ខេត្តពោធិ៍សាត់ ៖ យ៉ាងហោចមានមនុស្សចំនួន៣នាក់ បានស្លាប់បាត់បង់ជីវិតជាបន្តបន្ទាប់ ក្នុងករណីលង់ទឹកនៅកន្លែងផ្សេងគ្នានាថ្ងៃពុធ ៥រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ កន្លងទៅនេះនៅខេត្តពោធិ៍សាត់។
ហេតុការណ៍ខាងលើនេះបានកើតឡើងនៅ៣កន្លែងផ្សេងគ្នាដោយទី១នៅភូមិដង្គារ សង្កាត់ផ្ទះព្រៃក្រុងពោធិ៍សាត់ ក្មេងប្រុសឈ្មោះ សឿន សំណាង អាយុ ១៤ឆ្នាំម្នាក់ បានលង់ទឹកប្រឡាយស្លាប់ សង្ស័យបណ្ដាលមកពីចុះលេងទឹកខណៈទឹកកំពុងហូរកួចខ្លាំង ។
ករណីទី២បានកើតឡើង នៅផ្ទះផែបណ្ដែតលើផ្ទៃទឹកបឹងទន្លេសាប ត្រង់ចំណុចអន្លង់រាំង ស្ថិតនៅភូមិកំពង់ឡ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ បណ្ដាលឲ្យក្មេងប្រុសឈ្មោះ ចឿន វេហា អាយុ ៣ឆ្នាំស្លាប់ សង្ស័យបណ្ដាលមកពីការធ្វេសប្រហែសរបស់ឪពុកម្ដាយ ។
ចំណែកករណីទី-៣ បានកើតឡើង នៅភូមិពោធិ៍តាគួយ សង្កាត់លលកស ក្រុង.ខេត្តពោធិ៍សាត់ បណ្ដាលឲ្យបុរសម្នាក់ឈ្មោះ ឈុន រិទ្ធី អាយុ ៤០ឆ្នាំបានស្លាប់ផងដែរ ដែលអាចបណ្ដាលមកពីជនរងគ្រោះស្កន់ជ្រូកប្រកាច់ចូលទឹក ។
ក្នុងករណីកើតមានលង់ទឹកស្លាប់៣លើកបែបនេះ អាជ្ញាធរខេត្តបានអំពាវនាវដល់បងប្អូនជនរូមជាតិក្នុងខេត្តទាំងអស់សូមមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ខណៈធាតុអាកាសមានសម្ពាធទាប និងធ្លាក់ភ្លៀងជាបន្តបន្ទាប់ស្ទើរគ្រប់តំបន់ ធ្វើឲ្យជំនន់ទឹកភ្លៀងតាមអូរ ស្ទឹង បឹង ទន្លេហូរខ្លាំង និងជន់លិចលង់ស្ទើរគ្រប់ទិសទី ៕
ដោយ ÷បុឹម ពិន