ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាស្រឿងៗ និងជិះម៉ូតូទាំងមេឃកំពុងភ្លៀង ព្រមទាំងធ្វេីដំណេីរក្នុងល្បឿនលឿនមិនប្រយ័ត្នផងនោះ ក៏ជ្រុលទៅបុករថយន្តស៊េរីទំនើបម៉ាកAUDI Q5 ពីក្រោយពេញទំហឹងបណ្ដាលឲ្យការខូចខាតបែកកញ្ចក់រថយន្ត និងម្ចាស់ម៉ូតូរបួសរយៈមុខមាត់តិចតួច ។ ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ស្ថិតតាមបណ្ថោយផ្លូវ២៧១ កែងផ្លូវ៤៨០ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់រួមដំណេីរដោយស្ត្រីម្នាក់និងកូនក្មេង បើករថយន្តស៊េរីរីទំនើបម៉ាក AUDI Q5 ពណ៌កណ្ដុលប្រមេះ ពាក់ស្លាកលេខភ្នំពេញ2AY -9705 ធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុខាងលើបានជាន់ហ្វាំងឈប់ដោយមានរថយន្តមិនចាំម៉ាកបើកឆ្លងកាត់ពីមុខ ភ្លាមនោះស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1ID -6535 ជិះដោយបុរសម្នាក់ក្នុងសភាពស្រវឹងមកពីក្រោយស្របគ្នាក្នុងល្បឿនយ៉ាងលឿន និងមិនប្រយ័ត្នជ្រុលទៅបុករថយន្តAUDIពីក្រោយពេញទំហឹងបណ្ដាលឲ្យខូចខាតកញ្ចក់ខាងក្រោយទាំងស្រុង ឯម្ចាស់ម៉ូតូរងរបួសមុខមាត់តិចតួច ។ ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុខាងលើដោយឃេីញមិនបះពាល់សម្បត្តិរដ្ឋ ក៏បានឲ្យភាគីទាំងពីរសម្របសម្រួលគ្នា ដោយភាគីខាងម៉ូតូបង្កព្រមសងសំណងចំនួន២០០ដុល្លាដើម្បីបញ្ចប់រឿង៕ ដោយ៖ ភារ៉ា ដង្កោ