ភ្នំពេញ៖ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ សុខ សឿម បាន Comment ចូលផេកសម្តេច តេជោ ដោយផ្សព្វផ្សាយបំភ្លៃការណ៍ពិត។ នេះបើយោងតាម ផេកអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ឱ្យដឹងនៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ។
ក្នុងនោះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សូមគោរពជម្រាបជូនដល់បណ្ដាញសារព័ត៌មាន និងសាធារណជនទាំងអស់មេត្តាជ្រាបថា ៖ ករណីម្ចាស់គណនីហ្វេសប៊ុកឈ្មោះ សុខ សឿម ដែលបាន Comment តាមរយៈទំព័រហ្វេសប៊ុករបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ថា “គ្រួសារគាត់ជាប់គាំងកណ្ដាលទឹក ៤ថ្ងៃហើយ ឥឡូវប្រឈមខ្វះស្បៀងអាហារ ជាពិសេសគឺសុខភាពកាន់តែចុះខ្សោយទៀត” សូមជម្រាបជូនផងដែរថា សមត្ថកិច្ចបានចុះទៅអញ្ជើញគាត់មកទទួលជំនួយរងគ្រោះដោយសារទឹកជំនន់ដែរ ប៉ុន្តែបុគ្គលរូបនេះមិនព្រមសហការ ហើយបែរជាយកករណីនេះផ្សព្វផ្សាយបំភ្លៃការណ៍ពិត។
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានទទួលព័ត៌មានពីរដ្ឋបាលខេត្តបាត់ដំបងបញ្ជាក់ថា កងកម្លាំងបញ្ជាការដ្ឋានពិសេស កងទ័ពជើងគោកនៃតំបន់ប្រតិបត្តិការសឹករងខេត្តបាត់ដំបង ស្នងការដ្ឋាននគរបាលខេត្ត និងកងកម្លាំងប្រដាប់អាវុធ ចំណុះខេត្តដែលមានកងកម្លាំងចំនួន ៣០០០នាក់ បានឈរជើងគ្រប់ចំណុចដែលរងគ្រោះ ជាពិសេសតំបន់ហានិភ័យគ្រោះទឹកជំនន់ក្នុងកិច្ចជួយសង្រ្គោះ៕
ដោយ៖ សុខ ខេមរា