ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រផ្លូវជាតិ៣បានកែប្រែមុខមាត់ថ្មី និងកាត់បន្ថយការធ្វើចំណាកស្រុក បន្ទាប់ពីផ្លូវជាតិនេះបានស្ថាបនាជិតរួចរាល់ ដោយមានការពង្រីកកាន់តែធំ ហើយសង្ឃឹមថានឹងមានការវិនិយោគកាន់តែច្រើននៅក្នុងតំបន់នោះ។
លោក ចន មករា អាជីវករដែលកំពុងប្រកបអាជីកម្មរស់នៅក្នុងភូមិផ្សារគុម្ពឫស្សី ស្រុកបាទី ខេត្ដតាកែវ បានប្រាប់អ្នកសារព័ត៌មានយើងឱ្យដឹងនៅថ្ងៃទី១៣ ខែតុលានេះថា៖ គម្រោងកែលម្អផ្លូវជាតិលេខ៣ឡើងវិញនេះបាននិងកំពុងកែប្រែមុខមាត់ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។ ផ្លូវជាតិនេះមានភាពធំទូលាយ បង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរ, ការដឹកជញ្ជូនទំនិញ និងកាត់បន្ថយការស្ទះចរាចរណ៍។
លោកបញ្ជាក់ថា ខ្ញុំមានអារម្មណ៍រីករាយសប្បាយចិត្ដយ៉ាងខ្លាំងដែលថ្នាក់ដឹកនាំគាត់បានធ្វើផ្លូវនេះឱ្យកាន់តែងាយស្រួល និងកត្ដាសេដ្ឋកិច្ចមានកំណើនកើនឡើងខ្លាំង មានដូចជា សហគ្រាស រោងចក្រ ប្រជាជនមានការងារធ្វើ ដែលមានប្រាក់កម្រៃចូលក្នុងក្រុមគ្រួសារបានគ្រប់គ្រាន់ ។
អ្នកស្រី សុខ អូន អាជីវកររស់នៅក្នុង
ភូមិនៀល ស្រុកបាទី ខេត្ដតាកែវ បានឱ្យដឹងដែរថា ការពង្រីកផ្លូវជាតិលេខ៣នេះ គឺមានភាពធំទូលាយ ការធ្វើចរាចរណ៍កាន់តែមមាញឹក ហើយប្រជាពលរដ្ឋអាចប្រកបអាជីវកម្មនៅមុខផ្ទះ ធ្វើឱ្យតម្លៃដីឡើងថ្លៃ និងរោងចក្រកើតឡើងច្រើន ដែលបានបង្កើតឱកាសការងារជូនប្រជាពលរដ្ឋយ៉ាងច្រើនផងដែរ។
អ្នកស្រីបានបញ្ជាក់ថា៖ ផ្លូវជាតិលេខ៣តាំងពីធ្វើមកមានការអភិវឌ្ឍ ងាយស្រួលធ្វើចរាចរណ៍ ងាយស្រួលរកស៊ី មានរោងចក្រច្រើនមកវិនិយោគ គឺចាប់ពីចោមចៅ រាជធានីភ្នំពេញមក គឺមានរោងចក្ររហូត ហើយរោងចក្រសុទ្ធតែធំៗ អ៊ីចឹងសម្រួលដល់ប្រជាពលរដ្ឋ មានការងារធ្វើ ហើយដីក៏មានតម្លៃថ្លៃផងដែរ ។
សម្រាប់គ្រួសារអ្នកស្រី ក្នុងមួយថ្ងៃរកចំណូលបានចំណេញយ៉ាងតិច១៥ម៉ឺនរៀលពីការលក់បុកល្ហុង នំ និងសាំង ជាដើម។ អ្នកស្រីបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលបានដឹកនាំប្រទេសឱ្យមានសុខសន្ដិភាពនិងរីកចម្រើនលើគ្រប់វិស័យ។
សូមបញ្ជាក់ថា គម្រោងពង្រីកនិងលើកកម្រិតផ្លូវជាតិលេខ៣ ពីភ្នំពេញទៅក្រុងកំពត នេះមានប្រវែងសរុបជាង១៣០គីឡូម៉ែត្រ ត្រូវបានចែកជាពីរដំណាក់កាល៖ ដំណាក់កាលទី ១ ពីចោមចៅរាជធានីភ្នំពេញ ទៅបែកគុសខេត្តកំពតប្រវែង៦៩គីឡូម៉ែត្រ ត្រូវពង្រីកទទឹងតួផ្លូវរហូតដល់២៤ម៉ែត្រកន្លះ ជាប្រភេទផ្លូវបេតុងកៅស៊ូ(AC) កម្រាស់ ៩សង់ទីម៉ែត្រ ចែកចេញជា៤គន្លង (២គន្លងទៅ២គន្លងមក)។ ដំណាក់កាលទី២ ពីបែកគុសទៅក្រុងកំពតប្រវែង ៦៤គីឡូម៉ែត្រ ជាប្រភេទផ្លូវACកម្រាស់៧សង់ទីម៉ែត្រ ត្រូវពង្រីកទទឹងតួផ្លូវរហូតដល់១២ម៉ែត្រ ចែកជា២គន្លង។ គម្រោងសាងសង់ផ្លូវជាតិមួយនេះគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២២ ខណៈបច្ចុប្បន្នសម្រេចបាន៨០ភាគរយ ហើយកំពុងសាងសង់សួនច្បារចែកទ្រូងផ្លូវ និងសាងសង់ស្ពានរំលងផ្លូវផងដែរ៕ សំរិត