កូរ៉េខាងត្បូង បានសន្យាថា នឹងខិតខំឈានទៅរកការបញ្ចប់សង្គ្រាមឧបទ្វីបរវាងកូរ៉េខាងជើង និងខាងត្បូង បើទោះបីមានមន្ត្រីកូរ៉េខាងត្បូងមួយរូបត្រូវទាហានកូរ៉េខាងជើងបាញ់សម្លាប់នាពេលថ្មីៗនេះក្តី។
ក្រសួងការបរទេសកូរ៉េខាងត្បូង បានបញ្ជាក់នៅថ្ងៃទី ៧ខែតុលាថា ប្រទេសនេះបានខិតខំជំរុញឲ្យមានសេចក្តីប្រកាសស្តីពីការបញ្ចប់សង្គ្រាមឧបទ្វីបកាលពីឆ្នាំ១៩៥០-១៩៥៣ ។ ជាមួយគ្នានោះនឹងបង្កើតទំនាក់ទំនងទ្វេភាគីឱ្យកាន់តែប្រសើរឡើងលើគ្រប់វិស័យ ពិសេសគឺវិស័យពាណិជ្ជកម្ម។
នៅក្នុងសេចក្តីព្រាងច្បាប់ផ្ញើទៅកាន់រដ្ឋសភាកូរ៉េខាងត្បូង ក្រសួងការបរទេសប្រទេសនេះបានបញ្ជាក់ថា ការតភ្ជាប់កិច្ចពិភាក្សាជាមួយកូរ៉េខាងជើង និងមូលដ្ឋានគ្រឹះនៃសន្តិភាពយូរអង្វែងនៅឧបទ្វីបកូរ៉េគឺជារឿងសំខាន់បំផុត ដើម្បីសន្តិភាពយូរអង្វែងនៅឧបទ្វីបកូរ៉េ។
កន្លងមកកម្លាំងទាហានការពារដែនសមុទ្រកូរ៉េខាងជើងបានបាញ់សម្លាប់មន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូង ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ទំនាក់ទំនងប្រទេសទាំងពីរ។ ក្នុងពេលនោះកូរ៉េខាងត្បូងក៏បានបញ្ជាឲ្យកម្លាំងទាហានត្រៀមលក្ខណៈដើម្បីធ្វើសង្គ្រាម ។ ប៉ុន្តែក្រោយមក មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន បានធ្វើរឿងរ៉ាវដ៏កម្រមួយគឺ សុំទោសកូរ៉េខាងត្បូងពីករណីបាញ់សម្លាប់មន្ត្រីកូរ៉េខាងត្បូងនោះ។
ដោយមានទំនាក់ទំនងល្អប្រសើរ ក្រសួងការបរទេសកូរ៉េខាងត្បូងនឹងខិតខំជំរុញកិច្ចពិភាក្សារវាងកូរ៉េខាងជើង និឹងអាមេរិកដើម្បីបញ្ចប់សង្គ្រាមឈានដល់សន្ធិសញ្ញាសន្តិភាពពេញលេញ ។ សូមបញ្ជាក់ផងដែរថា សង្គ្រាមបានបញ្ចប់ទៅកាលពីឆ្នាំ១៩៥៣ ដោយកិច្ចព្រមព្រៀងឈប់បាញ់តែប៉ុណ្ណោះ ដូច្នេះប្រទេសទាំងពីរស្ថិតនៅដំណាក់កាលនៃសង្គ្រាមនៅឡើយ ៕