ភ្នំពេញ៖ បង្កើតបានការចាប់អារម្មណ៍ជាថ្មីក្នុងវិស័យភាពយន្តតារាសម្តែងវ័យក្មេង ជី ឈិងលីន ដែលគេស្គាល់ថាជាចៅស្រីបង្កើតរបស់តារាកំប្លែងនាយកុយនោះបានធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្រពេញចិត្តពីទេពកោសលនៃការសម្តែងម្តងទៀតក្រោយពីនាងសម្តែងក្នុងភាពយន្តភាគថ្មីមួយក្នុងតំណែងជាតួកាចឆ្នើសឆ្នើមគឺរឿង”សំបុត្រពីឋានសួគ៌”។
មានអ្នកទស្សនាភាពយន្តភាគខាងលើលើបណ្តាញសង្គមបានបង្ហាញពីអារម្មណ៍ខឹងផង ជេផងខណៈដែលពួកគេ កំពុងទស្សនាភាពយន្តភាគរឿង “សំបុត្រពីឋានសួគ៌” ដែលផលិតដោយផលិតកម្មសាស្ត្រា បាននិងកំពុងធ្វើការចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍បាយ័ន វេលាម៉ោង៧ល់ម៉ោង៨យប់ចាប់ពីថ្ងៃចន្ទដល់ថ្ងៃព្រហស្បតិ៍នោះ។ ខឹងផងជេផង នោះព្រោះតែគ្រឺតខ្នាញ់នឹងការសម្តែងជាតួអង្គកុមារីតូចកាចឆ្នាស់ឆ្នើម ខូច កំពូលល្បិចធ្វើទុកបុកម្នេញតួឯកស្រីដែលសម្តែងដោយកញ្ញា វ៉ាន់ វីតា។ រូបភាពនេះបានធ្វើឲ្យគេនឹកឃើញដល់ស្នាដៃសម្តែងរួមគ្នារបស់អ្នកទាំងពីរក្នុងភាពយន្តភាគល្បីល្បាញ គឺរឿង”ផ្កាថ្ម”ដែលធ្លាប់បានធ្វើឲ្យអ្នកទាំងពីរទទួលបានការគាំទ្រខ្លាំងនោះ។
តារាស្រីវ័យក្មេងជី ឈិងលីន បានបញ្ជាក់ថានាងពិតជារីករាយទទួលបានឱកាសសម្តែងជាថ្មីហើយប៉ះចំអត្តចរិកតួដែលនាងពេញចិត្តគឺមិនខុសពីរឿងមុនៗនោះដែរ។ នាងបន្តថាកាន់តែសប្បាយចិត្តក្រោយពីបានឃើញទស្សនិកជនទស្សនាបណ្តើរជេនាងបណ្តើរដែលវាឆ្លុះបញ្ចាំងពីការសម្តែងរបស់នាងអាចដល់កម្រិតមួយដែលធ្វើឲ្យអ្នកទស្សនាបញ្ចូលអារម្មណ៍ទៅនឹងសាច់រឿងនេះ។ នាងលើកឡើងដែរថាដោយសារការសិក្សារវល់ច្រើនទើបនាងមិនសូវជាមានពេលវេលាគ្រប់គ្រាន់ក្នុងការចេញថត ប៉ុន្តែមានការងារសិល្បៈមួយចំនួនដែលប្រើប្រាស់ពេលវេលាតិចតួចដូចជាភាពយន្តខ្លី ឈុតផ្សព្វផ្សាយពាណិជ្ជកម្មនាងនៅតែមានជាហូរហែ។ តារាសម្តែងវ័យ១៦ឆ្នាំរូបនេះថានាងនៅមានគម្រោងការងារសិល្បៈមួយចំនួនទៀតដែលនឹងបង្ហាញក្នុងពេលដ៏ខ្លីខាងមុខនេះរួមទាំងស្នាដៃសិល្បៈមួយចំនួនទៀតផងដែរ៕
ដោយ វឌ្ឍនា