រឿងព្រេងខ្មែរ÷ រឿង បុរស​ឆោត ៤ នាក់ដណ្ដើម​ស្រី​ម្នាក់​ធ្វើ​ជា​ប្រពន្ធ

ចែករំលែក៖

មាន​និទាន​មួយ​ថា : មាន​បុរស​ឆោត ៤ នាក់ បបួល​គ្នា​ទៅ​ចាប់​ស្ត្រី​ក្រមុំ​ម្នាក់ បាន​ហើយ បុរស​ឆោត​ទាំង ៤ នាក់​នោះ​ក៏​វិវាទ​គ្នា ប្រាថ្នា​ចង់​យក​ជា​ភរិយា​អាត្មា​ទីទៃ ៗ ។ ស្រី​នោះ​ឆ្លើយ​ថា “ហៃ​ចៅ​ទាំង ៤ នាក់​អើយ ! ឥឡូវ​នេះ ចៅ​វិវាទ​គ្នា​ដោយ​ចង់​យក​អញ​ជា​ប្រពន្ធ​នោះ អញ​ពុំ​ទាន់​យក​ចៅ​ណា​នីមួយ​ឡើយ បើ​នរណា​ឆោត ទើប​អញ​ធ្វើ​ជា​ប្រពន្ធ​អ្នក​នោះ​ហោង ” ។ បុរស​ឆោត​ទាំង ៤ នាក់​នោះ​នាំ​គ្នា​ទៅ​ប្ដឹង​ចៅក្រម ៗ ពិចារណា​រឿង​បុរស​ឆោត​ទាំង ៤ នាក់ និង​ស្ត្រី​នោះ​ពុំ​បាន ទើប​នាំ​ស្ត្រី និង​បុរស​ទាំង ៤ នាក់​នោះ ឡើង​ទៅ​គាល់​ព្រះមហាក្សត្រ​ក្រាប​បង្គំ​ទូល​ថា “សូម​ព្រះរាជ​ទាន​បុរស​ឆោត​ទាំង ៤​នេះ ចាប់​ស្ត្រី​ក្រមុំ​ម្នាក់​នេះ​បាន​មក​ហើយ​វិវាទ​គ្នា ប្រាថ្នា​និង​យក​ជា​ភរិយា​អាត្មា​ទីទៃ ៗ” ។ ស្ត្រី​នេះ​ពុំ​យក​អ្នក​ណា​ឡើយ គ្រាន់​តែ​ឆ្លើយ​ថា “បើ​ចៅ​ឯ​ណា​ឆោត​ណាស់ ទើប​យក​ចៅ​នោះ​ឯង” ។ បុរស​ទាំង ៤ និង​ស្ត្រី​នេះ​នាំ​គ្នា​ប្ដឹង ខ្ញុំ​ព្រះបាទ​អម្ចាស់​ឲ្យ​ពិចារណា​ឲ្យ ខ្ញុំ​ព្រះបាទ​អម្ចាស់​ពិចារណា​ពុំ​បាន ទើប​នាំ​ស្ត្រី​និង​បុរស​ឆោត​ទាំង ៤ នាក់​នេះ​មក​ក្រាប​បង្គំ​ទូល​ព្រះបាទ​អម្ចាស់ សូម​ទ្រង់​ព្រះតម្រិះ​ពិចារណា​ហោង” ។ ទើប​ព្រះ​មហាក្សត្រ​ត្រាស់​ដណ្ដឹង​ថា “នែ​ចៅ​ឆោត​ទាំង ៤ នាក់! ចៅ​ឆោត​ម្ដេច​ខ្លះ ? ចូរ​ព្រះស្ដែង​ថ្លែង​ដំណើរ​ឆោត​នោះ មក​អញ​និង​ស្ដាប់​ផង​មើល ” ។ ទើប​បុរស​ម្នាក់​នោះ​ក្រាប​បង្គំ​ទូល​សម្ដែង​ឆោត​ថា “ មាន​បុរស​ជា​ស្មន់​អន្ធករ​និង​ប្រពន្ធ​ខ្ញុំ​ព្រះបាទ​អម្ចាស់ ៗ ពុំ​ដឹង​ឡើយ ថ្ងៃ​មួយ​អា​ស្មន់​អន្ធករ​វា​ត្បាញ​ជាល​ជា​រូប​ស្រី​ម្នាក់​ស្លៀក​ដណ្ដប់​ឲ្យ ហើយ​បណ្ដើរ​មក​សុំ​ដេក​ក្រោម​ផ្ទះ​ខ្ញុំ​ព្រះបាទ​អម្ចាស់ ៗ ក៏​បើក​ឲ្យ​បុរស​នោះ​ដេក លុះ​ដល់​ពាក់​កណ្ដាល​អាធ្រាត្រ ប្រពន្ធ​ខ្ញុំ​ព្រះបាទ​អម្ចាស់​ធ្វើ​ជា​ឈឺ​ផ្ទៃ ដាស់​ឲ្យ​ខ្ញុំ​ព្រះបាទ​អម្ចាស់​ឲ្យ​អុជ​ចន្លុះ​ជូន​ទៅ​ដល់​ជើង​ជណ្ដើរ​ផ្ទះ ប្រពន្ធ​ខ្ញុំ​ព្រះបាទ​អម្ចាស់ ដើរ​ទៅ​ដល់​របង