អន្តរជាតិ៖ ត្រឹមរយៈពេល២៤ម៉ោងប៉ុណ្ណោះ ប្រទេសលីប៊ី ប្រកាសថា៖ ខ្លួនបានរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន ១,០៣១នាក់បន្ថែមទៀត ដែលនាំឱ្យករណីឆ្លងសរុបនៅទូទាំងប្រទេសបានកើនឡើងដល់ ៣៨,៤៦៨ករណីហើយ ។នេះបើយោងតាមមជ្ឈមណ្ឌលជាតិបង្ការជំងឺឆ្លងលីប៊ី បានរាយការណ៍នៅថ្ងៃអង្គារទី៦ ខែតុលា ឆ្នាំ២០២០ម្សិលមិញនេះ ។
មជ្ឈមណ្ឌលជាតិបង្ការជំងឺឆ្លងលីប៊ី បានបញ្ជាក់ទៀតថា ចំណែកចំនួនអ្នកស្លាប់ថ្មីៗ ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះដូចគ្នា មាន៦នាក់ក៏ត្រូវកត់ត្រាផងដែរ ដែលនាំឱ្យចំនួនអ្នកស្លាប់ សរុបនៅទូទាំងប្រទេសបានកើនឡើងដល់ ៦០២នាក់ ។ ខណៈអ្នកជាសះស្បើយក៏បានកើនឡើងដល់ ២២,៤១០នាក់ផងដែរ បន្ទាប់ពីអ្នកជម្ងឺ ៣៣៤នាក់ទៀត បានជាសះស្បើយ និងអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ។
គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលលីប៊ី ដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺឆ្លងរាតត្បាតសកល (COVID-19) ក៏បានចាត់វិធានការបង្ការទុកជាមុនចាប់តាំងពីករណីឆ្លងដំបូង ត្រូវបានរាយការណ៍កាលពីខែមីនាមកម្ល៉េះ។ ចំពោះវិធានការណ៍ទាំងនោះរួមមាន៖ ការបិទព្រំដែន សាលារៀន និងវិហារអ៉ីស្លាម រួមទាំងការហាមឃាត់មិនឲ្យមានការជួបជុំនៅតាមទីសាធារណៈ និងការដាក់បំរាមគោចរផងដែរ៕ដោយ៖ស តារា