រឿងព្រេងខ្មែរ÷រឿងគាមណី​សេដ្ឋី​លួច​ទឹក​ឃ្មុំ កុណ្ឌល​សេដ្ឋី

ចែករំលែក៖

មាននិទានមួយថា មាន​សេដ្ឋី ២ នាក់ឈ្មោះកុណ្ឌលសេដ្ឋី ម្នាក់​ឈ្មោះ​គាមណី​សេដ្ឋី អ្នក​ទាំង ២ ស្រលាញ់​គ្នា​ណាស់ យក​គ្នា​ធ្វើ​ក្លើ ។ ឯ​កុណ្ឌល​សេដ្ឋី​យក​ទឹក​ឃ្មុំ​ប្រាំ​រយ​ពិន្ទង១ ទៅ​ផ្ញើ​ទុក​នៅ​ផ្ទះ គាមណី​សេដ្ឋី ៗ ជា​ក្លើ​ទទួល​យក​ទឹក​ឃ្មុំ​នោះ​ទុក​ហើយ កុណ្ឌល​សេដ្ឋី​លា​ទៅ​ជួញ​ជា​អំឡុង​យូរ​ទៅ ។ គាមណី​សេដ្ឋី​ចោះ​បាត​ពិន្ទង​បង្ហូរ​យក​ទឹក​ឃ្មុំ​ចេញ​អំពី​ពិន្ទង​ទាំង​ប្រាំ​រយ​នោះ ។ យូរ​ទៅ កុណ្ឌល​សេដ្ឋី​មក​អំពី​ជួញ​វិញ​បាន​យក​ចំណី​ផ្លែ​ឈើ​ផង​ទៅ​ជូន​ក្លើ ហើយ​និយាយ​ថា “ខ្ញុំ​សុំ​យក​ពិន្ទង​ទឹក​ឃ្មុំ​អំពី​ក្លើ” ។ ទើប​គាមណី​សេដ្ឋី​ប្រាប់​ថា “ក្លើ​អើយ ឥឡូវ​នេះ កណ្ដុរ​វា​ចោះ​បាត​ពិន្ទង ផឹក​ទឹក​ឃ្មុំ​ក្លើ អស់​ទៅ​ហើយ” ។ កុណ្ឌល​សេដ្ឋី​និង​គាមណី​សេដ្ឋី​ប្រកែក​ជជែក​គ្នា ហើយ​នាំ​ក្ដី​នោះ​ទៅ​ប្ដឹង​ចៅក្រម ជំនុំ​ពុំ​បាន​ក៏​នាំ​គ្នា​ទៅ​គាល់​ព្រះមហាក្សត្រ ។ ឯ​កុណ្ឌល​សេដ្ឋី​ក្រាប​ទូល​ថា “ ខ្ញុំ​ព្រះបាទ​អម្ចាស់​យក​ទឹក​ឃ្មុំ​ប្រាំ​រយ​ពិន្ទង ទៅ​ផ្ញើ​គាមណី​សេដ្ឋី​ជា​ក្លើ ហើយ​ខ្ញុំ​ព្រះបាទ​អម្ចាស់​ទៅ​ជួញ លុះ​ខ្ញុំ​ព្រះបាទ​អម្ចាស់​វិល​មក​វិញ​ទៅ​សុំ​យក​ទឹក​ឃ្មុំ​ពី​ក្លើ​ ៗ ប្រាប់​ខ្ញុំ​ព្រះបាទ​អម្ចាស់​ថា “កណ្ដុរ​វា​ចោះ​បាត​ពិន្ទង​ទាំង​ប្រាំ​រយ​ផឹក​ទឹក​ឃ្មុំ​អស់ ខ្ញុំ​ព្រះបាទ​អម្ចាស់​ពុំ​សុខ​ចិត្ត​ទើប​មក​ក្រាប​ទូល​សូម​ព្រះអង្គ​ទ្រង់​ពិចារណា​ហោង” ។ ឯ​គាមណី​សេដ្ឋី​ក្រាប​បង្គំ​ទូល​ថា “ក្លើ​នេះ​បាន​យក​ពិន្ទង​ទឹក​ឃ្មុំ​ប្រាំ​រយ​មក​ផ្ញើ​នឹង​ខ្ញុំ​ព្រះបាទ​អម្ចាស់​ពិត​មែន, តែ​កណ្ដុរ​វា​ចោះ​ពិន្ទង​ទាំង​ប្រាំ​រយ​ផឹក​ទឹក​ឃ្មុំ​អស់ ខ្ញុំ​ព្រះបាទ​អម្ចាស់​ប្រាប់​ដូច្នេះ គាត់​ពុំ​ជឿ​បាន​ជា ខ្ញុំ​ព្រះបាទ​អម្ចាស់​មក​ក្រាប​បង្គំ​ទូល​ព្រះអង្គ សូម​ទ្រង់​ព្រះចិន្ដា​ពិចារណា​ហោង” ។ ព្រះ​មហាក្សត្រ​ទ្រង់​ជ្រាប​នូវ​ដំណើរ​ការណ៍​សេដ្ឋី​ទាំង ២​នោះ​ហើយ ទើប​ទ្រង់​មាន​ព្រះបន្ទូល​ថា “ហៃ​សេដ្ឋី​ទាំង ២ អើយ ! កុំ​ព្រះស្ដែង​ក្ដី​នឹង​គ្នា​ឡើយ ដែល​ព្រះស្ដែង​ស្រលាញ់​គ្នា​អំពី​ដើម​ដូច​ម្ដេច ចូរ​ព្រះ​ស្ដែង​ស្រលាញ់​គ្នា​ឲ្យ​ដូច​ដែរ​នោះ​ទៅ” ។ ឯ​គាមណី​សេដ្ឋី​ឮ​ព្រះបន្ទូល​ដូច្នោះ​ក៏​ក្រាប​លា​ទៅ​លំនៅ​អាត្មា ។ ក្រោយ​នោះ​ព្រះមហាក្សត្រ មាន​ព្រះបន្ទូល​ដណ្ដឹង​ទៅ​កុណ្ឌល​សេដ្ឋី​ថា “ គាមណី​សេដ្ឋី​មាន​កូន​ឬ​ឥត​កូន ?” កុណ្ឌល​សេដ្ឋី​ក្រាប​បង្គំ​ទូល​ថា “មាន​កូន” ។ ទើប​ព្រះអង្គ​មាន​ព្រះ​បន្ទូល​ថា “ បើ​មាន, ចូរ​ព្រះស្ដែង​ទៅ​លួង​លោម​ហៅ​មក បើ​បាន​មក​ហើយ ព្រះស្ដែង​ត្រលប់​វិល​ទៅ​ព្រមាន​គាមណី​ថា កូន​ក្លើ​ឯង​ខ្លែង​ឆាប​យក​ទៅ​ហើយ​អញ​បង្អើល វា​ពុំ​ទម្លាក់​សោះ” ។ កុណ្ឌល​សេដ្ឋី​ស្ដាប់​ព្រះបន្ទូល​ដូច្នោះ​ថ្វាយ​បង្គំ​លា​ទៅ​លំនៅ​អាត្មា ហើយ​ទៅ​ប្រលោម​លួង​លោម​បាន​កូន​គាមណី​សេដ្ឋី​យក​ទៅ​លាក់​ទុក​នៅ​ទី​កំបាំង ហើយ​វិល​ទៅ​ប្រាប់​ថា “ក្លើ​អើយ ! អញ​យក​កូន​ក្លើ​ទៅ ឥឡូវ​ខ្លែង​វា​ឆាប​យក​ទៅ​អញ​ដេញ​បង្អើល​វា​ពុំ​ទម្លាក់​ឡើយ ” ។ កាល​បើ​ឮ​ដូច្នោះ គាមណី​សេដ្ឋី​ខឹង​ពន់​ពេក ហើយ​នាំ​កុណ្ឌល​សេដ្ឋី​ឡើង​ទៅ​ក្រាប​បង្គំ​ទូល​ព្រះមហាក្សត្រ​ថា “កុណ្ឌល​សេដ្ឋី​នេះ​យក​កូន​ខ្ញុំ​ព្រះបាទ​អម្ចាស់​ទៅ​នៅ​ផង លុះ​អំឡុង​យូរ​ទៅ​គាត់​ថា ខ្លែង​វា​ឆាប​កូន​ខ្ញុំ​ព្រះបាទ​អម្ចាស់, សូម​ទាន​ព្រះអង្គ​ទ្រង់​ព្រះ​ពិចារណា” ។ ឯ​កុណ្ឌល​សេដ្ឋី​ក្រាប​បង្គំ​ទូល​ថា “ខ្ញុំ​ព្រះបាទ​អម្ចាស់​យក​កូន​ក្លើ​នេះ​មក​ពិត​មែន ខ្ញុំ​ព្រះបាទ​អម្ចាស់​ពុំ​លាក់​ទេ តែ​ខ្លែង​វា​ឆាប​យក​ទៅ គាត់​ពុំ​ជឿ​ខ្ញុំ​ព្រះបាទ​អម្ចាស់​ឡើយ សេចក្ដី​នេះ​ពុំ​ចេរ សូម​ទ្រង់​ព្រះ​ពិចារណា​ហោង” ។ ព្រះមហាក្សត្រ​ទ្រង់​ជ្រាប​ដំណើរ​ការ​សេដ្ឋី​ទាំង ២ ហើយ​ទ្រង់​មាន​ព្រះបន្ទូល​ថា “សេដ្ឋី​អើយ ! បើ​ខ្លែង​ឆាប​យក​កូន​ព្រះស្ដែង​ទៅ​ដូច្នោះ ត្រូវ​ព្រះស្ដែង​ទាំង ២ នាក់​ធ្វើ​សច្ចាធិដ្ឋាន​នឹង​គ្នា​ថា “សូម​ឲ្យ​គាមណី​សេដ្ឋី​បាន​ទឹក​ឃ្មុំ​ពេញ​ពិន្ទង​ដូច​ដែល​វិញ ឲ្យ​ខ្លែង​ទម្លាក់​កូន​មក​ឲ្យ​កុណ្ឌល​សេដ្ឋី​ដូច​ដែល​វិញ ”បើ​ព្រះស្ដែង​ទាំង ២ ស្រលាញ់​គ្នា​មែន​នឹង​បាន​សេចក្ដី​សម្រេច​ប្រាថ្នា​ពុំ​ខាន, បើ​បាន​ដូច​សច្ចាធិដ្ឋាន​ព្រះស្ដែង​ទាំង ២ ហើយ ចូរ​ព្រះស្ដែង​នាំ​គ្នា​មក​កាន់​អញ​វិញ” ។ កាល​ព្រះមហាក្សត្រ មាន​ព្រះបន្ទូល​ដូច្នេះ​ហើយ សេដ្ឋី​ទាំង ២ ក្រាប​បង្គំ​លា​ទៅ​លំនៅ​ទីទៃ ៗ ។ គាមណី​សេដ្ឋី​យក​ទឹក​ឃ្មុំ​ចាក់​ពេញ​ពិន្ទង​ទាំង​ប្រាំ​រយ ដូច​ដែល​ហើយ នាំ​ឡើង​ថ្វាយ​ព្រះមហាក្សត្រ ។ កុណ្ឌល​សេដ្ឋី​ឮ​ថា​គាមណី​សេដ្ឋី​យក​ទឹក​ឃ្មុំ​ទៅ​ថ្វាយ ក៏​យក​កូន​ទៅ​ថ្វាយ​ដែរ ។ ព្រះមហាក្សត្រ​មាន​ព្រះបន្ទូល ឲ្យ​យក​ទឹក​ឃ្មុំ​ទៅ​ឲ្យ​កុណ្ឌល​សេដ្ឋី ហើយ​ឲ្យ​យក​កូន​អំពី​កុណ្ឌល​សេដ្ឋី​មក​ឲ្យ​គាមណី​សេដ្ឋី ហើយ​មាន​ព្រះបន្ទូល​ថា “ ព្រះស្ដែង​ទាំង ២ កុំ​អាក់​អន់​ចិត្ត​នឹង​គ្នា ចូរ​ស្រលាញ់​គ្នា​ដូច​ដើម​វិញ​ទៅ ” ។ សេដ្ឋី​ទាំង ២ ទទួល​ព្រះបន្ទូល​ហើយ​ក្រាប​ថ្វាយ​បង្គំ​លា​ទៅ​កាន់​លំនៅ ទីទៃ ៗ ហោង ៕ (ចប់)
កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត
(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print