អន្តរជាតិ៖ ដើម្បីបង្ខំឲ្យគូដណ្ដឹងរៀបការជាមួយ ស្ត្រីម្នាក់ មិនបញ្ចេញអត្តសញ្ញាណ បានស្លៀកឈុតកូនក្រមុំ និងសម្រុកចូលទៅក្នុងផ្សារទំនើប Target ដែលមានទីតាំងស្ថិតនៅទីក្រុង Las Vegas ខណៈគូដណ្ដឹងនាងកំពុងតែធ្វើការងារសុខៗ ហើយបើមិនព្រមធ្វើអីចឹងនាងសុំបែកគ្នា ។
បើយោងតាមវីដេអូឃ្លីបចំនួនពីរ ត្រូវបានគេយកទៅបង្ហោះចែកចាយនៅលើបណ្ដាញសង្គម Tik Tok កាលពីថ្ងៃសុក្រទី៩ ខែតុលា នាសប្ដាហ៍មុននេះ ដែលបង្ហាញឲ្យឃើញ ស្ត្រីជាកូនក្រមុំ មានអកប្បកិរិយាយ៉ាងមុតមាំ ក្នុងការដើរស្វែងរកគូដណ្ដឹង និងអមដំណើរដោយអ្នកកំដរម្នាក់ រួមទាំងបុរសស្លៀកឈុតខ្មៅ ដែលហាក់មើលទៅដូចជាលោកអាចារ្យ។
សូមជម្រាបថា ទីបំផុត កូនក្រមុំ បានរកឃើញគូដណ្ដឹងរបស់នាង ដែលពាក់អាវយឺតពណ៌ក្រហម និងកំពុងរៀបចំអីវ៉ាន់ដាក់លើធ្នើរ ហើយនាងក៏បាននិយាយទៅកាន់គូដណ្ដឹងថា៖ អ្នកបំពាក់ចិញ្ចៀនមកលើម្រាមដៃខ្ញុំកាលពីពីរឆ្នាំមុន ហើយឥឡូវនេះ ដល់ពេលដែលត្រូវរៀបការ ឬបើមិនអីចឹង ត្រូវបែកគ្នា។
សម្ដីរបស់កូនក្រមុំ ហើយនៅពេលដែលនាងបានឃើញហ្វូងមនុស្សកំពុងសម្លឹងមើលកម្មភាពរបស់នាង នាងក៏បង្ហាញពីភាពរាក់ទាក់ទៅកាន់ហ្វូងមនុស្ស និងនិយាយថា នាងគ្រាន់តែចង់ធ្វើឲ្យគូដណ្ដឹង ប្ដេជ្ញាចិត្តប៉ុណ្ណោះ ឬនាងត្រូវបោះបង់គូដណ្ដឹងចោល។ ចុងក្រោយ គូដណ្ដឹងក៏បានស្នើសុំឲ្យនាងទៅបន្ដការសន្ទនាគ្នានៅខាងក្រៅវិញផងដែរ។
យ៉ាងណាមិញ មិនមាននរណាម្នាក់ ដឹងឡើយថារឿងរ៉ាវនឹងបញ្ចប់ទៅដោយយ៉ាងណាទេ តែបើតាមមហាជនមួយចំនួន បានបញ្ចេញមតិដោយលើកឡើងថា វីដេអូខាងលើនេះ មើលទៅហាក់ដូចជាការសម្ដែងអីចឹង។ ហើយមហាជនមួយចំនួនទៀត បាននិយាយថា បុរសដែលជាគូដណ្ដឹង គួរតែនិយាយថា ទេហើយដើរចេញពីកូនក្រមុំ ព្រោះទោះបីជាយ៉ាងណាក៏ដោយ មិនត្រូវបង្ខំឲ្យនរណារៀបការ ទាំងដែលគេមិនទាន់ត្រៀមចិត្តឡើយ៕
សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