ខេត្តកណ្ដាល៖ ជនសង្ស័យជាជនជាតិវៀតណាមម្នាក់ ព្រោះតែខឹងនឹងជនជាតិឥណ្ឌូនេស៊ីម្នាក់ដែលកំពុងមានទំនាក់ទំនងស្នេហាជាមួយនឹងសង្សាររបស់ខ្លួន ក៏ថតជាវីដេអូឃ្លីបបញ្ចេញសកម្មភាពគំរាមកំហែងថានឹងសម្លាប់ រួចផ្ញើទៅឲ្យជនរងគ្រោះជាជនជាតិឥណ្ឌូនេស៊ីនោះ ជាហេតុធ្វើឲ្យសង្សារភ័យក៏ប្តឹងទៅសមត្ថកិច្ចឲ្យចាប់ខ្លួន។ ករណីចាប់ខ្លួនជនសង្ស័យនេះធ្វើឡើងនៅវេលាម៉ោង១១និង១០នាទី ដែលករណីនេះបានកើតឡើងកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ២២និង២៨នាទី
ស្ថិតក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។
មន្ត្រីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ង្វៀង យុាំងឡឺយ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល មុខរបរបេីកបរម៉ូតូកង់បី។ ចំណែកជនរងគ្រោះ ឈ្មោះហ្វឺរី(FERRY) ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី ស្នាក់នៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល មុខរបរបុគ្គលិកក្រុមហ៊ុនកាស៉ីណូក្រោន(ផ្នែកអនឡាញ)។
ប្រភពដដែលបន្តថា កន្លងមកជនសង្ស័យបានស្រលាញ់នារីម្នាក់ឈ្មោះ គីម ង៉ុក អាយុ២៩ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅប្រទេសវៀតណាម។ ក្រោយមកក៏បានដឹងដំណឹងថា ឈ្មោះ
គីម ង៉ុក ត្រូវជាសង្សាររបស់ខ្លួន បានមានទំនាក់ទំងស្នេហាជាមួយឈ្មោះ ហ្វឺរី FERRY ជាជនជាតិឥណ្ឌូនេស៊ី។នៅពេលនោះជនសង្ស័យក៏កើតមានចិត្តខឹង ហើយក៏បានថតជាឃ្លីបវីដេអូក្នុងទូរស័ព្ទដៃរបស់ខ្លួនដោយនៅដៃមានកាន់ដាវ រួចបាននិយាយជាភាសាខ្មែរ និងជាភាសាវៀតណាមគំរាមសម្លាប់ទៅលើជនរងគ្រោះ។ពេលថតជាឃ្លីបវីដេអូរួចជនសង្ស័យក៏បានផ្ញើឃ្លីបវីដេអូនោះទៅឱ្យជនរងគ្រោះតាមឆាត។ ក្រោយពីឃើញរូបភាពក្នុងវីដេអូនោះ ជនរងគ្រោះនៅព្រឹកថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០២០បានមករាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសំពៅពូន ឱ្យជួយស្វែងរកមុខសញ្ញានេះផង។
ក្រោយពីទទួលបានព័ត៌មាននេះកម្លាំងប៉ុស្តិ៍បានធ្វើការស្រាវជ្រាវតាមដានរក ហើយក៏បានឃាត់ខ្លួនជនសង្ស័យបាននៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១១និង០០នាទី ។
ជនសង្ស័យត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកោះធំ ដេីម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
ដោយ៖ស្អាង ជ័យ