ភ្នំពេញ៖ នាយកដ្ឋានព័ត៌មានវិទ្យាបានផ្សព្វផ្សាយឱ្យដឹងថា៖ ទូរទស្សន៍វៃឆ្លាត (Smart TV) គឺជាបច្ចេកវិទ្យាដែលបានតភ្ជាប់ទូរស្សន៍ទៅកាន់ពិភពលោកតាមរយ:បណ្តាញអុីនធើណេត។ ដើម្បីអាចប្រើប្រាស់កម្មវិធីទូរទស្សន៍វៃឆ្លាត អ្នកប្រើប្រាស់អាចទិញប្រភេទទូរទស្សន៍វ័យឆ្លាត ឬដំឡើងដុំឧបករណ៍បន្ថែមដែលអាចរកទិញបានលើទីផ្សារ។ ដោយសារភាពសម្បូរបែបនេះហើយ ក្រុមឧក្រិដ្ឋជនបានស្វែងរកមធ្យោបាយផ្សេងៗក្នុងការជ្រៀតចូលទូរទស្សន៍វៃឆ្លាតទាំងនោះ បញ្ជាពីចម្ងាយដើម្បីលួចថតសម្លេង រូបភាព វីដេអូ របស់ជនរងគ្រោះ ឬប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងកម្មវិធី Samrt TV ធ្វើការវាយប្រហារទៅកាន់គោលដៅផ្សេងៗ (ឧទាហរណ៍៖ មេរោគឈ្មោះ Mirai ដែលបានប្រើប្រាស់ឧបករណ៍ភ្ជាប់អុីនធើណេត (Internet of Things) ក្នុងនោះរួមទាំងទូរទស្សន៍វៃឆ្លាតក្នុងការវាយប្រហារ DDOS)។
លើសពីនេះត្រូវចងចាំថាទូរទស្សន៍វៃឆ្លាតប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការដូចដែលកុំព្យូទ័រ ទូរស័ព្ទដៃ ឬឧបករណ៍វ័យឆ្លាតដទៃកំពុងប្រើប្រាស់ (ភាគច្រើនទូរទស្សន៍វ័យឆ្លាតប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android) ដូច្នេះហានិភ័យនានាតួយ៉ាងការជ្រៀតចូល ឬចម្លងមេរោគ គឺអាចកើតមានឡើងលើទូរទស្សន៍វ័យឆ្លាតរបស់អ្នកបានផងដែរ។
ដើម្បីកាត់បន្ថយហានិភ័យនៅពេលភ្ជាប់ទូរទស្សន៍វៃឆ្លាតរបស់អ្នកទៅកាន់បណ្តាញអុីនធើណេត អ្នកត្រូវអនុវត្តវិធីសាស្ត្រមួយចំនួនដូចខាងក្រោម៖
– បិទកាមេរ៉ា ឬ Microphone ពេលដែលពុំប្រើប្រាស់ ជាពិសេសក្នុងបន្ទប់គេង
– ត្រូវមានការប្រុងប្រយ័ត្នពេលចូលមើលគេហទំព័រផ្សេងៗ ជាពិសេសគេហទំព័រអាសអាភាស
– ត្រូវមានការប្រុងប្រយ័ត្នពេលទាញយក និងដំឡើងកម្មវិធីផ្សេងៗ ពីប្រភពមិនច្បាស់លាស់
– ត្រូវរក្សាលេខសម្ងាត់ Wifi ដែលទូរទស្សន៍កំពុងភ្ជាប់ជាមួយ ព្រោះជនអនាមិកអាចធ្វើការវាយប្រហារ ឬជ្រៀតចូល នៅពេលដែលគេភ្ជាប់បណ្តាញ Wifi ជាមួយអ្នក
– ធ្វើការដំឡើងកម្មវិធីកម្ចាត់មេរោគ (ឧទាហរណ៍៖ McAfee Security)
– សូមធ្វើបច្ចុប្បន្នភាព (Update Version) ប្រព័ន្ធប្រតិបត្តិការទូរទស្សន៍របស់អ្នកជាប្រចាំ៕
ដោយ៖ សិលា