ភិក្ខុ ឡុង ចន្ថា ដែលមានរឿងអាស្រូវទាក់ទងញោមស្រីៗ ត្រូវបានផ្សឹកហើយ

ចែករំលែក៖

ខេត្តតាកែវ៖ ភិក្ខុ ឡុង ចន្ថា គង់នៅវត្តភ្នំបូរី ឃុំព្រែកផ្ទោល ស្រុកអង្គរបុរី ខេត្តតាកែវ ដែលមានរឿងអាស្រូវទាក់ទងនឹងស្រីៗនោះ ត្រូវបានផ្សឹកហើយនាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ ។ នេះបើយោងតាមហ្វេសប៊ុកផេកផ្លូវការរបស់ ភិក្ខុ ឡុង ចន្ថា ។

គួររំលឹកថា សម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត បានសម្រេចមិនឱ្យភិក្ខុ ឡុង ចន្ថា គង់នៅវត្តភ្នំបូរី ឃុំព្រែកផ្ទោល ស្រុកអង្គរបុរី ខេត្តតាកែវ ស្ថិតនៅក្នុងភេទជាបព្វជិតក្នុងសាសនាបន្តទៀតបានឡើយ ។

សម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត បានប្រគេនមកព្រះមេគណទាំង២៥ រាជធានី-ខេត្ត តាមរយៈលិខិតមួយ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០កន្លងទៅថា «សូមព្រះមេគណទូទាំងប្រទេសកុំផ្តល់អាវាសដល់បុគ្គលរូបនេះឱ្យស្នាក់បន្តក្នុងសាសនានេះតទៅទៀត ។ ផ្ទុយទៅវិញ បើឃើញបុគ្គលរូបនេះក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការឱ្យលាចាកសិក្ខាបទតាមកិច្ចសន្យារបស់ខ្លួនដែលបានធ្វើជាមួយសាលាគណខេត្តតាកែវ»។

គណៈសង្ឃនាយកបានឃើញថា ភិក្ខុ ឡុង ចន្ថា បានរំលោភលើកិច្ចសន្យារបស់ខ្លួនដែលបានធ្វើជាមួយសាលាគណខេត្តតាកែវ ក្នុងសកម្មភាពប្រព្រឹត្តខុសវិន័យក្នុងអតីតកាលជាច្រើនលើកច្រើនសាមកហើយ ។

ភិក្ខុ ឡុង ចន្ថា ជាបុគ្គលមិនលុះក្នុងធម៌វិន័យ និងការអប់រំ ជាអ្នកប្រទូស្តរាយសាសនា ជាអ្នកមិនចម្រើនដល់សាសនា និងជាអ្នកទម្លុះរដ្ឋបាលសង្ឃ ពុំអាចឱ្យស្ថិតនៅក្នុងភេទជាបព្វជិតក្នុងសាសនាបន្តទៀតបានឡើយ ៕ ដោយ៖ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print