ឧត្តមសេនីយ៍ឯក​ ជ័យ​ បុប្ផា​ សំណូមពរគ្រប់សមាសភាពក្នុងសហគមន៍ឱ្យជំរុញជនរងគ្រោះដោយសារគ្រឿងញៀន ទៅទទួលការព្យាបាលនៅមូលដ្ឋានសុខាភិបាលសាធារណៈ

ចែករំលែក៖

ភ្នំពេញ៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា៖ ឧត្តមសេនីយ៍ឯក​ ជ័យ​ បុប្ផា​ សំណូមពរដល់គ្រប់សមាសភាពក្នុងសហគមន៍ជំរុញជនរងគ្រោះដោយសារគ្រឿងញៀនទៅទទួលការព្យាបាលនៅមូលដ្ឋានសុខាភិបាលសាធារណៈ។ លោកស្រីឧត្តមសេនីយ៍ឯក​ ជ័យ​ បុប្ផា​ អគ្គលេខាធិការ​រងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​មានប្រសាសន័សំណូមពរបែបនេះក្នុងពិធីបេីកវគ្គបណ្តុះបណ្តាលស្តីពី
ការកាត់បន្ថយគ្រោះថ្នាក់បណ្តាលមកពីការប្រើប្រាស់គ្រឿងញៀន
ក្នុងភាពជាដៃគូជាមួយមន្ត្រីអនុវត្តច្បាប់ដែលមានអ្នកចូលរូមពីលោកវេជ្ជបណ្ឌិត​ ភូ​ លាង​ អគ្គនាយករងបច្ចេកទេស​សុខាភិបាល​ និងលោក​ ជួប​ សុខចំរើន​ នាយកប្រតិបត្តិអង្គការខាណា​ តំណាងគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខណ្ឌមានជ័យ​ សង្កាត់​ ប៉ុស្តិ៍​នគរបាលរដ្ឋបាល​ទាំង៧​ ក្នុងខណ្ឌមានជ័យ​ តំណាងសុខាភិបាលមូលដ្ឋាន​ និងអង្គការពាក់ព័ន្ធ។

លោក​ ជួប​ សុខចំរើន​ នាយកប្រតិបត្តិអង្គការខាណាបានប្រសាសន៍ថា​ ពេលអាជ្ញាធរ​ មន្រ្តីអនុវត្តច្បាប់​ និងសហគមន៍​បានដឹងយល់ច្បាស់ពីតំរូវការចាំបាច់របស់អ្នកញៀនគ្រឿងញៀនគឺយេីងអាចជួយពួកគាត់បានជោគជ័យ​ ទាំងការងារគ្រឿងញៀន​ និងការងារប្រឆាំងនឹងជំងឺអេដស៍។

លោកវេ​ជ្ជបណ្ឌិត ភូ​ លាង​ បានមានប្រសាសន៌ថា​ ភាពញៀនគ្រឿងញៀនគឺជាជំងឺខួរក្បាល ដែលមាន​ភាពរ៉ាំរ៉ៃ ហើយ​តែងតែលាប់ឡើង​វិញ​ជាញឹកញាប់ និងជាជំងឺដែលបណ្តាលឱ្យប៉ះពាល់ដល់សុខភាពជាច្រើនមុខ។ ការព្យាបាល​ដោយប្រេីប្រាស់ឱសថ និងការព្យាបាល​តាម​បែប​ចិត្តសង្គម ជា​អន្តរាគមន៍​ដែលមាន​ប្រសិទ្ធភាព​ក្នុង​ការព្យាបាល​ភាពញៀនគ្រឿងញៀនដែល​ទាមទារឱ្យមានការចូលរួមជាចាំបាច់ពីភាគី​ដែល​ពាក់ព័ន្ធ រួមទាំង​គ្រួសារ និង​មន្រ្តី​អនុវត្តច្បាប់។

ក្នុងឱកាសនោះ​ លោកស្រីឧត្តមសេនីយ៍ឯក​ ជ័យ​ បុប្ផា​ ក្នុងបរិបទថ្មីដែលប្រទេសកម្ពុជាបាននឹងកំពុងមមាញឹកចូលរួមអនុវត្តយ៉ាងខ្ចាប់ខ្ជួននូវវិធានការបង្ការទប់ស្កាត់ការឆ្លងរាតត្បាតជំងឺសកលកូវីដ-១៩ អាជ្ញាធរជាតិប្រយុទ្ធ​ប្រឆាំងគ្រឿងញៀននៅតែបន្តអនុវត្តផែនការស្តីពីការប្រយុទ្ធ​ប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៥ និងបានគ្រប់គ្រងអ្នកប្រើប្រាស់គ្រឿង​ញៀនមានចំនួន១២.៩៤២នាក់ ជា​សះស្បើយនិងធ្វើសមាហរណកម្មបានចំនួន៤.៨៣៩នាក់ និងកំពុងព្យាបាលមានចំនួ​ន​៤.០៦៣នាក់ និងអ្នកញៀនបានមកទទួលសេវាពិនិត្យព្យាបាលនៅតាមមូលដ្ឋាន​សុខាភិបាល​ក្នុង​រាជធានី-ខេត្តមានចំនួន៣.៣៨២នាក់ ។

ក្នុងឱកាសនោះ​ លោកស្រី ឧត្តមសេនីយ៍ឯក​ ជ័យ​ បុប្ផា​ អគ្គលេខាធិការ​រង​ បានសំណូមដល់គណៈកម្មការសម្របសម្រួលសម្រាប់ការព្យាបាលអ្នកញៀនគ្រឿង​ញៀនដោយផ្អែកលើសហគមន៍នៅតាមឃុំ-សង្កាត់ មាន​មេឃុំ ចៅសង្កាត់ ប្រធានមណ្ឌលសុខភាព នគរបាលប៉ុស្តិ៍រដ្ឋបាល មេភូមិ នាយកសាលា អាចារ្យ ប្រជាពលរដ្ឋ និងអ្នកស្ម័គ្រចិត្ត គណ:​កម្មការកិច្ចការនារីឃុំ-សង្កាត់ ដែលតួនាទីយ៉ាងសំខាន់ដើម្បីគាំទ្រជំរុញ ព្យាបាល​ ផ្តល់ប្រឹក្សា និងការព្យាបាលបន្តអ្នកញៀនគ្រឿងញៀនឱ្យបានជាប់លាប់ និងឲ្យអ្នកប្រើប្រាស់​ និងអ្នក​ញៀន​​គ្រឿង​ញៀន​នៅតាមមណ្ឌលសុខភាព​ ពេទ្យបង្អែក​ និងពេទ្យជាតិ​ ទាំង៤៥០កន្លែង​ ដោយមិនគិតថ្លៃ​ ចំណេញពេលវេលា​ អាចធ្វេីការបានជាធម្មតា។

សូមបញ្ជាក់ថា​ វគ្គបណ្តុះបណ្តាលនេះ​ បង្កេីតឡេីងក្រោមកិច្ចសហការរវាងអគ្គលេខាធិការ​ដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​និង​ក្រសួងសុខាភិបាល​ ក្រោមជំនួយឧបត្ថម្ភគាំទ្រពីអង្គការខាណា​៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print