ប្រធានាធិបតីវេណេហ្ស៊ុយអេឡា និងកូនប្រុស នឹងចាក់វ៉ាក់សាំង​Sputnik V របស់រុស្ស៊ី

ចែករំលែក៖

ប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោកNicolas Maduro កាលពីថ្ងៃទី​04 ខែតុលា បានប្រកាស​ថា លោក និងកូនប្រុសមានគម្រោងចាក់វ៉ាក់សំាង ប្រឆាំងកូវីដ​១៩ របស់រុស្ស៊ីមានឈ្មោះថា​ Sputnik V។
ប្រធានាធិបតី ម៉ាឌូរ៉ូ បញ្ជាក់នៅលើបណ្តាញសង្គម​Twitter ថា​លោកនិងកូនប្រុស Nicolas Ernesto Maduro Guerra ព្រមទាំង​បងស្រី គឺលោកស្រី​ Maria Teresa Maduro នឹងចូលរួមចាក់វ៉ាក់សាំង​ប្រឆាំងកូវីដ​១៩​របស់រុស្ស៊ី Sputnik V ។
វ៉ាក់សាំងប្រឆាំងកូវីដ​១៩ Sputnik V ដំបូងបង្អស់ បានបញ្ជូនទៅដល់​ អាកាសយានដ្ឋានអន្តរជាតិ​Simon Bolivar ក្នុងទីក្រុង ​Caracas ប្រទេសវេណេហ្ស៊ុយអេឡា​។ អនុប្រធានាធិបតី លោក​Delcy Rodriguez បានបញ្ជាក់ថា​ វេណេហ្ស៊ុយអេឡា បានចូលរួម សាកល្បង ដំណាក់កាលទី​៣នៃវ៉ាក់សាំង Sputnik V របស់រុស្ស៊ី​។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលវេណេហ្ស៊ុយអេឡា លោកCarlos Alvarado បានបញ្ជាក់ថា មានពលរដ្ឋ ប្រមាណ​២ពាន់នាក់ក្នុងប្រទេសនេះបានយលព្រមចូលរួមសាកល្បងវ៉ាក់សាំងប្រឆាំងកូវីដ​១៩ ដំណាក់កាលទី៣។
រុស្ស៊ីបានប្រកាស​ជាផ្លូវការក្លាយជាប្រទេសទីមួយនៅលើពិភពលោក​ប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវីដ​១៩ នៅថ្ងៃទី​១១ខែសីហា​។ ក្រោយការប្រកាសនោះរុស្ស៊ីទទួលបានការបញ្ជារទិញវ៉ាក់សាំង​ដល់ទៅ ជាង​១ពាន់លានដូស ​ពី​២០ ប្រទេសជុំវិញពិភពលោក ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print