ខេត្តពោធិ៍សាត់ ៖ បុរសវ័យចំណាស់មានតួនាទីជាអនុប្រធានភូមិ១នាក់ បានលង់ទឹកស្លាប់គ្រាដែលគាត់ទៅរាយមង ចាប់ត្រីនៅទឹកបឹងខាងកើតផ្ទះ ចម្ងាយប្រមាណ៧០ម៉ែត្រ ។
ហេតុការណ៍បុរសវ័យចំណាស់លង់ទឹកស្លាប់ខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោងប្រមាណ៨ព្រឹក ថ្ងៃអាទិត្យ ២រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០ ត្រង់ចំណុចទឹកបឹងរូង ខាងកើតផ្ទះជនរងគ្រោះចម្ងាយប្រមាណ៧០ម៉ែត្រ ស្ថិតនៅភូមិសំសាន្ដ ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មាននានាពីអ្នកភូមិសំសាន្តបានឲ្យដឹងថា ជនរងគ្រោះ(ស្លាប់)ឈ្មោះ សួន វឿន ភេទប្រុស អាយុ ៦៦ឆ្នាំ ជនជាតិខ្មែរ មានតួនាទីជាអនុប្រធានភូមិសំសាន្ត បច្ចុប្បន្ន រស់នៅភូមិ ឃុំកើតហេតុ ។
ប្រភពព័ត៌មានដដែលបន្តទៀតថា មូលហេតុ ដោយសារជនរងគ្រោះទៅរាយមងចាប់ត្រីនៅក្នុងទឹកបឹងដូចសព្វមួយដង កូនៗបាត់ឪពុកយូមិនឃើញមកផ្ទះ ទើបនាំគ្នាទៅរកក៍ឃើញលង់ទឹកស្លាប់ទៅហើយ ប៉ុន្តែមិនអស់ចិត្តបញ្ជូនគាត់ទៅមណ្ឌលសុខភាព ក្រុមគ្រូរពេទ្យបញ្ជាក់ប្រាប់ថាគាត់ស្លាប់ហើយ ក៍យកសពត្រឡប់មកវិញដើម្បីចាត់ចែងធ្វើបុណ្យ ករណីនេះសមត្ថកិច្ចចុះពិនិត្យ និងធ្វើការស្រាវជ្រាវ ទើបធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារសាច់ញាតិ ៕ ដោយ៖បុឹម ពិន