អន្តរជាតិ៖ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ថ្មីៗនេះ លោកឧត្តមសេនីយ៍ Chalermpol Srisawasdi មេបញ្ជាការកងទ័ពភូមិន្ទថៃការពារជាតិដែលទើបចូលកាន់តំណែងថ្មី អះអាងថា យោធានឹងមិនចូលរួមក្នុងនយោបាយនោះទេ ហើយចំពោះរដ្ឋប្រហារយោធា ក៏មិនស្ថិតនៅក្នុងការគិតរបស់កងទ័ពដែរ។
ជាក់ស្តែង ជាលើកដំបូងនៅថ្ងៃទី៥ ខែកញ្ញាថ្មីៗនេះ លោកឧត្តមសេនីយ៍ Chalermpol Srisawasdi បានជួបជាមួយមេបញ្ជាការថ្មីកងទ័ពជើងគោក ជើងទឹក ជើងអាកាស និងស្នងការប៉ូលិសជាតិ។ ក្រោយជំនួបនេះ លោក Chalermpol ត្រូវបានអ្នកសារព័ត៌មានសួរពីតួនាទីរបស់យោធានៅក្នុងរឿងនយោបាយ។ នេះបើតាមកាសែត Bangkok Post បានចុះផ្សាយ ។
លោកឧត្តមសេនីយ៍ Chalermpol បានឆ្លើយប្រាប់កាសែត Bangkok Post ថា៖ រឿងនយោបាយជាប់ពាក់ព័ន្ធនឹងការគ្រប់គ្រងប្រទេសតាមច្បាប់ ឯយោធាធ្វើជាយន្តការរបស់រដ្ឋាភិបាលក្នុងកិច្ចការសង្គម និងសេដ្ឋកិច្ច។ បន្ថែមពីនេះលោកឧត្តមសេនីយ៍ បានសង្កត់ធ្ងន់ថា៖«ចំពោះបញ្ហានយោបាយ យោធាមិនមានចូលពាក់ព័ន្ធទេ ទោះបីយោធាចូលរួមដោយផ្ទាល់នៅក្នុងសន្តិសុខរដ្ឋក៏ដោយ ព្រោះនេះជាកាតព្វកិច្ចរបស់យោធា។ វាជាកាតព្វកិច្ចដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ»។
ដោយឡែកចំពោះការធានាថា នឹងមិនមានរដ្ឋប្រហារយោធានោះ លោកឧត្តមសេនីយ៍ Chalermpol បានបញ្ជាក់ទៀតថា ការធ្វើរដ្ឋប្រហារមិនមែនជាផ្នែកនៃផែនការសកម្មភាពរបស់យោធានោះទេ។ លោកក៏បានដាក់គោលនយោបាយរបស់កងកម្លាំងប្រដាប់អាវុធរួមមាន ការការពាររាជានិយម ការពារជាតិ ការរក្សាសន្តិសុខរបស់រដ្ឋ ការកសាងកិច្ចសហប្រតិបត្តិការសន្តិសុខជាមួយប្រទេសដទៃ គាំទ្រកិច្ចខិតខំប្រឹងប្រែងដើម្បីអភិវឌ្ឍប្រទេស និងការពារគ្រោះមហន្តរាយធម្មជាតិ។
លើសពីនេះ នៅពេលសារព័ត៍មានចោទសួរអំពីតួនាទីរបស់មេដឹកនាំកងកម្លាំងប្រដាប់អាវុធ ក្នុងនាមជាសមាជិកព្រឹទ្ធសភា លោកមេបញ្ជាការកងទ័ពថៃរូបនេះ ក៏បាននិយាយថា ពួកគេទទួលតួនាទីនេះក្នុងរយៈពេលប្រាំឆ្នាំតាមការកំណត់ក្នុងរដ្ឋធម្មនុញ្ញតែប៉ុណ្ណោះ។
គួររម្លឹកផងដែរថា ក្រោមរដ្ឋធម្មនុញ្ញបច្ចុប្បន្នដែលតាក់តែងដោយយោធាក្រោយរដ្ឋប្រហារឆ្នាំ២០១៤ មេទ័ពជើងគោក ជើងទឹក ជើងអាកាសអគ្គមេបញ្ជាការ លេខាធិកាអចិន្ត្រៃយ៍ក្រសួងការពារជាតិ និងមេប៉ូលិស មានតំណែងជាសមាជិកព្រឹទ្ធសភា ៕ដោយ៖ស តារា