ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវរថយន្តសាមុយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដេីម្បីសង្គ្រោះ ខណៈកំពុងបេីកឡំប្រឺតាឆ្លងផ្លូវត្រូវរថយន្តស៊េរីទំនេីបម៉ាកធុនដ្រា បុកចំពីមុខពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានបង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរនិងសមត្ថកិច្ច កាលពីវេលាម៉ោង១ និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ ត្រង់ចំណុច
ស្តុបក្ដាន់ពីរ តាមបណ្ដោយមហាវិថីសហព័ន្ធរុស្សុី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីអ្នកដំណេីរដែលឃេីញហេតុការណ៍ខាងលេីនេះបានឲ្យដឹងថា ដំបូងមានឡំប្រឺតា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HU-8743 បេីកបរដោយបុរសម្នាក់ធ្វេីដំណេីរតាមផ្លូវR6 ក្នុងទិសដៅពីជេីងមកត្បូងហេីយឆ្លងកាត់ទទឹងផ្លូវសហព័ន្ធរុស្សុី ខណៈពេលនោះក៏មានរថយន្តស៊េរីទំនេីបម៉ាក Toyota Tundra ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BI -8145 បើកតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី ក្នុងទិសដៅពីលិចទៅកេីតយ៉ាងលឿន រួចមកបុកឡំប្រឺតាចំពីមុខពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ជាម្ចាស់ឡំប្រឺតារងរបួសធ្ងន់ រីឯឡំប្រឺតា
ឡើងរួញស្ទេីរតែចូលគ្នាខូចខាតយ៉ាងដំណំ ចំណែករថយន្តTundraវិញបានបែកកង់មុខផ្នែកខាងស្ដាំទៅមុខលែងរួច ។
ក្រោយកេីតហេតុភ្លាមៗ ជនរងគ្រោះដែលរបួសធ្ងន់ត្រូវបានរថយន្តសាមុយមកដឹកយកទៅសង្គ្រោះបន្ទាន់ ។ ដោយឡែករថយន្តបង្កនិងឡំប្រឺតារងគ្រោះត្រូវបានសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញចរាចរណ៍ធ្វេីការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយតាមក្រោយ ៕ដោយ៖ ភារ៉ា ដង្កោ