កម្លាំងការពារដែនសមុទ្រម៉ាឡេស៊ីបានប្រកាសឲ្យដឹងនៅថ្ងៃទី១០ ខែតុលាថា បានចាប់ខ្លួនអ្នកនេសាទជនជាតិចិន៦០នាក់ និងកប៉ាល់នេសាទ៦គ្រឿងដែលចូលក្នុងដែនសមុទ្រម៉ាឡេស៊ីខុសច្បាប់។
នាយកដ្ឋានគ្រប់គ្រងដែនសមុទ្រ ម៉ាឡេស៊ី (MMEA) បានឲ្យដឹងថា មានពលរដ្ឋ៦០នាក់និងកប៉ាល់៦គ្រឿង ត្រូវកម្លាំងទាហានការពារដែនសមុទ្រប្រទេសនេះចាប់ខ្លួននៅតំបន់សមុទ្រ ភាគខាងត្បូង រដ្ឋ Johor កាលពីថ្ងៃទី៩ខែតុលា។
លោក Mohd Zulfadli Nayan ប្រធាន (MMEA) បានឲ្យដឹងថា «ឆ្លងកាត់ការត្រួតពិនិត្យ កប៉ាល់នេសាទទាំងអស់ដែលបានចាប់ខ្លួន គឺចុះបញ្ជីនៅ Qinhuangdoa ប្រទេសចិន ។ នាវិក៦០នាក់ជាជនជាតិចិនទាំងអស់ មានអាយុចាប់ពី៣១ដល់៦០ឆ្នាំ។
ក្រោយការត្រួតពិនិត្យនៅលើនាវា មិនមានទំនិញនោះឡើយ ដោយកប៉ាល់ទាំងនោះកំពុងធ្វើដំណើរឆ្ពោះទៅកាន់ Mauritania ក៏ត្រូវផ្អាកដោយសារតែជួបបញ្ហាមួយចំនួន។ កាលពីដើមឆ្នាំ២០២០ នាវាស្រាវជ្រាវរបស់ចិនបានបើកការរុករកប្រេងនៅតំបន់សមុទ្រម៉ាឡេស៊ីក្នុងរយៈពេលដល់ទៅ១ខែ។
រដ្ឋាភិបាលម៉ាឡេស៊ី បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០១៦-២០១៩ កម្លាំងទាហានចិនបានចូលដែនសមុទ្រម៉ាឡេស៊ីខុសច្បាប់ដល់ទៅ៨៩ដង។ អាមេរិក និងប្រទេសជាច្រើនបានថ្កោលទោសយ៉ាងខ្លាំង ដល់សកម្មភាពរបស់ចិននៅសមុទ្រចិនខាងត្បូង ៕
ដោយ៖ធី រីណា