ក្រូចពោធិ៍សាត់ ទោះបីជាប្រើពេលដាំយូរបន្តិចតែអាចហុចផលឱ្យជារៀងរាល់ឆ្នាំរហូតជិត១៥ឆ្នាំ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ដំណាំក្រូចពោធិ៍សាត់ ទោះបីជាប្រើពេលដាំយូរបន្តិច តែអាចហុចផលឱ្យជារៀងរាល់ឆ្នាំរហូតដល់ជិត១៥ឆ្នាំឯណោះ។ ប៉ុន្តែវាក៏អាស្រ័យទៅលើបច្ចេកទេសនៃការដាំដុះនិងថែទាំដែរ ទើបអាចផ្តល់ផលបានល្អ និងជួយបង្កើនប្រាក់ចំណូលបានច្រើនសម្រាប់គ្រួសារ ដែលប្រកបរបរដាំក្រូចពោធិ៍សាត់នេះ។

លោក ឈឿន គឹមហុង ម្ចាស់ចម្ការក្រូចពោធិ៍សាត់ ស្ថិតក្នុងភូមិព្រៃខ្លុង ឃុំរកាត ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ បានប្រាប់ថា ៖ ក្រូចពោធិ៍សាត់ដាំរយៈពេល៣ឆ្នាំទើបចាប់ផ្តើមមានផ្លែ ដែលក្នុងរយៈពេលនោះ ទាមទារឱ្យយើងយល់ច្បាស់អំពីបច្ចេកទេសដាំដុះ និងថែទាំ ដើម្បីឱ្យដើមក្រូចលូតលាស់ល្អ។លោក បន្ថែមថា ក្នុងចម្ការរបស់លោក គឺប្រើប្រាស់តែជីធម្មជាតិនោះទេ ដើម្បីទទួលបានទិន្នផលច្រើន ជាពិសេសមិនប៉ះពាល់ដល់សុខភាពអ្នកទទួលទាន និងដាំដុះ។

លោកបញ្ជាក់ថា ៖ លោកបានដាំក្រូចពោធិ៍សាត់ក្នុងទំហំ៣០ហិកតាដោយមានក្រូចចំនួន២ប្រភេទគឺក្រូចកំពឹសទន់និងក្រូចកំពឹសរឹង ដែលកំពឹសរឹងមានរសជាតិផ្អែមឆ្ងាញ់ជាងកំពឹសទន់ ហើយដំណាំនេះងាយស្រួលដាំដុះ និងងាយស្រួលក្នុងការថែទាំនៅពេលដែលយើងបានយល់ច្បាស់ពីបច្ចេកទេស ដែលក្នុង១ឆ្នាំអាចប្រមូលផលបានរហូតដល់ទៅ២ដង ។
« និយាយរួមទៅទីផ្សារគឺងាយស្រួលលក់ ត្រង់ថាក្រូចយើងឆ្ងាញ់ក្រូចយើងអត់ស្កក ក្រូចយើងល្អ ដល់អ៊ីចឹងវាងាយស្រួលលក់ណាស់គឺអត់ពិបាកទេមានប៉ុន្មានក៏អស់ដែរ មួយថ្ងៃមានដប់ស្លឹកក៏អស់ដែរ ។ ហើយក្រូចមានពីរប្រភេទគឺកំពឹសរឹងនិងកំពឹសទន់ ហើយកំពឹសទន់នោះគឺពិបាកក្នុងការដឹកជញ្ជូនហើយវាងាយនឹងជាំ បើកំពឹសរឹងវាងាយស្រួលនឹងដឹកជញ្ជូន ហើយវាមិនងាយជាំទេ ហើយកំពឹសរឹងឆ្ងាញ់ជាងកំពឹសទន់ដោយសារកំពឹសរឹងមានរសជាតិផ្អែមឈ្ងុយឆ្ងាញ់ សម្រាប់អ្នកបានញ៉ាំហើយចង់ញ៉ាំទៀត និយាយរួមទៅគឺខាងយើងប្រើតែជីស្មៅដែលដុះមក យើងកាត់ស្មៅនិងប្រមូលដាក់នៅគល់ក្រូចវិញ ហើយនិងដាក់អំបិលតែប៉ុណ្ណោះ »។

សូមបញ្ជាក់ថា លោក គឹមហុង ប្រកបរបរដាំក្រូចពោធិ៍សាត់តាំងពីឆ្នាំ២០០៩មកម៉្លេះ ក្នុងទំហំផ្ទៃដីជាង៣០ហិកតា ដែលសព្វថ្ងៃនេះមានដើមក្រូចពោធិ៍សាត់ប្រមាណ៦០០០ទៅ៧០០០ដើម តែដើមក្រូចដែលអាចប្រមូលផលបានមានតែ ១៩០ដើមប៉ុណ្ណោះ ហើយដើមផ្សេងៗទៀតមានដើមខ្លះឆ្នាំក្រោយទើបអាចប្រមូលផល ហើយដើមខ្លះទៀតទើបតែដាក់ដាំបន្ថែមទៀត ដោយក្នុងចំណោម១៩០ដើមនេះ១រដូវ អាចរកចំណូលបានច្រើន៕

ប្រភព៖ ពីក្រសួងព័ត៌មាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print