លោករដ្ឋមន្រ្តីក្រសួងធនធានទឹក បន្តដឹកនាំក្រុមការងារបចេ្ចកទេសក្រសួងតាមដានស្ថានភាពទឹក និងបញ្ជាការងារអន្តរាគមន៍ជំនន់ស្ទឹងព្រែកត្នោត

ចែករំលែក៖

ខេត្តកណ្តាល៖ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម កំពុងបន្តដឹកនាំក្រុមការងារបចេ្ចកទេសក្រសួងតាមដានស្ថានភាពទឹក និងបញ្ជាការងារអន្តរាគមន៍ជំនន់ស្ទឹងព្រែកត្នោត នៅភូមិសាស្រ្តភាគខាងលិចរាជធានីភ្នំពេញ និងខេត្តកណ្តាល ។
សូមបញ្ជាក់ថា៖ នៅព្រឹកថ្ងៃពុធ ១២រោជ ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២០ នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម កំពុងបន្តដឹកនាំក្រុមការងារបច្ចេកទេសរបស់ក្រសួងចុះ​ ពិនិត្យ​និងបញ្ជាការងារអន្តរាគមន៍នៅលើទំនប់សណ្តរស្ទឹងព្រែកត្នោតដែលបានកំពុងជន់លិចដោយទឹកជំនន់ស្ទឹងព្រែកត្នោត ដើម្បីជួយសម្រួលធ្វើយ៉ាងណាបន្ថយការប៉ះពាល់ឲ្យបានជាអតិបរមាដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់ប្រឈម ។

ក្នុងដំណើរចុះអន្តរាគមន៍នេះ ក៏មានការចូលរួមពី លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមការងារ ដើម្បីសហការបច្ចេកទេសដោះស្រាយសម្រួលបន្តការធ្វើដំណើរ លើផ្លូវជាតិលេខ៣ , លេខ៤ និងផ្លូវលេខ​ ២០​ A ។

បន្ទាប់ពីភ្លៀងខ្លាំងកាលពីយប់មិញ ក្នុងបរិមាណ ១៩៦,៧០ មីលីម៉ែត្រ(ស្ថានីយសាក់សំពៅ)  បានធ្វើឲ្យទឹកស្ទឹងព្រែកត្នោតឡើងខ្ពស់ដល់កម្ពស់ទឹកនៅទ្វារទឹកខាងមុខមានកម្រិត ៦,៥២ម៉ែត្រ ហូលើទ្វារទឹកកម្ពស់ ១,៧២ម៉ែត្រ កម្ពស់ទ្វារទឹកក្រោយ ៩,២៥ម៉ែត្រ បណ្តាលឲ្យទឹកក្នុងស្ទឹងឡើងខ្ពស់ហូរលើខ្នងទំនប់បែកវាលទៅផ្នែកខាងក្រោមនៃសណ្តរចាស់ទំនប់ខាងត្បូង លើភូមិសាស្រ្តខេត្តកណ្តាល​ រួមមាន សង្កាត់ស្ពានថ្ម ទៀន រលួស គងនយ និងសង្កាត់ព្រែកកំពឹស  និងបណ្តាឃុំមួយចំនួនទៀតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានឃុំដើមឫស អន្លង់រមៀត បារគូ កណ្តោក និងឃុំជើងកើប ។

តាំងពីយប់មក ក្រុមការងារបច្ចេកទេសក្រសួងបានចែកជា 02ក្រុម ដោយមួយក្រុមបន្តអន្តរាគមន៍ទប់ទំនប់សណ្តរផ្នែកខាងត្បូងការពារទឹកហូរចោះបាក់ដាច់ទំនប់ចំមុខផ្ទះប្រជាជន និងមួយក្រុមទៀតបន្តអន្តរាគមន៍បិតរូងនាគ និងច្រកបាវខ្សាច់លើកម្ពស់ទំនប់ផ្នែកខាងជើងសណ្តរទំនប់ នៅសង្កាត់ព្រៃសរ សាក់សំពៅ ប្រទះឡាង និងទួលពង្រ ដើម្បីការពារទឹកជន់ហូរចូលរាជធានីភ្នំពេញ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print