លោក សុវណ្ណ រិទ្ធី អតីតអគ្គនាយកសារព័ត៌មាន TVFB ត្រូវបានតុលាការកាត់ទោស នៅព្រឹកនេះ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ នេះ លោក សុវណ្ណ រិទ្ធី អតីតអគ្គនាយកសារព័ត៌មាន TVFB ត្រូវបានអនុរក្សពន្ធនាគារព្រៃស បញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបើកសវនាការជំនុំជម្រះ ក្នុងសំណុំរឿង «ញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» តាមមាត្រា៤៩៤និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធការផ្សាយព័ត៌មានបង្កភាពចលាចលក្នុងសង្គម ។

សវនាការនេះ ដឹកនាំដោយលោក លិ សុខា ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និង លោក ចែ សុង ជាតំណាងអយ្យការ ខណៈសវនាការកំពុងតែដំណើរការ ខណៈលទ្ធផលយ៉ាងណានោះ នៅពុំទាន់ដឹងនៅឡើយទេ ។

គួររំលឹកថា លោក កី ម៉ានេរ៉ា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ កន្លងទៅ បានសម្រេចចេញដីកាឃុំខ្លួនលោក សុវណ្ណ រិទ្ធី អតីតអគ្គនាយកសារព័ត៌មាន TVFB ដាក់ពន្ធនាគារបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ “ញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍” តាមមាត្រា៤៩៤និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធការផ្សាយព័ត៌មានបង្កភាពចលាចលក្នុងសង្គម ។

សមត្ថកិច្ចបានចាប់ខ្លួនលោក សុវណ្ណ រិទ្ធី កាលពីយប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ ដល់ទីស្នាក់ការសារព័ត៌មាន TVFB នៅខណ្ឌសែនសុខ ក្រោយស្ថាប័នមួយនេះ ផ្សាយព័ត៌មានមិនគ្រប់ជ្រុងជ្រោយ និង កាត់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការជួយដល់អ្នករត់ម៉ូតូឌុប នៅពេលជួបវិបត្តិជំងឺកូវីដ១៩ ។

ជាមួយគ្នានេះ ក្រសួងព័ត៌មាន ក៏បានសម្រេចលុបអាជ្ញាប័ណ្ណសារព័ត៌មានរបស់ TVFB ផងដែរ ៕ ដោយ៖ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print