នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ដឹកនាំកិច្ចប្រជុំ លទ្ធផលការងារប្រចាំខែកញ្ញា និងទិសដៅការងារខែតុលា ឆ្នាំ២០២០

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៤រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំ លទ្ធផលការងារប្រចាំខែកញ្ញា និងទិសដៅការងារខែតុលា ឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍។

ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី នាយឧត្តមសេនីយ៍ ឧត្តមសេនីយ៍ឯក ឧត្តមសេនីយ៍ទោ អគ្គនាយករង, ប្រធាននាយកដ្ឋានទាំងអស់ រួមជាមួយលោកស្នងការរងទទួលបន្ទុកអន្តោប្រវេសន៍ រាជធានី-ខេត្ត និងមន្ត្រីជំនាញដែលពាក់ព័ន្ធ។

បន្ទាប់ពីបានទទួលស្ដាប់របាយការណ៍ ដែលអានដោយឧត្តមសេនីយ៍ឯក ពុំ វិត្យា ប្រធាននាយកដ្ឋានរដ្ឋបាលសរុប និងមតិយោបល់ចូលរួម របស់លោកអគ្គនាយករង ប្រធាននាយកដ្ឋាន និងស្នងការរង រាជធានី-ខេត្ត រួចមក នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានមានប្រសាសន៍ បូកសរុបដែរថា ដោយស្ថានភាពនៃជំងឺកូវីដ-១៩ បានបណ្ដាលឲ្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ខកខានការប្រជុំប្រចាំខែជាច្រើនខែដែរ ដូចនេះកិច្ចប្រជុំពេលនេះដើម្បី ត្រួតពិនិត្យលើលទ្ធផលការងារ បញ្ហាប្រឈម ក្នុងរយៈពេលកន្លងមក។

លោក អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏បានណែនាំទៅដល់មន្រ្តីនៅតាមច្រកព្រំដែនទាំងអស់ ត្រូវបង្កើនការគ្រប់គ្រង់ពលរដ្ឋឆ្លងដែនដោយខុសច្បាប់ ដើម្បីធានាឲ្យបាន​នូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ នៅតាមច្រកទ្វាព្រំដែន និងទប់ស្កាត់ការចំណាកស្រុកដោយខុសច្បាប់ ជៀសផុតពីជំងឺឆ្លងកូវីដ-១៩។

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានណែនាំទៅដល់មន្រ្តីនគរបាលអន្តោប្រវេសន៍ទាំងអស់ ត្រូវបង្កើនកិច្ចសហការជាមួយ មន្រ្តីពាក់ព័ន្ធទាំងអស់ ដើម្បីបម្រើសេវាសាធារណៈជូនភ្ញៀវជាតិ និងអន្តរជាតិ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ជាពិសេសត្រូវបង្កើនកិច្ចការងារគ្រប់គ្រងជនអន្តោប្រវេសន៍ ឆ្លងដែនដោយខុសច្បាប់ និងពលរដ្ឋខ្មែរ លួចឆ្លងដោយខុសច្បាប់ ជាពិសេសប្រទេសថៃ ខណៈរាជរដ្ឋាភិបាលថៃ បានប្រកាសដាក់ប្រទេសស្ថិតនៅក្នុងគ្រាអាសន្នមួយខែបន្ថែមទៀត។

ការណែនាំបែបនេះ ធ្វើបន្ទាប់ពីពិនិត្យឃើញថា បើទោះបីជាជំងឺកូវីដ-១៩ នៅតែបន្តរាតត្បាតជាសកល ប៉ុន្តែពលករខ្មែរ​នៅតែព្យាយាមឆ្លងដែនខុសច្បាប់ តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ កើតមានជារៀងរាល់ថ្ងៃ ដោយសារតែកត្តាជីវភាព និងតាមការអូសទាញពីសំណាកមេខ្យល់ ដើម្បីចេញទៅធ្វើការងារ ខណៈក្នុងខែកញ្ញាកន្លងទៅនេះ ភាគីថៃ បានចាប់បញ្ជូនត្រឡប់មកវិញ ចំនួន ៣៦លើក ស្មើនឹង ៩៩៥នាក់ ក្នុងនោះស្រី ១៦៩នាក់ និងកុមារ ៦០នាក់។

ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុប លទ្ធផលការងារប្រចាំខែកញ្ញា និងលើកទិសដៅការងារបន្តខែតុលា ឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាព្រឹកថ្ងៃទី ៦ តុលានេះ នៅអគ្គនាយករដ្ឋានអន្តោប្រវេសន៍ នាយឧត្តមសេនីយ៍ ក៏បានជម្រុញទៅមន្រ្តីនគរបាលអន្តោប្រវេសន៍ទាំងអស់ ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ មានវិន័យ សេចក្ដីថ្លៃថ្នូរ ចេះគោរព និងឲ្យតម្លៃគ្នាទៅវិញទៅមក ដើម្បីប្រយោជន៍ជាតិ និងប្រជាជន និងជៀសវាងដាច់ខាតនូវការប្រើប្រាស់មុខងារ និងសិទ្ធិអំណាចរបស់ខ្លួន ដើម្បីប្រព្រឹត្តអំពើមិនគប្បី ការប្រព្រឹត្តអំពើពុករលួយ ការប្រកាន់បក្សពួក និងត្រូវប្រកាន់ខ្ជាប់នូវគុណសម្បត្តិ ៤យ៉ាង គឺ ឆន្ទៈម្ចាស់ការ មនសិការវិជ្ជាជីវៈ ភក្ដីភាព និងវប្បធម៌សេវាសាធារណៈ​៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print