្លងកាត់ការប្រកួត៤ប្រកួតកន្លងមកនេះ។ ស្របពេលក្រុម Man City លេង៣ប្រកួត ទើបមាន៤ពិន្ទុប៉ុណ្ណោះ ដោយឈ្នះ១ប្រកួត ស្មើ១ប្រកួត និងចាញ់១ប្រកួត។
ចំណែកក្រុមម្ចាស់ផ្ទះតោខៀវ Chelsea បានយកឈ្នះក្រុមភ្ញៀវ Crystal Palace ក្នុងលទ្ធផល៤ទល់០ធ្វើឲ្យក្រុមខ្លាំងមួយនេះឈរចំណាត់ថ្នាក់លេខ៤បណ្តោះអាសន្នមាន៧ពិន្ទុ។ ៤គ្រាប់របស់ក្រុមតោខៀវរកបានដោយកីឡាករ Chilwell នៅនាទីទី៥០, កីឡាករ Zouma នៅនាទីទី៦៦, និងកីឡាករ Jorginhoនៅនាទីទី៧៨ និងនាទីទី៨២ដោយបាល់ពិន័យប៉េណាល់ទី។
ដោយឡែកក្រុម Everton បានបង្ហាញភាពខ្លាំងនៅដើមរដូវកាលនេះដោយ៤ប្រកួតកន្លងមក ឈ្នះទាំង៤ប្រកួតបន្តឈរកំពូលតារាងបណ្តោះអាសន្ន ហើយកាលពីយប់មិញនេះបានបន្តឈ្នះគូប្រកួត Brighton & Hove Albion ក្នុងលទ្ធផល៤ទល់២។
៤គ្រាប់របស់ក្រុមម្ចាស់ផ្ទះ Everton រកបានដោយកីឡាករ Calvert-Lewin នៅនាទីទី១៦ , កីឡាករ Mina នៅនាទីទី៤៥+២ និងកីឡាករRodríguez រកបាន២គ្រាប់ម្នាក់ឯងនៅនាទីទី៥២ និងនាទីទី៧០។ ចំណែក២គ្រាប់របស់ក្រុមភ្ញៀវ Brighton រកបានដោយកីឡាករ Maupay នៅនាទីទី៤១ និង១គ្រាប់ទៀតរកបានដោយកីឡាករ Bissoumaនៅនាទីទី៩០ជិតចប់ការប្រកួតទៅហើយ ៕ដោយ៖ភារៈ