លោក ឃួង ស្រេង ស្នើឲ្យម្ចាស់បុរីផ្តល់ទិន្នន័យកាមេរ៉ាសុវត្ថិភាពជូនសមត្ថកិច្ច ដើម្បីពង្រឹងសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានស្នើឲ្យម្ចាស់បុរី និងខុនដូទាំងអស់នៅក្នុងរាជធានីផ្តល់ទិន្នន័យពីកាមេរ៉ាសុវត្ថិភាពជូនសមត្ថកិច្ច ដើម្បីពង្រឹងកិច្ចសហការជាមួយគ្នា ឲ្យបានល្អក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរ ហើយសមត្ថកិច្ចនឹងរក្សាជាការសម្ងាត់ ដោយមិនអនុញ្ញាតឱ្យយកទិន្នន័យចេញពីកាមេរ៉ាសុវត្ថិភាពទាំងនោះទៅផ្សព្វផ្សាយដោយគ្មានការ អនុញ្ញាតឡើយ។

ការស្នើឡើងបែបនេះបានធ្វើឡើងកាលរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០នេះ នៅក្នុងកិច្ចប្រជុំស្តីពីការពង្រឹងការងារសន្តិសុខ សុវត្ថិភាពនៅតាមបុរីនិងខុនដូ នៅក្នុងរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានមានប្រសាសន៍ថា ចាប់ពីពេលនេះទៅគ្រប់បុរី និងខុនដូទាំងអស់នៅរាជធានីភ្នំពេញត្រូវតែបំពាក់កាមេរ៉ាសុវត្ថិភាព និងមានប្រព័ន្ធសន្តិសុខសុវត្ថិភាព ដើម្បីធានាភាពកក់ក្តៅជូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅ។

លោកអភិបាលរាជធានីភ្នំពេញចង់ឱ្យម្ចាស់បុរីទាំងអស់ភ្ជាប់ប្រព័ន្ធផ្តល់ទិន្នន័យចេញពីកាមេរ៉ាសុវត្ថិភាពនេះ ភ្ជាប់ទៅមជ្ឈមណ្ឌលកាមេរ៉ាសុវត្ថិភាពរបស់ ស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីងាយស្រួលក្នុងការចុះធ្វើអន្តរាគមន៍នៅពេលមានបញ្ហាមិនប្រក្រតីណាមួយកើតឡើង។ លោកបានសន្យាថា រាល់ទិន្នន័យដែលភ្ជាប់មកស្នងការដ្ឋានរាជធានីភ្នំពេញ នឹងរក្សាជាការសម្ងាត់ និងមិនអនុញ្ញាតឱ្យយកទិន្នន័យចេញពីកាមេរ៉ាសុវត្ថិភាពទៅផ្សព្វផ្សាយដោយគ្មានការអនុញ្ញាតឡើយ។

លោកបន្តថា ការពង្រឹងកិច្ចសហការរវាងម្ចាស់បុរី ម្ចាស់ចិនដូចនិឹងសមត្ថកិច្ចនេះ គឺដើម្បីអាចរាយការណ៍ឲ្យគ្នាទៅវិញទៅមកនៅពេលមានករណីមិនប្រក្រតីណាមួយកើតឡើង ដែលអាចសមត្ថកិច្ចជួយធ្វើអន្តរាគមន៍ជួយដោះស្រាយបានទាន់ពេលវេលា។

អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍បន្តថា បច្ចុប្បន្ននេះនៅរាជធានីភ្នំពេញមានសំណង់បុរីជាច្រើនបានរស់នៅដាច់ដោយឡែក ហើយកន្លែងខ្លះមានភាពស្មុគស្មាញងាយកើតឡើងនូវបទល្មើសនានាដែលទាមទារឲ្យភាគីទាំង២មានកិច្ចសហការជាមួយគ្នាទ្វេដង ដើម្បីបង្កើនភាពកក់ក្តៅជូនដល់ប្រជាពល រដ្ឋដែលរស់នៅក្នុងបុរីនោះ។

លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានគាំទ្រចំពោះយន្តការទាំងនេះ ដែលធានាបានសន្តិសុខសុវត្ថិភាពជូនអ្នកស្នាក់នៅ។

     លោកនាយឧត្តមសេនីយ៍បានស្នើឱ្យម្ចាស់បុរី ខុនដូត្រូវបំពាក់ប្រព័ន្ធការពារសុវត្ថិភាពបន្ថែមទៀត ដូចជាត្រៀមបង្ការពន្លត់អគ្គិភ័យ ឬរថយន្តពន្លត់អគ្គិភ័យ មានប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍ ២៤ម៉ោងលើ២៤ម៉ោង មានច្រកចេញចូលត្រឹមត្រូវ ការគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋ ត្រូវមានសន្តិសុខយាមកាមជាដើម។ បន្ថែមពីនេះទៀត ម្ចាស់បុរីគួរបង្កើតឱ្យមានបទបញ្ជាផ្ទៃក្នុងនៅក្នុងបុរី បើបុរីរបស់អស់លោកមានសន្តិសុខល្អ នោះមិនខ្វះអតិថិជននោះទេ ។

  សូមបញ្ជាក់ថា បច្ចុប្បន្ននៅរាជធានីភ្នំពេញមានបុរីចំនួន១៤៩ទីតាំង និងខុនដូចំនួន១៣៧ទីតាំង៕ 

           

...

ដោយ៖សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print