ភ្នំពេញ+ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃអង្គារ ១១រោជ ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២០ នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយក្រុមការងារបច្ចេកទេសរបស់ក្រសួង បានចុះពិនិត្យ និងបញ្ជាការងារអន្តារាគមន៍ផ្ទាល់នៅលើបណ្តោយខ្នងទំនប់សណ្តរស្ទឹងព្រែកត្នោត ដែលពេលនេះកំពុងប្រឈមដោយជំនន់ទឹកស្ទឹងព្រែកត្នោត ក្នុងភូមិសាស្រ្តភាគខាងលិចរាជធានីភ្នំពេញ និងខេត្តកណ្តាល ។
សូមបញ្ជាក់ថា៖ ស្ថានភាពទឹកនៅទ្វារទំនប់អាងទឹក ៧មករា ព្រឹកនេះទឹកមានកម្ពស់ 8,80 ម៉ែត្រ ធៀបនឹងថ្ងៃម្សិលមិញមានការកើនឡើង 0,45ម៉ែត្របន្ថែម លើសកម្ពស់ឲ្យមានការប្រុងប្រយ័ត្ន ៧ម៉ែត្រ ធ្វើឲ្យកម្ពស់ទឹកក្នុងស្ទឹងឡេីងជិតស្មើនឹងខ្នងទំនប់នៅតាមទីទំនាបមួយចំនួន ។ ពេលនេះក្រុមការងារបច្ចេកទេសរបស់ក្រសួង បាន និងកំពុងខិតខំជួសជុលបិតរូងនាគដែលបានលេចចេញជាបន្តបន្ទាប់ ដោយប្រើប្រាស់គ្រឿងចក្រកាយដីលើក និងបង្ហាប់ទំនប់ ព្រមទាំងច្រកបាវខ្សាច់ទប់លើកកម្ពស់ខ្នងទំនប់ និងជាការចូលរួមបន្ថែមរបស់ក្រសួងធនធានទឹក និងឧតុនិយម លោករដ្ឋមន្រ្តីបានឧបត្ថម្ភសំបកបាវចំនួន 3000 បាវ ជូនដល់លោកស្រី គឹម ញឹម អភិបាលខណ្ឌដង្កោ ចាត់ចែងបន្តទៅសង្កាត់ទាំង 03 ដើម្បីចូលរួមទប់ស្កាត់លំហូរទឹកលើតួទំនប់ទៅផ្នែកខាងក្រោមបង្កការលិចលង់ដល់លំនៅឋានប្រជាពលរដ្ឋ ។
ចាប់តាំងពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ រហូតមកដល់ពេលនេះ ក្រុមការងារបច្ចេកទេសក្រសួងធនធានទឹក បានប្រេីប្រាស់គ្រឿងចក្រធុនធ្ងន់ចំនួន ២៧គ្រឿង និងកម្លាំងពលកម្មប្រចាំការ២៤ម៉ោង និងជាពិសេសតាំងពីយប់ម្សិលមិញរហូតដល់វេលាថ្ងៃត្រង់នេះ ក្រុមការងាររបស់ក្រសួងបានខិតខំអន្តរាគមន៍រហូតគ្រប់គ្រងសភាពការណ៍ស្ថានភាពទឹកជំនន់ដែលកំពុងយាយីបានទាំងស្រុងមកវិញ ។
ជាមួយគ្នានេះ នាពេលដ៏ខ្លីខាងមុនក្រសួងធនធានទឹក និងឧតុនិយម នឹងចាប់ផ្តើមអនុវត្តគម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត រាជធានីភ្នំពេញ ខេត្តកណ្តាលនិង ខេត្តតាកែវ ដែលទទួលបានជំនួយហិរញ្ញប្បទានពីសាធារណរដ្ឋប្រជាមានិតចិន ៕
ដោយ៖ សុខ ខេមរា