ត្រលប់​វិល​មក​ដេក​និង​ស្មន់​អន្ធករ​នៅ​ក្រោម​ផ្ទះ​វិញ, លុះ​យូរ​បន្តិច ទើប​ប្រពន្ធ​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​មក​កាន់​ខ្ញុំ​ព្រះបាទ​អម្ចាស់​វិញ លុះ​ខ្ញុំ​ព្រះបាទ​អម្ចាស់ គន់​មើល​ចំណាំ​រៀង ៗ ទៅ ទើប​ដឹង​ជាក់​ថា​ប្រពន្ធ​ទៅ​ដេក​និង​ស្មន់​អន្ធករ នៅ​ក្រោម​ផ្ទះ​នោះ​ហោង ដូច្នេះ​ឯង ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ថា​ខ្លួន​ឆោត​ក្រៃ​លែង​ឆោត ” ។ បុរស​ក្រាប​ទូល​រឿង​ឆោត​ថ្វាយ​ថា “ មាន​កាល​ថ្ងៃ ១ ខ្ញុំ​ព្រះបាទ​អម្ចាស់​និង​ប្រពន្ធ​ទៅ​ដក​សំណាប​ក្នុង​ស្រែ ស្មន់​អន្ធករ​របស់​ប្រពន្ធ​ខ្ញុំ​ព្រះបាទ​អម្ចាស់​វា​ឡើង​ទៅ​លើ​ដើម​ឈើ ហើយ​ស្រែក​មក​ថា “ ខ្ញុំ​ព្រះបាទ​អម្ចាស់​ទាំង ២ ខូច​នឹង​គ្នា ” ខ្ញុំ​ព្រះបាទ​អម្ចាស់​ថា​ទៅ​កាន់​វា​វិញ​ថា “ យើង​ពុំ​ខូច​នឹង​គ្នា​ឡើយ ” វា​ស្ដាប់​ពាក្យ​ខ្ញុំ​ព្រះបាទ​អម្ចាស់​ថា​ដូច្នោះ​ហើយ វា​រឹត​តែ​ស្រែក​អាក្រោស​មក​ជា​ពីរ​ដង​បី​ដង ទើប​ប្រពន្ធ​ខ្ញុំ​ព្រះបាទ​អម្ចាស់​ថា “ បើ​វា​នៅ​លើ​ដើម​ឈើ វា​ថា​យើង​នេះ​ខូច​នឹង​គ្នា ” ដូច្នេះ​ចូរ​អ្នក​ហៅ​វា​ចុះ​មក​នៅ​ខាង​អញ ហើយ​អ្នក​ឡើង​ទៅ​លើ​ដើម​ឈើ​ដែល​វា​ឡើង​នោះ រួច​អ្នក​មើល​មក​អញ​តើ​យល់​ដូច​ពាក្យ​វា​ថា ឬ​ដូចម្ដេច ? ” លុះ​ប្រពន្ធ​ខ្ញុំ​ព្រះបាទ​អម្ចាស់​ថា​ដូច្នោះ ទើប​ខ្ញុំ​ព្រះបាទ​អម្ចាស់​ហៅ​វា​ចុះ​មក​នៅ​ខាង​ប្រពន្ធ​ខ្ញុំ​បាទ​អម្ចាស់ ហើយ​ខ្ញុំ​ព្រះបាទ​អម្ចាស់​ឡើង​ទៅ​នៅ​លើ​ដើម​ឈើ​ដែល​វា​ឡើង​នោះ, លុះ​វា​ចុះ​មក​វិញ​វា​ខូច​នឹង​ប្រពន្ធ​ខ្ញុំ​ព្រះបាទ​អម្ចាស់ ៗ មើល​ទៅ​ឃើញ​វា​ខូច​នឹង​គ្នា ហើយ​ខ្ញុំ​ព្រះបាទ​អម្ចាស់​គិត​យល់​ថា​មែន​ដូច​ពាក្យ​វា​ថា ទើប​ខ្ញុំ​ព្រះបាទ​អម្ចាស់​ចុះ​អំពី​លើ​ដើម​ឈើ​នោះ​មក​កាន់​ប្រពន្ធ​វិញ លុះ​ចំណេរ​ទៅ ខ្ញុំ​ព្រះបាទ​អម្ចាស់​ចាំ​ឃ្លាំ​មើល​ចំណាំ​រៀង ៗ ត​ទៅ​ទៀត ទើប​យល់​ថា​វា​ខូច​នឹង​ប្រពន្ធ​ខ្ញុំ​ព្រះបាទ​អម្ចាស់​ពិត​មែន​ដូច្នេះ ខ្ញុំ​ព្រះបាទ​អម្ចាស់​យល់​ថា​ខ្លួន​ឆោត ក្រៃ​លែង​ឆោត ” ។ បុរស​ម្នាក់​ក្រាប​ទូល​រឿង​ឆោត​ថ្វាយ​ថា “ កាល​ខ្ញុំ​ព្រះបាទ​អម្ចាស់​នៅ​កំលោះ គេ​ហៅ​ខ្ញុំ​ព្រះបាទ​អម្ចាស់​ទៅ​ហូប​បាយ ខ្ញុំ​ព្រះបាទ​អម្ចាស់​ឃើញ​ស្រី​ក្រមុំ​ច្រើន​ពេក ខ្ញុំ​ព្រះបាទ​អម្ចាស់​ខ្មាស​គេ ពុំ​បាន​ហូប​បាយ តែ​ខ្ញុំ​ព្រះបាទ​អម្ចាស់​ឃ្លាន​បាយ​ណាស់ ខ្ញុំ​ព្រះបាទ​អម្ចាស់​យក​អំបុក​មក​អក​ពេញ​មាត់ តឹង​ថ្ពាល់​ទាំង​សង​ខាង អំបុក​នោះ​រីក​ចេញ​ឃើញ​ដូច​បូស នឹង​លេប​ចូល​ពុំ​រួច នឹង​ខ្ជាក់​ចេញ​ពុំ​បាន លុះ​គេ​តឿន​ឲ្យ​ហូប​បាយ ហូប​នឹង​គេ​ពុំ​បាន​ឡើយ គេ​ឃើញ​ខ្ញុំ​ព្រះបាទ​អម្ចាស់​ស្ងៀម​ដូច្នោះ ទើប​គេ​យក​ចន្លុះ​មក​ឆ្លុះ​មើល​ថ្ពាល់​ទាំង​សង​ខាង​ឃើញ​ដូច​បូស ខ្ញុំ​ព្រះបាទ​អម្ចាស់​រឹត​តែ​ខ្មាស​ស្រី​ក្រមុំ​ទាំង​នោះ​ណាស់​ទៅ​ទៀត ដូច្នេះ​ខ្ញុំ​ព្រះបាទ​អម្ចាស់​យល់​ថា​ខ្លួន​ឆោត​ក្រៃលែង​ឆោត” ។ បុរស​ម្នាក់​ទៀត សម្ដែង​ឆោត​ក្រាប​ទូល​ថា “មាន​កាល​ថ្ងៃ​មួយ ខ្ញុំ​ព្រះបាទ​អម្ចាស់ វេច​បាយ ១ សំណុំ​ចង​ពុន​នៅ​ផ្លែ​លំពែង ដើរ​ចេញ​ទៅ ចូល​ក្នុង​ព្រៃ ខ្ញុំ​ព្រះបាទ​អម្ចាស់​បញ្ឈរ​លំពែង​នៅ​ក្រោម​ឈើ ១ ដើម លុះ​ខ្ញុំ​ព្រះបាទ​អម្ចាស់​ឃ្លាន​បាយ ឈោង​យក​បាយ​សំណុំ​ពុំ​បាន​ឡើយ ខ្ញុំ​ព្រះបាទ​អម្ចាស់​ក៏​បញ្ឈរ​លំពែង ចុះ​ក្បែរ​ដើម​ឈើ ហើយ​ឡើង​ឈើ​នោះ​សួ​តាម​មែក​នឹង​យក​កញ្ចប់​បាយ​មក​ស្រាយ​ហូប ខ្ញុំ​ព្រះបាទ​អម្ចាស់​ភ្លាត់​ជើង​ធ្លាក់​ចុះ​លើ​ផ្លែ​លំពែង​មុត​ធ្លុះ​ថ្ពាល់​ទាំង​ពីរ​ខាង ពុំ​បាន​ស្រាយ​បាយ​ចេញ​មក​ហូប​ឡើយ ហេតុ​ដូច្នេះ ទើប​ខ្ញុំ​ព្រះបាទ​អម្ចាស់​នេះ យល់​ថា​ខ្លួន​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ឆោត​ក្រៃលែង​ឆោត ” ។ កាល​ព្រះមហាក្សត្រ​ទ្រង់​ព្រះ​សណ្ដាប់ បុរស​ទាំង ៤ នាក់ សម្ដែង​សេចក្ដី​ឆោត​របស់​អាត្មា​ទីទៃ ៗ ដូច្នេះ​ហើយ ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​ថា “ព្រះ​ស្ដែង​ឆោត​ទាំង ៣ នាក់ ឥត​បន្ទាល់​សាក្សី​អ្វី​ជា​ប្រាកដ​ឡើយ, ឯ​ព្រះ​ស្ដែង​ឆោត​ដែល​ត្រូវ​លំពែង​ធ្លុះ​ថ្ពាល់​នោះ ឃើញ​ថា​ជាក់​ប្រាកដ​គ្រាន់​បើ ” ហើយ​ទ្រង់​បង្គាប់​ឲ្យ​បាន​ស្ត្រី​នោះ​ជា​ប្រពន្ធ​បុរស​នោះ​ឯង ។ ព្រះ​មហាក្សត្រ​ព្រះ​អង្គ​កាត់​សេចក្ដី​ដូច្នេះ ហៅ​ថា សុគតិគមនំ​ហោង ៕ ចប់
កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត
(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print