ប្រព័ន្ធផ្សព្វផ្សាយចិនបានផ្សាយថា កម្លាំងទាហាន ចិនបានធ្វើសមយុទ្ធ ជាទ្រង់ទ្រាយធំដោយមានយុទ្ធសាស្ត្រវាយប្រហារទៅលើកោះតៃវ៉ាន់ ក្នុងពេលកោះនេះប្រកាសឯករាជ្យចេញពីចិននោះ។
បណ្តាញព័ត៌មានCCTV របស់ចិនបានផ្សាយថា ការធ្វើសមយុទ្ធ មានការចូលរួមពី យន្តហោះគ្មានមនុស្សបើក កម្លាំងពិសេស កម្លាំងទាហានឆ័ត្រយោង និងទាហានជើងទឹកវាយឡើងគោក បានចូលរួមធ្វើសមយុទ្ធនៅតាមបណ្តោយឆ្នេរសមុទ្របណ្តាខេត្ត ក្វាងទុងនិងហ្វូជាន ប្រទេសចិន។
ឃ្លីបវីដេអូដែលទាហានចិនបាន ផ្សព្វផ្សាយបង្ហាញឲ្យឃើញថា ការធ្វើសមយុទ្ធនោះមានយុទ្ធសាស្ត្រ វាយប្រហារ កោះតៃវ៉ាន់នៅពាក់កណ្តាលយប់ ។ តាមការផ្សាយរបស់CCTV សមយុទ្ធ ក្នុងគោលដៅបង្កើនកិច្ចសហប្រតិបត្តិការ រវាងកម្លាំងទាហានវាយលុករបស់ចិន មានកម្លាំងទាហានអាកាស ជើងគោក និងជើងទឹក ។
កោះតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីចិនមិនអាចកាត់ផ្តាច់បានឡើយ ។ កាលពីថ្ងៃទី១០ ខែតុលា មេដឹកនាំកោះតៃវ៉ាន់ បានអំពាវនាវឲ្យមានកិច្ចពិភាក្សា មានអត្ថន័យជាមួយចិន ប៉ុន្តែត្រូវសន្យារធានាសន្តិសុខដល់កោះតៃវ៉ាន់។
ចិនបានដាក់គំនាបទៅលើកោះតៃវ៉ាន់ តាមរយៈការធ្វើសមយុទ្ធ នៅជុំវិញកោះតៃវ៉ាន់តែម្តង។ កន្លងមកចិនបានបញ្ជូនយន្តហោះចម្បាំង ៤០ គ្រឿងចូលទៅកាន់តំបន់ ដែនអាកាស(ADIZ) របស់កោះតៃវ៉ាន់ ៕ ដោយ៖ធីរីណា