ការទន្ទឹងរងចាំ ទាំងរូបភាព និង សារសំខាន់របស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ក្នុងពិធីដង្ហែរក្បួនព្យុហយាត្រា ទ្រង់ទ្រាយធំ ក្នុងឱកាសខួប៧៥ឆ្នាំថ្ងៃបង្កើតបក្ស ពេលនេះ បានបង្ហាញជាសាធារណៈហើយ។
ពិធីដង្ហែរក្បួនបានធ្វើឡើងតាំងពីព្រឹកព្រលឹម ថ្ងៃទី១០ខែតុលា ហើយត្រូវបានផ្សព្វផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ ជាតិកូរ៉េខាងជើង។ មេដឹកនាំ កូរ៉េខាងជើង គីម ជុងអ៊ុន បានថ្លែងសុន្ទរកថាទៅកាន់ពលរដ្ឋថា អរគុណពលរដ្ឋកូរ៉េខាងជើង ដែលបានខិតខំទប់ស្កាត់ មិនឲ្យមានករណីឆ្លងកូវីដ១៩។ លោកគីម ជុងអ៊ុន បញ្ចាក់ថា«អរគុណដែលមានសុខភាពល្អ មិនមានកូវីដ១៩ អរគុណច្រើន»។
ជាមួយគ្នានេះ មេដឹកនាំ កូរ៉េខាងជើង លោក គីម ជុងអ៊ុនបានអរគុណដល់ កម្លាំងទាហាន ដែលបានជួយដល់ពលរដ្ឋ រងគ្រោះដោយព្យុះនាពេលកន្លងក ក៏ដូចជាចូលរួមទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩។
នៅក្នុងសុន្ទរកថា ដែលចាប់អារម្ភបំផុតនោះ គឺ លោកគីម ជុងអ៊ុន បានជូនពរដល់ កូរ៉េខាងត្បូង ឲ្យឆាប់ឆ្លងផុតកូវីដ១៩ ហើយពលរដ្ឋកូរ៉េទាំងពីរ និងសហការ រួមគ្នា ។ ក្រៅពីនេះ មេដឹកនាំកូរ៉េខាងជើងក៏បានជូនពរដល់ពលរដ្ឋនៅលើពិភពលោកមានសុខភាពល្អ ឆ្លងផុតពីជំងឺ កូវីដ១៩។
ពាក់ព័ន្ធវិស័យយោធា លោកគីម ជុងអ៊ុន បានលើកឡើងថា កម្លាំងទាហានកូរ៉េខាងជើង បានត្រៀមលក្ខណៈការពារជានិច្ចនិងបង្កើតសមត្ថភាពស្វ័យការពារ។ លោក មេដឹកនាំកូរ៉េខាងជើង មិនបញ្ចេញឈ្មោះអាមេរិក ឡើយ ។
បណ្តាមន្ត្រីការទូតនៅកូរ៉េខាងជើង មិនបានអញ្ជើញចូលរួមក្នុងពិធីដង្ហែក្បួននាថ្ងៃទី១០ខែតុលា ។ ជាមួយគ្នានោះកូរ៉េខាងជើង ក៏មិនអនុញ្ញាតឲ្យទៅថតរូប វីដេអូក្នុងព្រឹត្តិការណ៍ទី ៧៥ថ្ងៃបង្កើតបក្សនោះដែរ៕ ដោយ៖ធីរីណា