នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការពង្រឹងការងារសន្តិសុខ សុវត្ថិភាព នៅតាមខុនដូរ និងបុរីក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ ៖ បើតាមការបញ្ជាក់ពីអង្គភាព អគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០នេះ សាលារាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ជើញជាអធិបតី កិច្ចប្រជុំ ស្តីពីការពង្រឹងការងារសន្តិសុខ សុវត្ថិភាព នៅតាមខុនដូរ និងបុរីក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានលើកឡើងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ វិស័យឯកជនមានតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកគ្រប់វិស័យដើម្បីការអភិវឌ្ឍន៍ប្រទេស ធ្វើអោយមានការរីកចំរើន ដែលក្នុងនោះក៏មានការសាងសង់សំណងបុរី និងខុនដូរថ្មីជាច្រើនកន្លែងផងដែរ។ ដោយឡែកពាក់ព័ន្ធបញ្ហាសន្តិសុខ និងការគ្រប់គ្រងរបស់បុរី និងខុនដូរ ចាំបាច់ត្រូវមានការសហការគ្នាពីកម្លាំងសមត្ថិកិច្ចជំនាញ ដើម្បីមានសុវត្ថិភាពនៅក្នុងបុរី និងខុនដូរ ជាពិសេសពាក់ព័ន្ធយន្តការគ្រប់គ្រងការបង្ការអគ្គីភ័យ និងបទល្មើសផ្សេងៗផងដែរ។

ដើម្បីអោយកិច្ចទាំងនោះទទួលបានលទ្ធផលល្អ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដាក់ចេញនៅសំណូមពរចំនួន៨ចំនុច ដើម្បីពង្រឹងកិច្ចសហការល្អរវាងអជ្ញាធរ សមត្ថិកិច្ចជំនាញ និងម្ចាស់បុរី-ខុនដូរទាំងអស់ក្នុងរាជធានីភ្នំពេញអនុវត្តន៍ ដែលក្នុងនោះរួមមាន៖
ទី១-សូមសំណូមពរអោយម្ចាស់បុរី និងខុនដូរទាំងអស់ ពង្រឹងយន្តការគ្រប់គ្រងរវាងអាជ្ញាធរ និងម្ចាស់បុរី-ខុនដូរ ដើម្បីមានទំនាក់ទំនងងាយស្រួលក្នុងការផ្តល់ដំណឹងទៅវិញទៅមក ជាក់ស្តែង និងច្បាស់លាស់។
ទី២-ត្រូវរៀបចំផែនការប្រព័ន្ធសន្តិសុខ សុវត្ថិភាព មានអ្នកយាមកាមសន្តិសុខឯកជន, យន្តការគ្រប់គ្រងប្រព័ន្ធកាម៉េរាសុវត្ថិភាព ដែលភាគច្រើនខុនដូរនៅក្នុងរាជធានីភ្នំពេញ មិនទាន់មាននៅឡើយ។
ទី៣-គ្រប់បុរី និងខុនដូរទាំងអស់ត្រូវរៀបចំកសាងអោយមានបទបញ្ជាផ្ទៃក្នុង ដូចស្ថាប័នរដ្ឋ ត្រូវគិតគូររួមទាំងការទំនាក់ទំនងរវាងអ្នកស្នាក់នៅក្នុងបុរី និងភ្ញៀវដែលចង់ចូលជួប ចំនួនសមាជិកគ្រួសារអ្នកស្នាក់នៅ និងការគ្រប់គ្រងយាន្តយន្តមានបណ្ណសម្គាល់សំរាប់ចេញចូល។
ទី៤-ត្រូវរៀបចំប្រព័ន្ធសំរាប់បង្ការនៅពេលមានអគ្គីភ័យកើតឡើងជាយថាហេតុ ដែលក្នុងនោះបុរីរឺខុនដូរ ត្រូមានជារថយន្តសំរាប់ពន្លត់អគ្គីភ័យឯកជន ដែលរដ្ឋបានយោគយល់ និងលើកទឹកចិត្តដោយធ្វើការនាំចូលមិនគិតពន្ធ។ ត្រូវមានតប្រព័ន្ធទុយោទឹកនៅតាមជាន់និមួយៗ ដើម្បីអាចធ្វើការពន្លត់ទាន់ពេលវេលា និងការប្រើប្រាស់មធ្យោបាយតាមបែបបុរាណ គឺការចលនាអោយប្រជាពលរដ្ឋរស់នៅជិតខាងជួយគ្នាក្នុងការពន្លត់ទៅវិញទៅមក។
ទី៥-ជួយពង្រឹងប្រព័ន្ធសេវានានា ដែលម្ចាស់បុរីបានសន្យា និងធានាជាមួយអតិថិជន ដែលបានទិញបុរី ដែលក្នុងនោះមានដូចជា ប្រព័ន្ធសេវាទូរស័ព្ទ សេវាអនាម័យ សន្តិសុខ និងបរិស្ថាន ត្រូវបង្កលក្ខណៈងាយស្រួលដល់អ្នករស់នៅក្នុងបុរី។
ទី៦-ត្រៀមជូយបំពេញលិខិតរដ្ឋបាលផ្សេងៗរបស់អាជ្ញាធរក្នុងមូលដ្ឋាន ដូចជាសៀវភៅស្នាក់នៅ សំបុត្រកំណើតផ្សេងៗ។
ទី៧-ត្រូវកំណត់បែងចែកតួនាទីរបស់អាជ្ញាធរ សមត្ថិកច្ចជំនាញ និងភាគីម្ចាស់បុរី-ខុនដូរ ដែលមានសមត្ថិកិច្ចក្នុងការដឹកនាំ និងដោះស្រាយ នៅពេលមានបញ្ហាកើតឡើង ដើម្បីអាចធ្វើការដោះស្រាយរាល់បញ្ហាទាន់ពេលវេលា។
ទី៨-ការប្រើប្រាស់កម្លាំងសន្តិសុខឯកជន ដែលក្នុងនោះ ម្ចាស់បុរី និងខុនដូរ អាចធ្វេីការជួលដោយខ្លួនឯង និងម្យ៉ាងទៀតម្ចាស់បុរី និងខុនដូរអាចធ្វើការស្នើសុំបង្កើត សន្តិសុខឯកជន ដើម្បីប្រើប្រាស់ខ្លួនឯងនៅក្នុងបុរី ដើម្បីភាពងាយស្រួលគ្រប់គ្រងកម្លាំងសន្តិសុខទាំងអស់ ប៉ុន្តែត្រូវតែចាំបាច់ឆ្លងកាត់វគ្គបណ្តុះបណ្តាលដ៏ត្រឹមត្រូវពីនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជនរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

ជាចុងក្រោយ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានជំរុញអោយម្ចាស់បុរី និងខុនដូរទាំងអស់ ត្រូវចូលរួមអនុវត្តន៍អោយមានប្រសិទ្ធភាព ដើម្បីទទួលបានជោគជ័យទាំងអស់គ្នា។ លោកក៏បានសំដែងការកោតសរសើរ និងលើកទឹកចិត្តអោយមានការចូលរួមពីវិស័យឯកជនទាំងអស់ស្របតាមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែនជាប្រមុខដឹកនាំ។ ឯកឧត្តមអគ្គស្នងការនគរបាលជាតិ បានគូសបញ្ជាក់ថា «វិស័យឯកជនបានដើរតួយ៉ាងសំខាន់ដែលមិនអាចខ្វះបាន ទាំងក្នុងខឿនការពារសន្តិសុខជាតិ និងការអភិវឌ្ឍន៍ ក្នុងន័យផលប្រយោជន៍រួម»៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print