បំពុលសត្វឆ្កែងាប់៥ក្បាលរួចកាត់បន្លាលួសព័ទ្ធក្រោលក្របីលួចអស់៣ក្បាលដោយសុវត្ថិភាព

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ សូមបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់បង្កើនការប្រុងប្រយ័ត្នចំពោះទ្រព្យសម្បត្តិ ជាពិសេសសត្វពាហនៈ(គោ.ក្របី) ព្រោះក្រុមចោរបានចេញធ្វើសកម្មភាពទៀតហើយ បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈកន្លងមកនោះ។ ជាក់ស្ដែងកាលពីពេលថ្មីៗនេះក្រុមចោរបានធ្វើសកម្មភាពបំពុលសត្វឆ្កែ រួចលួចសត្វពាហនៈ(ក្របី)ចំនួន៣ក្បាលគេចខ្លួនដោយសុវត្ថិភាព ។ករណីចោរកម្មបំពុលសម្លាប់សត្វឆ្កែលួចសត្វក្របីប្រជាពលរដ្ឋនេះ ត្រូវបានគេសង្ស័យថាបានកើតឡើងក្នុងចន្លោះម៉ោងជាង៨ទៅជាង៩យប់ ថ្ងៃអង្គារ ៤រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ ត្រង់ចំណុចអង់ចំទើត ស្ថិតក្នុងភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនានាជុំវិញកន្លែងកើតហេតុបានឱ្យដឺងថា នៅយប់ថ្ងៃកើតហេតុមានករណីក្រុមចោរធ្វើសកម្មភាពដាក់ថ្នាំបំពុលសត្វឆ្កែ២កន្លែងក្បែរគ្នាបណ្ដាលឲ្យងាប់សត្វឆ្កែចំនួន៥ក្បាល ដោយមួយកន្លែងងាប់សត្វឆ្កែចំនួន២ក្បាល ប៉ុន្តែពុំបណ្ដាលឲ្យបាត់បង់ទ្រព្យសម្បត្តិនោះទេ។ ចំណែកមួយកន្លែងទៀតងាប់សត្វឆ្កែចំនួន៣ក្បាល រួចពួកចោរបានកាត់លួសបន្លាព័ទ្ធក្រោលក្របី និងកាត់កណ្ដឹងក្របី លួចដឹកមេក្របីធំៗអស់ចំនួន៣ក្បាលយកទៅបាត់ដោយសុវត្ថិភាព ។

ប្រភពព័ត៌មានបន្តទៀតថា ម្ចាស់សត្វពាហនៈ(ក្របី)ដែលក្រុមចោរលួចយកទៅបាត់នោះឈ្មោះ ប៉ៃ សារិន ភេទប្រុស អាយុ ៦២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ។ គាត់(ប៉ៃ សារិន)បាននិយាយប្រាប់គេថា នៅយប់កើតហេតុមេឃភ្លៀងពីតិចទៅច្រើនរហូត។ លុះនៅវេលាម៉ោងប្រមាណ១០យប់ទើបឃើញសត្វឆ្កែងាប់ និងបាត់មេក្របីធំៗចំនួន៣ក្បាល តែភ្លាមៗនោះគាត់ពុំបានផ្ដល់ព័ត៌មានទៅសមត្ថកិច្ចទេ ដោយរវល់តែនាំគ្នាដើររកសត្វក្របី ប៉ុន្តែពុំមានដំណឹងអ្វីនោះឡើយរហូតដល់ម៉ោងនេះនោះ ៕

ដោយ៖ បុឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print