អន្តរជាតិ៖ បើតាមការអះអាងពីរដ្ឋមន្ត្រីក្រសួងចារកិច្ចអ៊ីស្រាអែល កាលពីថ្ងៃទី១១ ខែតុលាថ្មីៗនេះ និយាយថា៖ អ៊ីស្រាអែល ចាំបាច់ត្រូវតែរក្សាឧត្តមានុភាពក្នុងវិស័យការពារជាតិនៅក្នុងតំបន់មជ្ឈិមបូព៌ា ហើយអ៊ីស្រាអែល ជំទាស់ក្នុងការលក់យន្តហោះចម្បាំងF-35 របស់អាមេរិកទៅឲ្យកាតា។
បើតាមការចុះផ្សាយទីភ្នាក់ព័ត៌មាន Reuters បាននិយាយថា រដ្ឋមន្ត្រីក្រសួងចារកិច្ចអ៊ីស្រាអែល លោក Eli Cohen អះអាងថា ប្រទេសលោកជំទាស់នឹងការលក់យន្តហោះចម្បាំងអាមេរិក F-35 ទៅកាតា បន្ទាប់ពីប្រទេសនេះទោះដាក់សំណើផ្លូវការទៅរដ្ឋាភិបាលអាមេរិក ដើម្បីទិញយន្តហោះចម្បាំងប្រណីតមួយនេះ។ បន្ថែមពីនេះអ៊ីស្រាអែល ទំនងជាបារម្ភខ្លាំងចំពោះគម្រោងរបស់កាតា ដ្បិតកាតាជាប្រទេសនៅតំបន់មជ្ឈិមបូព៌ា ដែលមានទំនាក់ទំនងល្អជាមួយអ៊ីរ៉ង់។
រដ្ឋមន្ត្រីក្រសួងចារកិច្ចអ៊ីស្រាអែលរូបនេះ ដើម្បីឆ្លើយតបទៅនឹងសំណួរក្នុងវិទ្យុកងទ័ពនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ថា តើអ៊ីស្រាអែលនឹងជំទាស់ឬទេចំពោះការលក់យន្តហោះចម្បាំង F-35 ឲ្យកាតា ដែលឬទេ លោក Cohen និយាយថា អ៊ីស្រាអែលនឹងជំទាស់ការលក់នេះ។លោក Cohenបន្ថែមថា៖«សន្តិសុខ និងឧត្តមានុភាពយោធារបស់យើងក្នុងតំបន់ មានសារៈសំខាន់ណាស់ ព្រោះតំបន់មជ្ឈិមបូព៌ាមិនទាន់ក្លាយទៅជាប្រទេសស្វីសឡើយ។
បើតាមសំណើទិញយន្តហោះ F-35 របស់កាតានេះ ធ្វើឡើងក្រោយអាមេរិកយល់ព្រមពិចារណាក្នុងការលក់យន្តហោះប្រភេទនេះទៅឲ្យអេមីរ៉ាតអារ៉ាប់រួម បន្ទាប់ពីប្រទេសនេះបានសម្រួលទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែលកាលពីខែសីហា។ ខណៈដែលអ៊ីស្រាអែល កំពុងប្រើប្រាស់ F-35 នេះ ក៏ពុំសូវជាសប្បាយចិត្តប៉ុន្មានដែរ ចំពោះការដែលអេមីរ៉ាតអារ៉ាប់រួម អាចនឹងទទួលបានយន្តហោះចម្បាំងនេះ។ ទោះជាយ៉ាងណាក្តី ប្រទេសទាំងពីរ បង្ហាញការបារម្ភរួម គឺអ៊ីរ៉ង់។
សូមជម្រាបថា ជាទូទៅ អាមេរិក និងអ៊ីស្រាអែលតែងពិភាក្សាគ្នាជាមុន លើសំណើក្នុងការលក់អាវុធទៅប្រទេសដទៃក្នុងតំបន់។ ការអនុវត្តបែបនេះគឺដើម្បីអាចធានាថា យោធាអ៊ីស្រាអែលនៅតែបន្តមានប្រៀបជាប្រទេសឯទៀត។ ប៉ុន្តែពេលខ្លះ អាមេរិក ក៏លក់អាវុធទាំងនោះផងដែរ បើទោះបីជាអ៊ីស្រាអែលជំទាស់ក្តី។
ចំណែកកាតា ជាប្រទេសក្នុងតំបន់ដែលរក្សាទំនាក់ទំនងការទូតជាមួយអ៊ីរ៉ង់ និងក្រុមប៉ាឡេស្ទីនហាម៉ាស់ ដែលអ៊ីស្រាអែលធ្លាប់ប្រយុទ្ធជាមួយ៣ដងរួចមកហើយនៅតំបន់ហ្កាហ្សា។ បន្ថែមពីនេះ កាតាក៏បានផ្តល់ជំនួយរាប់រយលានដុល្លារដល់ប្រជាជនប៉ាឡេស្ទីនដែលរស់នៅតំបន់ដ៏ក្រីក្រនេះផងដែរ។
ជាមួយគ្នានោះដែរ មន្ត្រីអ៊ីស្រាអែលខ្លះសង្ឃឹមថា ការដែលកាតាជួយប្រជាជនប៉ាឡស្ទីននេះហើយ អាចនឹងនាំឲ្យប្រទេសនេះភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការជាមួយខ្លួន។ ប៉ុន្តែកាតាច្រានចោល ដោយលើកឡើងថា ប្រទេសខ្លួនភ្ជាប់ទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែលដរាបណាមានកិច្ចព្រមព្រៀងសន្តិភាពរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។
គួរបញ្ជាក់ថា ក្នុងឆ្នាំ២០១៧ ប្រទេសកាតា បានចំណាយប្រាក់២ពាន់លានដុល្លារដើម្បីទិញយន្តហោះចម្បាំង F-15QA ៣៦គ្រឿងពីអាមេរិកនិងទិញយន្តហោះចម្បាំង Rafale ៣៦គ្រឿងពីបារាំងដែលមានតម្លៃជាង៨ពាន់លានដុល្លារ។ មិនតែប៉ុណ្ណោះ កាតាដែលជាប្រទេសសេដ្ឋីប្រេងក្នុងតំបន់ឈូងសមុទ្រពែក្ស មានមូលដ្ឋានកងទ័ពអាមេរិកធំជាងគេនៅតំបន់ ហើយបានបង្កើនការចំណាយយោធាយ៉ាងសម្បើមប៉ុន្មានឆ្នាំចុងក្រោយនេះផងដែរ៕ដោយ៖ស តារា