គណៈកម្មាធិការរៀបចំការបោះឆ្នោតជាតិ Kyrgyzstan បានសម្រេចលុបចោលលទ្ធផលបោះឆ្នោតកាលពីថ្ងៃទី៤ខែតុលាក្រោយពីមានបាតុកម្មក្លាយជាអំពើហិង្សានៅរដ្ឋធានី Bishkek។
សារព័ត៌មាន TASS នៅថ្ងៃទី៦ខែតុលាបានដកស្រង់សេចក្តីប្រកាសរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោតជាតិ Kyrgyzstan ដែលបានបញ្ជាក់ថា «ពាក់ព័ន្ធនឹងការបំពានច្បាប់ក្នុងពេលបោះឆ្នោត និងដំណាក់កាលនៃការឃោសនាបោះឆ្នោត។ សមាជិកគណៈកម្មាធិការរៀបចំការបោះឆ្នោតបានសម្រេចលុបចោលលទ្ធផលបោះឆ្នោតជាផ្លូវការ ដោយបញ្ជាក់ថា ការបោះឆ្នោតកាលពីថ្ងៃទី៤ខែតុលាចាត់ទុកជា មោឃៈ។
ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោត Kyrgyzstan លោកស្រី Gulnara Dzhurabayeva បានបញ្ជាក់ថា បានជួបពិភាក្សាគ្នាស្តីពីសភាត្រូវរំសាយដោយស្វ័យប្រវត្តិ។ លោកស្រី Gulnara Dzhurabayeva បញ្ជាក់ថា«យើងខ្ញុំបានធ្វើឲ្យបាត់បង់កិត្តិយសរបស់ខ្លួនក្នុងការរៀបចំបោះឆ្នោត។ ហេតុដូច្នេះការលាលែងចេញពីតំណែងគឺជាការសម្រេចដ៏ត្រឹមត្រូវ»។
ការបោះឆ្នោតនៅ Kyrgyzstan កាលពីថ្ងៃទី ៤ខែតុលា ដោយមានបេក្ខភាពចូលរួមដល់ទៅ២០០០នាក់ មកពីគណបក្សចំនួន១៦ ដើម្បីដណ្តើមអាសនៈក្នុងសភាចំនួន១២០ មួយអាណត្តិ៥ឆ្នាំ ហើយបណ្តាគណបក្សទទួលបានការគាំទ្រចាប់ពី៧ភាគរយទើប មានកៅអីមួយក្នុងសភា។
តាមលទ្ធផលបោះឆ្នោត មានគណបក្សចំនួន៤ ក្នុងចំណោម១៦ មានការគាំទ្រគ្រប់គ្រាន់លើសពី៧ភាគរយ។ ចំណែកគណបក្ស១២ផ្សេងទៀតមិនទទួលបានមួយកៅអីណាឡើយ។ ប្រភពព័ត៌មានបានឲ្យដឹងថា ការបោះឆ្នោតមានការបន្លំ និងទិញសន្លឹកឆ្នោត៕