មន្រ្តីជាន់ខ្ពស់​ចិនប្រចាំUN និង​ប្រទេស​២៥​ផ្សេងទៀត ទាមទារ​ឲ្យ​បណ្ដា​ប្រទេស​លោកខាងលិច ដកហូត​ទណ្ឌកម្ម​ជាបន្ទាន់

ចែករំលែក៖

អន្តរជាតិ៖ ដើម្បី​ធានា​នូវ​ការឆ្លើយតប​ប្រកបដោយ​ប្រសិទ្ធភាព​ប្រឆាំង​ជំងឺ​រាតត្បាត​សកល​កូ​វីដ​-១៩​ កាលពីថ្ងៃទី​៥ ខែតុលាថ្មីៗនេះ មន្រ្តីជាន់ខ្ពស់​ចិនប្រចាំ UN និង​ប្រទេស​ចំនួន២៥​ផ្សេងទៀត បានទាមទារ​ឲ្យ​ដកហូត​ទណ្ឌកម្ម​ជាបន្ទាន់ ដែល​ដាក់​ដោយ​សហរដ្ឋអាមេរិក និង​បណ្ដា​ប្រទេស​លោកខាងលិច​។

​បើតាមអគ្គរដ្ឋទូត​ចិន​ប្រចាំ UN លោក Zhang Jun ថ្លែង​ជំនួសមុខ​ឲ្យ​ប្រទេស​ទាំង​២៦​នៅ​កិច្ចប្រជុំ​មួយ​នៃ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ​(UN) បាន​បញ្ជាក់ថា វិធានការ​បង្ខិតបង្ខំ​លក្ខណៈ​ឯកតោភាគី បាន​រំលោភបំពាន​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និន្នាការ​ពហុភាគី​និយម និង​រារាំង​ដល់​ការគោរព​សិទ្ធិមនុស្ស តាមរយៈ​ការបង្អាក់​ដល់​សុខុមាលភាព​ប្រជាជន​ក្នុងប្រទេស​ដែល​រងគ្រោះ​ដោយសារ​ជំងឺ​កូ​វីដ​-១៩ និង​ប៉ះពាល់​ដល់​សិទ្ធិ​ទទួលបាន​ការថែទាំ​សុខភាព​។​

​​ក្នុង​សេចក្តីថ្លែងការណ៍​រួមប្រទេស​ទាំង​២៦​នេះ បានបញ្ជាក់​ថា​៖«​សាមគ្គី​ភាពជា​សកល​និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ គឺជា​អាវុធ​ដ៏​មាន​ឥទ្ធិពល​បំផុត ក្នុងការ​ប្រយុទ្ធ​និង​យកជ័យ​ជម្នះ​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩»​។ ឆ្លៀត​ក្នុងឱកាស​នេះ ប្រទេស​ទាំងនេះ​ជ​បានស្នើ​ឲ្យ​ដកហូត​ទាំងស្រុង​និង​បន្ទាន់​នូវ​ទណ្ឌកម្ម​ដែល​ដាក់​ដោយ​សហរដ្ឋអាមេរិក​និង​បណ្ដា​ប្រទេស​លោកខាងលិច ក្នុង​គោលដៅ​ធានា​ឲ្យ​បាន​នូវ​ការឆ្លើយតប​យ៉ាង​ពេញលេញ និង​មាន​ប្រសិទ្ធភាព​របស់​សមាជិក​ទាំ​ង​អស់នៃ​សហគមន៍​អន្តរជាតិ​ប្រឆាំង​កូ​វីដ​-១៩​។​

​សេចក្តីថ្លែងការណ៍​រួម​ដដែល​នេះ ក៏បាន​កត់សម្គាល់ថា ទាំង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស និង​ស្នងការ​សិទ្ធិមនុស្ស UN អ្នកស្រី Michelle Bachelet បាន​ទទូច​ឲ្យ​លើកលែង​ទណ្ឌកម្ម​ដែល​ប៉ះពាល់​ដល់​សមត្ថភាព​ប្រទេស​ណាមួយ​ក្នុងការ​ឆ្លើយតប​ជំងឺ​រាតត្បាត​សកល​នេះ​ផងដែរ​។​

ជាក់ស្តែងក្នុងចំណោម​បណ្ដា​ប្រទេស​ដែល​គាំទ្រ​សេចក្តីថ្លែងការណ៍​នេះ គឺ​ពាក់កណ្ដាល​ហើយ​ដែល​ស្ថិតក្រោម​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក សហភាព​អឺរ៉ុប ឬ​ប្រទេស​លោកខាងលិច​ផ្សេងទៀត រួមមាន គុយបា កូរ៉េខាងជើង អ៊ីរ៉ង់ រុស្ស៊ី ស៊ី​រី និង​វេ​ណេ​ស៊ុយ​អេ​ឡា​។

​គួរបញ្ជាក់ថា ទោះ​មិនទាន់មាន​ការឆ្លើយតប​ណាមួយ​ពី​សំណាក់​ស្ថាន​បេសកកម្ម​អាមេរិក​ប្រចាំ UN ក៏ដោយ។ ចំណែកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ UN លោក Christoph Heusgen ក៏បាន​សង្កត់ធ្ងន់ថា៖ ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប ពុំ​ប៉ះពាល់​ដល់​ការដឹកជញ្ជូន​ជំនួយ​មនុស្សធម៌ ឬ​សម្ភារ​សុខាភិបាល ដែល​នឹង​ជះឥទ្ធិពល​លើ​ការឆ្លើយតប​របស់​ប្រទេស​ណាមួយ​ប្រឆាំង​កូ​វីដ​-១៩​ឡើយ​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print