ប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោកNicolas Maduro កាលពីថ្ងៃទី04 ខែតុលា បានប្រកាសថា លោក និងកូនប្រុសមានគម្រោងចាក់វ៉ាក់សំាង ប្រឆាំងកូវីដ១៩ របស់រុស្ស៊ីមានឈ្មោះថា Sputnik V។
ប្រធានាធិបតី ម៉ាឌូរ៉ូ បញ្ជាក់នៅលើបណ្តាញសង្គមTwitter ថាលោកនិងកូនប្រុស Nicolas Ernesto Maduro Guerra ព្រមទាំងបងស្រី គឺលោកស្រី Maria Teresa Maduro នឹងចូលរួមចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩របស់រុស្ស៊ី Sputnik V ។
វ៉ាក់សាំងប្រឆាំងកូវីដ១៩ Sputnik V ដំបូងបង្អស់ បានបញ្ជូនទៅដល់ អាកាសយានដ្ឋានអន្តរជាតិSimon Bolivar ក្នុងទីក្រុង Caracas ប្រទេសវេណេហ្ស៊ុយអេឡា។ អនុប្រធានាធិបតី លោកDelcy Rodriguez បានបញ្ជាក់ថា វេណេហ្ស៊ុយអេឡា បានចូលរួម សាកល្បង ដំណាក់កាលទី៣នៃវ៉ាក់សាំង Sputnik V របស់រុស្ស៊ី។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលវេណេហ្ស៊ុយអេឡា លោកCarlos Alvarado បានបញ្ជាក់ថា មានពលរដ្ឋ ប្រមាណ២ពាន់នាក់ក្នុងប្រទេសនេះបានយលព្រមចូលរួមសាកល្បងវ៉ាក់សាំងប្រឆាំងកូវីដ១៩ ដំណាក់កាលទី៣។
រុស្ស៊ីបានប្រកាសជាផ្លូវការក្លាយជាប្រទេសទីមួយនៅលើពិភពលោកប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវីដ១៩ នៅថ្ងៃទី១១ខែសីហា។ ក្រោយការប្រកាសនោះរុស្ស៊ីទទួលបានការបញ្ជារទិញវ៉ាក់សាំងដល់ទៅ ជាង១ពាន់លានដូស ពី២០ ប្រទេសជុំវិញពិភពលោក ៕