ខេត្តកំពង់ឆ្នាំង ៖ កម្មករកម្មការិនី១៥នាក់បានរងរបួសធ្ងន់និងស្រាលនៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយរថយន្តពីរគ្រឿងបានបុកគ្នាកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី៨ ខែតុលាឆ្នាំ២០២០ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៣៩-៤០ ក្នុងភូមិសាស្រ្តភូមិជន្លាត់ដៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្តដឹកកម្មករមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយពាក់ស្លាកលេខភ្នំពេញ ៣B-៤៦៤៩ ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងដឹកកម្មករពីស្រុកថ្ពង ខេត្តកំពង់ស្ពឺ មករោងចក្រខេត្តកំពង់ឆ្នាំង។ នៅពេលបើកមកដល់ចំណុចកើតហេតុរថយន្តដឹកកម្មករនេះបានទៅបុករថយន្តហ៊ីណូមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ ៣B-៧៩១០និងមានសឺមីរុឺម៉ក ពាក់ស្លាកលេខព្រះសីហនុ ៤A-៣៤៨៣ បើកបរដោយឈ្មោះ ពៅ ពេជ្រ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅស្រុកក្រគរ ខេត្តពោធិសាត់បានបុកគ្នាពេញមួយទំហឹង បណ្តាលឲ្យកម្មការិនីដែលនៅក្នុងរថយន្តស្រែកទ្រហឹងពេញក្នុងរថយន្ត ។ ក្រោយពេលកើតហេតុម្ចាស់រថយន្តដឹកកម្មករកម្មការិនីបានរត់គេចខ្លួនបាត់ ចំណែកកម្មការិនីរងគ្រោះត្រូវបានដឹកយកសង្រ្គោះនៅមន្ទីរពេទ្យ ។ ចំណែកមធ្យោបាយបង្ករត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសាមគ្គីមានជ័យដើម្បីបន្តនីតិវិធី ៕
ដោយ៖ចន្ថា